ព័ត៍មានទាន់​ហេតុការណ៏
Search

ក្រុម​ភ្នំពេញ​ក្រោ​ន តែងតាំង​ជនជាតិ​ជប៉ុន​ធ្វើជា​អ្នកចាត់ការ​ទូទៅ​របស់​ក្លិប និង​ចុះកិច្ចសន្យា​បន្ថែម​កីឡាករ​បរទេស​៣​នាក់​ផ្សេងទៀត​

ក្រុមបាល់ទាត់​ភ្នំពេញ​ក្រោ​ន សមាជិក​ក្នុង​ពានរង្វាន់​លី​គ​បាល់ទាត់​កម្ពុជា កាលពីពេល​ថ្មីៗ ​បាន​ប្រកាស​តែងតាំង​លោក Noriaki Ikeda ដែលជា​ជនជាតិ​ជប៉ុន​អតីត​អ្នកចាត់ការ​ទូទៅ​របស់​ក្លិប​បាល់​ទាត់ Albirex Niigata Phnom Penh (​រដូវ​កាល​២០១៤) ធ្វើជា​អ្នក​ចាត់​ទៅ​របស់​ក្លិប ខណៈ​ដំណាលគ្នា​នោះ​ដែរ​ក្លិប​ប្រកាស​បង្ហាញ​សមាជិក​ថ្មី​ជា​ជនជាតិ​បរទេស​ចំនួន​៣​រូប​ផងដែរ​។

​យោងតាម​សេចក្ដីថ្លែងការណ៍​របស់​ក្លិប​ភ្នំពេញ​ក្រោ​ន លោក ​Noriaki មាន​ស្រុកកំណើត​នៅក្នុង​ទីក្រុង​តូ​ក្យូ ហើយ​លោក​ត្រូវបាន​គេ​ស្គាល់​ច្រើន​ផងដែរ​នៅក្នុង​ប្រទេស​កម្ពុជា​ដោយ​ធ្លាប់ជា​អ្នក​ចាត់ការ​ទូទៅ​របស់​ក្លិប​បាល់ទាត់ Albirex Niigata Phnom Penh​បាន​មួយ​រដូវ​កាល​ក្នុង​ក្របខណ្ឌ​លី​គ​កំពូល​កម្ពុជា ក្នុង​ឆ្នាំ​២០១៤​។​

ដំបូង​ឡើយ​ លោក​ធ្វើការ​នៅក្នុង​ឧស្សាហកម្ម​ព័ត៌មានវិទ្យា​នៅ​សហរដ្ឋ​អា​មេ​រិក និង​ប្រទេស​ជប៉ុន ហើយ​នៅ​ចុងឆ្នាំ​២០១៣ ​លោក​បានធ្វើ​ដំណើរ​មក​កម្ពុជា ដើម្បី​បង្កើត​ក្លិប​បាល់ទាត់ Albirex Niigata ដែលជា​ក្លិប​បាល់ទាត់​ដែលមាន​នៅក្នុង​ប្រទេស​សិ​ង្ហ​បុរី​ និង​ជប៉ុន​ផងដែរ​។ តែ​ក្លិប​បាល់ទាត់​នេះ ​ក៏​ត្រូវ​បាន​រំសាយ​វិញ​ បើទោះជា​បាន​យកឈ្នះ​ការប្រកួត​វគ្គ play-off ដើម្បី​រួចផុត​ពី​ការ​កាត់​ចេញពី​លី​គ​លំដាប់​កំពូល​របស់​កម្ពុជា​ក៏ដោយ​។​

​លោក Noriaki បាន​បន្ត​គម្រោង​ថ្នាល​យុវជន​បាល់ទាត់ ​និង​បាន​ត្រឡប់​ទៅ​ប្រទេស​សិង្ហ​បុរី​វិញ​ ដើម្បី​ធ្វើការ​ជាមួយ​ក្រុម Albirex Niigata ហើយ​លោក​បាន​ធ្វើការ​ជា​អ្នកគ្រប់គ្រង​ផ្នែក​ទីផ្សារ​ឲ្យ​សមាគម​បាល់ទាត់​សិង្ហ​បុរី​ផងដែរ​។

ក្រោយ​ទទួល​តំណែង​ថ្មី​នៅ​ក្លិប​ភ្នំពេញ​ក្រោ​ន បុរស​ជនជាតិ​ជប៉ុន​រូបនេះ​បាន​លើកឡើងថា​ «​ខ្ញុំ​ពិតជា​សប្បាយចិត្ត​ខ្លាំងណាស់​ដែល​បាន​ក្លាយជា​អ្នកចាត់ការ​ទូទៅ​របស់​ក្លិប​បាល់ទាត់​ភ្នំពេញ​ក្រោ​ន ដែល​ជា​ក្លិប​បាល់ទាត់​ដែល​កំពុងតែ​ឈានមុខ​គេ​នៅក្នុង​ប្រទេស​កម្ពុជា ហើយ​ខ្ញុំ​ពិតជា​ទន្ទឹង​រង់ចាំ​ជួយ​អភិវឌ្ឍន៍​ឈុត​ធំ​របស់​ក្លិប​ និង​រាល់​សកម្មភាព​ថ្នាល​យុវជន​របស់​ក្លិប​ផងដែរ​។

