ព័ត៍មានទាន់​ហេតុការណ៏
Search

ឆបោក​យក​ខ្សែ.ក​លោកតា​អាយុ​៧៤​ឆ្នាំ ​ជិត​មួយ​ខែ​ក្រោយ ​ទើប​កូនស្រី​ចេញមុខ​ធានា​សង​

ភ្នំពេញ ៖ ស្ត្រី​ចំណាស់​ម្នាក់​ ខណៈ​ដែល​ឃើញ​លោកតា​វ័យ​៧៤​ឆ្នាំ ​នៅផ្ទះ​ម្នាក់ឯង​ មានឱកាស​ក៏​ប្រើ​ល្បិច​លួងលោម​ឆបោក​យក​ខ្សែក​លោកតា ហើយ​បាន​ប្ដូរ​ដាក់​ខ្សែក​កាឡៃ​ជំនួស​វិញ។ ប៉ុន្តែ​បន្ទាប់ពី​កូនចៅ​របស់​លោកតា​ត្រឡប់​មកពី​ស្រុកកំណើត​វិញ​ ទើប​ដឹង ហើយ​ក្រោយពី​ស្រាវជ្រាវ​ដឹង​មុខ​អ្នក​ឆបោក ​ទើប​កូនស្រី​ជន​ឆបោក​នោះ​ចេញមុខ​សង​ជំនួស​ម្ដាយ​ខ្លួន​ដើម្បី​ឲ្យ​រួច​ផុត​ពី​សំណាញ់​ច្បាប់។

ករណី​នេះ​បាន​កើត​ឡើង​តាំង​ពី​ថ្ងៃទី​១៧​ ខែធ្នូ​ ឆ្នាំ​២០១៦​មក​ម្ល៉េះ នៅផ្ទះ​ជល​ភូមិ​ជំពូវ័ន្ត​ សង្កាត់​ចោមចៅ ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ប៉ុន្តែ​រហូតមកដល់​ព្រលប់​ថ្ងៃទី​៩​ ខែមករា ​ឆ្នាំ​២០១៧​នេះ​ ទើប​ភាគី​កូនស្រី​ជន​ឆបោក​ចេញមុខ​ធានា​សង​វិញ​ ដោយ​បាន​ធ្វើ​កិច្ចសន្យា​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សង្កាត់​ចោមចៅ​ និងមានការ​ដឹងឮ​ពី​សមត្ថកិច្ច​ត្រឹមត្រូវផងដែរ។

ស្ដ្រី​ជា​ជនសង្ស័យ​ក្នុង​ករណី​លួច​បន្លំ​យក​ខ្សែក​នោះ​មានឈ្មោះ នៃ សុខុម អាយុ​៤៦​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ ស្នាក់នៅ​ផ្ទះ​ជួល ភូមិ​ជំពូវ័ន្ត សង្កាត់​ចោមចៅ មាន​ស្រុកកំណើត​ភូមិ​ប៉ាយ៉ាប ឃុំ​បាសាក់ ស្រុក​ស្វាយជ្រុំ ខេត្ត​ស្វាយរៀង។ ចំ​ណែ​លោកតា​រងគ្រោះ​មានឈ្មោះ គង់ សាត អាយុ​៧៤​ឆ្នាំ ចាស់ជរា មាន​ជំងឺ​លើសឈាម​ប្រចាំ​កាយ និង​ត្រចៀក​ថ្លង់​ផង ស្នាក់នៅ​ជាមួយ​កូនស្រី ផ្ទះ​ជួល​ភូមិ​ជម្ពូ​វ័ន្ត សង្កាត់​ចោមចៅ ជាប់​បន្ទប់​ស្ត្រី​សង្ស័យ មាន​ស្រុកកំណើត ភូមិ​ចែង​ម៉ែង ឃុំ​អង្គ​តា​សូរ ស្រុក​ស្វាយជ្រុំ ខេត្ត​ស្វាយរៀង។ ខ្សែក​ ដែល​ស្ត្រី​ឆបោក​យក​ទៅ​បាត់ នោះ ​ប្រភេទ​ខ្សែ​ច្រវាក់​ឆាប ទម្ងន់​២​ជី​មាស ។ ដោយឡែក កូនស្រី​របស់​ជន​ឆបោក​ដែល​ចេញមុខ​មក​ធានា​នោះ​ មានឈ្មោះ អិន រស្មី អាយុ​២៣​ឆ្នាំ មុខរបរ​កម្មករ​រោង​ចក្រ ស្នាក់នៅ​ផ្ទះ​ជួល ភូមិ​ជំពូវ័ន្ត​ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ។

