ព័ត៍មានទាន់​ហេតុការណ៏
Search

លេច​ឮថា FFC គ្រោង​រៀបចំ​ការ​ប្រកួត​លី​គ​ទី​២ ​រដូវ​កាល​២០១៧ ចាប់ផ្តើម​ពី​ខែមីនា​តទៅ​

​ពានរង្វាន់​បាល់ទាត់​លី​គ​លំដាប់​ទី​២ ​ប្រចាំ​ប្រទេស​កម្ពុជា (Cambodian 2nd League) ដែល​រៀបចំឡើង​ដោយ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា (FFC) គ្រោង​នឹងដាក់ឲ្យ​ដំណើរការ​ចាប់ពី​ខែមីនា ខាងមុខ​តទៅ​ ហើយ​សម្រាប់​រដូវ​កាល​ឆ្នាំ​២០១៧ នេះ ​​ជា​ពានង្វាន់​កម្រិត​ទី​២ បន្ទាប់ពី​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា (MCL)​។​

​យោងតាម​សេចក្ដីជូនដំណឹង​របស់​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា ទៅកាន់​ក្លិប​ពាក់ព័ន្ធ​បាន​សរសេរ​ថា «​ជម្រាបជូន លោកអ្នក​ដឹកនាំ​ការប្រកួត​ខេ​ម​បូ​ឌា​ន​លី​គ​២ លើក​ទី​២ ឆ្នាំ​២០១៧ គ្រោង​ចាប់ផ្តើម​ថ្ងៃ​ទី​១៩ ខែ​មីនា ​ឆ្នាំ​២០១៧​។ ដើម្បី​រៀបចំ​កម្មវិធី​ប្រកួត​និង​គម្រោង​ការងារ​នានា​ត្រូវ​រៀបចំ​ការប្រកួត​ជ្រើស​ក្រុម​បំពេញបន្ថែម​។ អាស្រ័យ​ដូច​បាន​ជម្រាប​ជួន សូម​លោក​មេត្តា​បំពេញ​ឯកសារ​ដែល​បាន​ផ្ញើ​ជូន​មក​គណៈកម្មការ (​តាម​អ៊ីមែល​chhaingpisedth@the-ffc.com) ឲ្យ​បាន​មុន​ថ្ងៃទី​២៥ ខែមករា ឆ្នាំ​២០១៧»​។

​សូម​រំលឹកថា​ពានរង្វាន់​លី​គ​លំដាប់​ទី​២ នេះ​ត្រូវបាន​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា បង្កើតឡើង​ដំបូង​នៅ​ឆ្នាំ​២១០៦ ដោយមាន​ក្រុម​ចូលរួម​ចំនួន​៩​។ កាលនោះ​ការប្រកួត​មាន​លក្ខណៈ​បែប ក្នុង​និង​ក្រៅ​ទឹកដី​ដែរ (Home/Aways) ដោយ​ចាប់ផ្ដើម​ពីថ្ងៃ​ទី​២៥ ខែកញ្ញា ដល់​ថ្ងៃទី​២៥ ខែធ្នូ ឆ្នាំ​២០១៦​។

ក្រុម​ទាំងអស់​ត្រូវ​អនុញ្ញាត​ឲ្យ​ប្រើ​ប្រាស់​កីឡាករ​យុវជន​ក្រោម​អាយុ​២១​ឆ្នាំ​ប្រមាណ​ជា ៥០% តែ​មិន​អនុញ្ញាត​ឲ្យ​ប្រើ​ប្រាស់​កីឡាករ​បរទេស​នោះទេ​។

ការប្រកួត​តម្រូវឲ្យ​ប៉ះគ្នា​តែ​១​ជុំ ហើយ​ក្រុម​មាន​ពិន្ទុ​ច្រើន​ឈ្នះ​ជើងឯក ខណៈ​ការប្រកួត​ធ្វើ​តែ​ថ្ងៃ​អាទិត្យ​ប៉ុណ្ណោះ​។ សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា បានកំណត់​ច្បាស់លាស់​ហើយ​ថា​ក្រុម​លេខ​១ និង​លេខ​២ នៅក្នុង​ក្រុម​លី​គ​លំដាប់​ទី​២​នេះ នឹង​ឡើងទៅ​ជំនួស​ក្រុម​ចំនួន​២ ដែល​នៅ​បាត់​តារាង​ក្នុង​ពាន​រង្វាន់​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​ក ​ឆ្នាំ​២០១៦ សម្រាប់​រដូវ​កាល​ឆ្នាំ​២០១៧​។​

