ព័ត៍មានទាន់​ហេតុការណ៏
Search

អាជ្ញាធរ​ជាតិ​អប្សរា​ បន្ត​ដាំ​កូនឈើ​បន្ថែមទៀត​នៅតាម​ជើងទេរ​ទំនប់​បារាយណ៍​ជ័យ​ត​ដាក 

សៀមរាប ៖ ព្រៃឈើ ​មិន​ត្រឹមតែ​ផ្តល់​ផលប្រយោជន៍​ចំពោះ​មនុស្ស​ និង​សត្វ​ប៉ុណ្ណោះ​ទេ តែ​ព្រៃ​ឈើ​ក៏​រឹតរឹត​តែមាន​ប្រយោជន៍​ចំពោះ​បេតិកភណ្ឌ​ថែមទៀត ព្រោះ​ព្រៃឈើ​អាច​ធ្វើជា​របាំង​ខ្យល់​ទប់ស្កាត់​ការ​សឹករេចរឹល ​និង​ស្រូប​ទឹក​ក្រោម​ដី​ ដើម្បី​ផ្តល់​សំណើម​ដល់​ប្រាង្គ​ប្រាសាទ។​

ជាក់ស្តែង​នៅ​ព្រឹក​ថ្ងៃទី​១០ ខែ​មករា ឆ្នាំ​២០១៧​នេះ កូនឈើ​ចម្រុះ​ចំនួន​១៨០០​ដើម ត្រូវ​បាន​អាជ្ញាធរ​ជាតិ​អប្សរា​ដាំ​នៅតាម​ជើង​ទំនប់​បារាយណ៍​ជ័យ​តដាក​ខាងជើង តាម​ដង​ផ្លូវ​ទៅ​ប្រាសាទ​នាគព័ន្ធ ដែល​ជា​ទីតាំង​ត្រូវ​ការពារ​ទាំង​បេតិកភណ្ឌ​ និង​ទេសភាព​ធម្មជាតិ ​នៃ​តំបន់​ទាំងមូល​។​

លោក វ៉ាត ប៊ុន​ថា បុគ្គលិក​បច្ចេកទេស​នាយកដ្ឋាន​គ្រប់គ្រង​ទឹក ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​បាន​បញ្ជាក់​ថា ​កូនឈើ​ដែល​ក្រុមការងារ​យកទៅ​ដាំ​តាម​ជើងទេរ​ទំនប់​បារាយណ៍​មាន​៣​ប្រភេទ​រួមមាន កូន​រំដួល​៦០០​ដើម កូន​ក្របៅ​៦០០​ដើម ​និង​កូន​រាំង​៦០០​ដើម​ ដើម្បី​ការពារ​ជើងទេរ​របស់​ទំនប់​ពី​ការ​ហូរ​ច្រោះ​ដី​នៅ​ពេល​មាន​ភ្លៀង​ធ្លាក់​។​

លោក​បញ្ជាក់ទៀតថា ការដាំ​កូនឈើ​តាម​ជើងទេរ​ទំនប់​បារាយណ៍​នេះ វា​មិន​ត្រឹមតែ​ជួយ​ការពារ​ជើងទេរ​ទំនប់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​នៅ​ផ្តល់​សោភណភាព​ដល់​បារាយណ៍ ជួយ​កាត់បន្ថយ​លំហួត​ទឹក ព្រម​ទាំង​ផ្តល់​ម្លប់​ដ៏​ត្រជាក់ត្រជំ​ដល់​ភ្ញៀវ​ទេសចរ​នៅពេល​ធ្វើដំណើរ​ទស្សនា​កម្សាន្ត​ក្នុង​តំបន់​ឧទ្យាន​អង្គរ​ទៀតផង​។​

គួរ​រំឭក​ថា ក្នុង​ឆ្នាំ​២០១៦​កន្លងទៅ អាជ្ញាធរ​ជាតិ​អប្សរា ​ក៏​ធ្លាប់​ដាំ​កូនឈើ​តាម​ជើងទេរ​ទំនប់​បារាយ​ណ៍​ជ័យ​ត​ដាក​នេះ​ចំនួន​១៥០០​ដើម​ដែរ ក្នុងន័យ​រួមចំណែក​អភិរក្ស​ និង​លើក​តម្លៃ​ទេសភាព​វប្បធម៌​ធម្មជាតិ ​នៃ​តំបន់​ឧទ្យាន​អង្គរ​ឲ្យ​ភាពស្រស់ស្អាត​ជាប្រចាំ​ ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ឲ្យ​មក​ទស្សនា​កាន់តែ​ច្រើន​ឡើង​ថែមទៀត​៕




ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114