ព័ត៍មានទាន់​ហេតុការណ៏
Search

ពង្រឹង​ការជួសជុល​ថែទាំ​ផ្លូវថ្នល់ ផ្លូវដែក ផ្លូវទឹក ដើម្បី​កាត​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​

ភ្នំពេញ​ ៖​ កាលពីពេល​ថ្មីៗ​កន្លងទៅនេះ​នៅ​ទីស្ដីការក្រសួង សាធារណការ និង​ដឹកជញ្ជូន ទេស​រដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​គូសបញ្ជាក់​អំពី​សមិទ្ធផល​សម្រេចបាន​នាពេល​ថ្មីៗ​កន្លងទៅនេះ ចាប់​តាំងពី​ការចូល​កាន់​តំណែង ដែល​នោះ​រួមមាន ការកាត់បន្ថយ​ថ្លៃឈ្នួល​ដឹកជញ្ជូន ​ការ​ដាក់​ឲ្យ​ដំណើរ​ការ​មណ្ឌល​ប្តូរ និង​ពន្យារ ប័ណ្ណ​បើកបរ​នៅ​ផ្សារ​ទំនើប​អ៊ី​អន​ម៉​ល ការរៀបចំ​បង្កើត​ប្រព័ន្ធ​ស្វ័យ​ប្រវត្តិ​កម្ម ក្នុង​ការផ្តល់​សេវា​សាធារណៈ ប្រព័ន្ធ​ចេញ​ស្លាក​លេខ​សម្គាល់​យានយន្ត​ថ្មី ការពង្រីក​ ការ​ផ្តល់​សេវា ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត ការ​ផ្សព្វផ្សាយ​ពី​បច្ចេកទេស នៃ​ការ​ជួសជុល​កែច្នៃ​យានយន្ត យុទ្ធនាការ​ចុះ​បង្ក្រាប​រថយន្ត ដឹកជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់ ការ​ផ្តល់​ជូន​ឧបករណ៍ ឈរ​បញ្ជា​ចរាចរណ៍ សម្រាប់​ប៉ូលិស​នគរបាល​ចរាចរណ៍ ប្រើប្រាស់​នៅ​តាម​ផ្លូវ​ចំណុចប្រសព្វ ការ​ផ្ទេរ​កម្មសិទ្ធិ​យានយន្ត និង​គំនិត​ផ្ដួចផ្ដើម​ថ្នាក់​ជាតិ ផ្តោត​លើ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​។​

​ទាក់ទង​នឹង​សមិទ្ធផល​សម្រេច​បាន​ក្នុង​វិស័យ​ផ្លូវដែក​វិញ ទេសរដ្ឋមន្ត្រី​បាន​លើកឡើងថា ក្រសួង​បាន​ជ្រើសរើស ក្រុមហ៊ុន​ម៉ៅការ​ជួសជុល​ឈ្មោះ Italian-Thai Development ឲ្យ​ជួសជុល​ពង្រឹង​ទៅ​លើ​ការខូចខាត នៃ​ខ្សែ​ផ្លូវដែក​ទិស​ខាងត្បូង និង​បាន​បើក​ការដ្ឋាន​ស្តារ​ផ្លូវដែក ឡើងវិញ​ពី​បាត់ដំបង​មកដល់​ព្រំដែន​កម្ពុជា ថៃ មាន​ប្រវែង​សរុប​១១២​គីឡូម៉ែត្រ និង​បាន​ចុះ​ត្រួតពិនិត្យ​ការដ្ឋាន​សាងសង់​ផ្លូវដែក​នៅ​ប៉ោយប៉ែត និង​បាន​ត​ភ្ជាប់​ផ្លូវដែក​កម្ពុជា​ទៅ​នឹង​ផ្លូវដែក​ថៃ​។​

​នាពេល​នោះដែរ ទេសរដ្ឋមន្ត្រី​បាន​លើកឡើង​នូវ​ផែនការ ឆ្នាំ​២០១៧ ទាក់ទង​នឹង​ការរៀបចំ​នីតិវិធី នៃ​ការគ្រប់គ្រង ថែទាំ ​និង​ជួសជុល​ផ្លូវថ្នល់ ដើម្បី​ធ្វើ​ឲ្យ​គុណភាព​កាន់តែ​មាន​ប្រសិទ្ធភាព និង​ផែន​ការ​ត.ភ្ជាប់​ផ្លូវដែក ចូល​តំបន់​សេដ្ឋកិច្ច​ពិសេស និង​ផ្លូវដែក​ភ្ជាប់​ទៅកាន់​ប្រលានយន្តហោះ​។

ជាមួយគ្នានេះ ​ទេសរដ្ឋមន្ត្រី ក៏បាន​ផ្ដាំផ្ញើ និង​សំណូមពរ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ ក៏ដូចជា អ្នក​បើកបរ​យានយន្ត​គ្រប់​ប្រភេទ សូម​គោរព​ច្បាប់​ចរាចរណ៍ បើកបរ​ដោយ​ប្រុងប្រយ័ត្ន ម្ចាស់​យានដ្ឋាន​មិន​ត្រូវ​កែច្នៃ​យានយន្ត​ខុស​លក្ខណៈ​បច្ចេកទេស បង្ក​ឲ្យកើតមាន​គ្រោះថ្នាក់​ចរាចរណ៍។

ម្ចាស់​អាជីវកម្ម​នៃ​យានយន្ត ដឹកទំនិញ និង​អ្នកបើកបរ​យានយន្ត ដឹក​កម្មករ មិន​ត្រូវ​សេព​គ្រឿង​ស្រវឹង ឬគ្រឿងញៀន និង​មិនត្រូវ​ផ្ទុកលើស​ទម្ងន់​កម្រិត​កំណត់ ដែល​ជា​ហេតុនាំឲ្យ​បំផ្លាញ​ផ្លូវថ្នល់ និង​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​៕




ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114