​ក្រុម​ជា​សមាជិក​នៅ​ឆ្នាំ​ដំបូង​នោះ​មាន​ក្លិប​គីរីវង់​សុខ​សែន​ជ័យ និង​ក្លិប​អគ្គិសនី​កម្ពុជា (​ឡើងមក​លី​គ​កំពូល​កម្ពុជា​រដូវ​កាល ២០១៧), ក្លិប​សាលា​បាល់ទាត់​ជាតិ​បាទី​, ក្លិប​សៀមរាប​អង្គរ​, ក្លិប​បាល់ទាត់​ខេត្ត​ស្វាយរៀង​, ក្លិប​កំពង់ផែ​ស្វយ័ត​ខេត្ត​ព្រះសីហនុ​, ខេត្តកំពង់ឆ្នាំង​, មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​កីឡា​កងយោធពលខេមរភូមិន្ទ និង​ខេត្តកំពង់ស្ពឺ​។​

​សរុប​ចំណាត់ថ្នាក់​ប្រចាំ​លី​គ​លំដាប់​ទី​២ ប្រចាំឆ្នាំ​២០១៦ នេះ​ ជើងឯក បាន​ទៅ​ក្រុម​គីរីវង់​សុខ​សែន​ជ័យ ទទួលបាន​មេដាយមាស​ម្នាក់​១​គ្រឿង ពានរង្វាន់​ម្នាក់​១ និង​ទទួលបាន​ទឹកប្រាក់២០​លាន​រៀល​។

ចំណែក​ចំណាត់ថ្នាក់​លេខ​២ បាន​ទៅ​ក្រុម​អគ្គិសនី​កម្ពុជា ទទួលបាន​មេដាយប្រាក់​ម្នាក់​១​គ្រឿង និង​ទទួលបាន​ទឹកប្រាក់១៥លាន​រៀល ហើយ​ក្រុម​ចំណាត់ថ្នាក់​លេខ​៣ បាន​លើ​សាលា​បាល់ទាត់​បាទី ១​អមដោយ​មេដាយ​សំរឹទ្ធិ ម្នាក់​១​គ្រឿង ​និង​ទឹកប្រាក់១០លាន​រៀល ​និង​ក្រុម​ចំណាត់ថ្នាក់​លេខ​៤ បាន​លើ​សៀមរាប​អង្គរ​អែ​ហ្វ​ស៊ី ទទួលបាន៥លាន​រៀល​។

កីឡាករ​ល្អ សៀង ច​ន្ធា មកពី​សាលា​បាល់ទាត់​បាទី ទទួលបាន៥០​ម៉ឺន​រៀល ​និង​ពានរង្វាន់​១ កីឡា​ករ​ទាត់​បញ្ចូល​ទី​ច្រើនជាងគេ បាន​លើ សុខ ច័ន្ទ​រស្មី (៨​គ្រាប់​) របស់​ក្រុម​អគ្គិសនី​កម្ពុជា ទទួល​បាន ៥០ ម៉ឺន​រៀល អ្នកចាំទី​ល្អ បាន​លើ ស្រ៊ុន សេង​លី របស់​គីរីវង់​សុខ​សែន​ជ័យ ទទួលបាន៥០ម៉ឺន​រៀល គ្រូបង្វឹក​ល្អ ផាន់ ចាន់​ផាត នៃ​ក្រុម​គីរីវង់​សុខ​សែន​ជ័យ ទទួលបាន៥០ម៉ឺន​រៀល​ក្រុម​លេង Fair Play (​សុក្រឹត​ភាព​) ទទួលបាន ២ លាន​រៀល​ក្រុម​អាជ្ញាកណ្ដាល​ល្អ លោក លឹម ប៊ុនធឿន , ចេង ចាន់​តារា​, ផល សុវណ្ណារ៉ា និង រិ​ទ្ធ វី​ណូ​តា ទទួលបាន ១ លាន​រៀល​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114