បើ​តាម​កូនស្រី​របស់​លោក​តា​រង​គ្រោះ​បាន​ឲ្យ​សមត្ថកិច្ច​ដឹង​ថា​ កាលពី​ថ្ងៃ​កើតហេតុ​ពួកគាត់​ជា​កូនៗ​មិនបាន​នៅផ្ទះ​នោះ​ទេ​ ពោល​គឺ​រវល់​ទៅ​ស្រុក​ប្រមូល​ផល​ស្រូវ​ នៅ​ពេល​ត្រឡប់មកវិញ​បែរជា​ឃើញ​ឪពុក​របស់​ខ្លួន​ពាក់​ខ្សែក​ដូច​ប្លែក​មិន​ដូច​ខ្សែក​ដែល​កូន​បាន​ទិញ​ឲ្យ​នោះ​ទេ ​ដោយមាន​ការសង្ស័យ​ពួកគាត់​បាន​នាំគ្នា​លួងលោម​សួរនាំ​នៅ​ទីបំផុត​ទើប​ដឹង​ថា​ មាន​គេ​មក​លួច​បន្លំ​ដូរ ហើយ​គាត់​បាន​ទាំង​ប្រាប់​ឈ្មោះ​ចំៗ​ទៀត​ផង។​ បន្ទាប់មក​ពួកគាត់​បាន​មក​ពិគ្រោះ​ជាមួយ​សមត្ថកិច្ច​និង​ដាក់ពាក្យ​បណ្ដឹង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សង្កាត់​ចោមចៅ។

ប្រភព​បន្ដ​ថា ចាប់​តាំងពី​ថ្ងៃ​កើតហេតុ រហូតមកដល់​ពេលនេះ​អស់​រយៈពេល​២៤​ថ្ងៃ​កន្លង​មក​ហើយ ជនសង្ស័យ​នៅតែ​បន្ត​គេចខ្លួន ចំណែក​លោកតា​ក៏​បាន​ធ្លាក់ខ្លួន​ឈឺ ចូល​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​រុស្ស៊ី​ ផង​ដែរ ប៉ុន្តែ​នៅ​ល្ងាច​ថ្ងៃទី​៩​ ខែមករា​នេះ​ ស្រាប់តែ​លេច​មុខ​នារី​វ័យ​២៤​ឆ្នាំ​មក​ចេញមុខ​អះអាង​ធានា​សង​ជំនួស​ជន​ឆបោក​នោះ​ទៅវិញ​ ដោយ​ធានា​សង​វិញ​គ្រប់​ចំនួន​តម្លៃ​ខ្សែក​ដែល​បាត់​ទៅ​នោះ ​ដោយ​បាន​ធ្វើ​កិច្ចសន្យា​ធានា ​ត្រឹមត្រូវ​មានការ​ទទួល​ស្គាល់​ដឹងឮ ​នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ទៀត​ផង​។ នៅ​ពេលនេះ​នារី ​ដែល​ជា​កូន​របស់​ជនសង្ស័យ​បាន​សង​ចំនួន​១០០​ដុល្លារ​សិន​ហើយ​នៅសល់​២០០​ដុល្លារ​ទៀត​ធ្វើ​កិច្ចសន្យា​សង​នៅ​ពេល​ក្រោយ​និង​បាន​ធ្វើ​កិច្ចសន្យា​នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ធ្វើ​កិច្ច​ត្រឹមត្រូវ ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684