ខ្ញុំ​ជឿជាក់ថា​ មានរឿង​ជាច្រើន​ដែល​ខ្ញុំ​អាចធ្វើ​បាន ​ហើយ​ខ្ញុំ​ក៏​ចង់​ចូលរួមចំណែក​ក្នុង​ការ​អភិវឌ្ឍន៍​បាល់​ទាត់​នៅក្នុង​ប្រទេស​កម្ពុជា​ផងដែរ​»​។​

​ម្យ៉ាងទៀត​ ក្លិប​ដែល​ជើងឯក​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា​៦​សម័យកាល​នេះ​បានប្រកាស​ដល់​អ្នក​គាំទ្រ​ថា ក្លិប​បាន​ចុះកិច្ចសន្យា​ជាមួយ​កីឡាករ​បរទេស​៣​នាក់​រួចរាល់​ហើយ ​ក្នុងចំណោម​កីឡាករ​៦​នាក់​ដែល​កំពុង​ធ្វើតេស្ត​។

កីឡាករ​ទាំង​៣​នាក់​នោះ​មានដូចជា ​Futa Nakamura, Vladimir Ordynskyi និង Chiharu Kosuge​។ កីឡាករ​សញ្ជាតិ​ជប៉ុន Futa Nakamura មាន​វ័យ​២៥​ឆ្នាំ លេង​តួនាទី​ជា​ខ្សែប្រយុទ្ធ​។

កីឡាករ​នេះ​ធ្លាប់​ប្រកប​អាជីព​នៅ​ប្រទេស​អូស្ត្រាលី​ចំនួន៣ឆ្នាំមុន​ផ្លាស់​មក​ចូលរួម​ជាមួយ​ភ្នំពេញ​ក្រោ​ន​។ រូបគេ​បាន​ទាត់​បាល់​បញ្ចូល​ទី​បាន​១៣​គ្រាប់ ក្នុងការ​បង្ហាញខ្លួន១៩​លើក នៅ​រដូវ​កាល​ដំបូង​របស់ខ្លួន កាល​នៅ​អូស្ត្រាលី​។

កីឡា​ករ​ទី​២ មាន​សញ្ជាតិ​អ៊ុយ​ក្រែ​ន គឺ Vladimir Ordynskyi មាន​វ័យ​៣១​ឆ្នាំ តួនាទី​ខ្សែប្រយុទ្ធ​។ កីឡា​ករ​រូបនេះ​មិន​ធ្លាប់​ប្រកប​អាជីព​នៅ​តំបន់​អាស៊ី​ឡើយ​។ ក្លិប​ចុងក្រោយ​របស់គេ​ គឺ​រួមរស់​ជាមួយ​ក្លិប FK Decic ក្នុងប្រទេស​ម៉ុង​តេ​ណេ​ហ្គ្រោ​។ ចំណែក​កីឡា​ករទី​៣ Chiharu Kosuge ជា​ជនជាតិ​ជប៉ុន មាន​វ័យ២៧​ឆ្នាំ តួនាទី​ជា​ខ្សែការពារ​កណ្ដាល​។ កីឡាករ​រូបនេះ​ក៏​ធ្លាប់​លេង​ប្រកប​អាជីព​នៅ​ប្រទេស​អូស្ត្រាលី​ដូច​កីឡាករ Futa Nakamura ផងដែរ​។​

​យោងតាម​គោលការណ៍​របស់​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា ស្របតាម​សហព័ន្ធ​កីឡាបាល់ទាត់​អាស៊ី គឺ​ក្លិប​ជា​សមាជិក​លី​គ​របស់ខ្លួន​អាច​ចុះបញ្ជី​កីឡាករ​បរទេស​បាន​៥​នាក់ ប៉ុន្តែ​ក្នុង​នោះ​ត្រូវ​មាន​កីឡាករ​អាស៊ី​១​រូប (​រូបមន្ត ៤+១)​។ យ៉ាងណាក្តី​ភ្នំពេញ​ក្រោ​ន មាន​កីឡាករ​បរទេស​ចាស់​ចំនួន​២​រូប​ហើយ​មាន​កីឡាករ​ជនជាតិ​អាហ្វ្រិក​ខាងត្បូង Shane Booysen និង​កីឡាករ​បារាំង Anthony Aymard រួច​រាល់​ហើយ​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114