ព័ត៍មានទាន់​ហេតុការណ៏
Search

ឈ្មួញ​លួច​ខួង​ទម្លុះ​ផ្លូវជាតិ​លេខ​១១ ដាក់​ទុយយោ​បូម​ខ្សាច់ ​មន្ត្រី​ជំនាញ​ឆ្លើយ​ថា​អត់​ដឹង​

ព្រៃវែង ៖ ផ្លូវជាតិ​លេខ​១១ ​គឺជា​ផ្លូវ​១​ខ្សែ​ដែល ​ត.​ភ្ជាប់​ពី​ផ្លូវជាតិ​លេខ​១​ ត្រង់ចំណុច​ទីប្រជុំជន ​រង្វង់​មូល​ក្បាល​សាឡាង​អ្នក​លឿង ​ចាក់​ទៅរក​ក្រុង​ព្រៃវែង​ ប្រវែង​៣០​គីឡូម៉ែត្រ ​ហើយ​បច្ចុប្បន្ន​ផ្លូវ​១​ខ្សែ​នេះ​ ហាក់​មាន​សភាព​ទ្រុឌទ្រោម​បន្តិច​ហើយ​។

ប៉ុន្តែ​អ្វីដែល​សំខាន់​ នៅ​ខាងក្រោម​តួ​ផ្លូវ​នេះ ត្រូវ​បាន​ក្រុម​ឈ្មួញ​លួច​ខួង ចោះ​ទម្លុះ​ជា​បន្តបន្ទាប់​ រហូត​មក​ដល់ពេលនេះ​ គឺ​គេ​ខួង​កាត់​ខាងក្រោម​ថ្នល់​ មាន​ចំនួន​៣​កន្លែង​រួច​មកហើយ ហើយ​ទីតាំង​ទាំងនោះ​សុទ្ធតែ​គ្មាន​ច្បាប់​អនុញ្ញាត​ពី​អាជ្ញាធរ​ និង​មន្ត្រី​ជំនាញ​ណា​ឡើយ​។​

ជាក់ស្ដែង​ថ្មីៗ​នេះ គេ​ឃើញ​ក្រុម​ឈ្មួញ​ បាន​លួច ​ត.ទុយយោ​ចំនួន​២​ខ្សែ​ ដែល​កាត់​ពីក្រោម​ផ្លូវជាតិ​លេខ​១១ ដែល​គេ​មិនបាន​ដឹងថា ក្រុម​ឈ្មួញ​បាន​លួច​ខួង​តាំងពី​ពេលណា​នោះ​ទេ​។

​​ទីតាំង​ដែល​ឈ្មួញ​លួច​ខួង​ថ្នល់​ ដាក់​ទុយយោ​ខាង​លើ គឺ​ស្ថិតនៅ​ត្រង់​ចំណុច​ខាងមុខ ​ដេប៉ូ​លក់​ខ្សាច់​ពាមរក៌ ក្នុង​ភូមិ​ព្រែ​ខ្សាយ ឃុំ​ព្រែក​ខ្សាយ​(​ក​) ស្រុក​ពាមរ​ក៌ ខេត្ត​ព្រៃវែង ​ដែល​រន្ធ​ទុយយោទាំង​២​នោះ​ មាន​ទំហំ​មុខកាត់​រហូតដល់​២​តឹក​ឯណោះ​។​

ពាក់ព័ន្ធ​ករណី​ខាង​លើ តាម​ការ​ឲ្យ​ដឹងពី​ប្រជាពលរដ្ឋ​ដែល​រស់​នៅ​ក្បែរ​ទីតាំង​នោះ​ បាន​ប្រាប់​ឲ្យ​ដឹង​ថា ទុយយោ​ដែល​គេ​ខួង​បង្កប់​នៅក្រោម​ផ្លូវជាតិ​លេខ​១១​នេះ​ គឺជា​របស់​ក្រុមហ៊ុន​លោក​ឧកញ៉ា ឡេង​ហួរ​ គេ​ខួង​ទម្លុះ​ថ្នល់​បង្កប់​ទុយយោ​នេះ សម្រាប់​បូម​ខ្សាច់​ពី​ក្នុង​ទន្លេ​មេគង្គ បាញ់​បញ្ចូល​ទៅ​ក្នុង​ដេប៉ូ​ខ្សាច់​របស់គេ ​ទុក​សម្រាប់​លក់​ចែកចាយ​បន្ត​ទៅឲ្យ​ក្រុម​ឈ្មួញ​ ហើយ​ការ​ខួង​ចោះ​ទម្លុះ​ថ្នល់​នេះ ​គឺ​មាន​រយៈពេល​ច្រើន​ខែ​មកហើយ​។​

ចំពោះ​សកម្មភាព​លួច​ខួង​ទម្លុះ​ផ្លូវថ្នល់​ របស់​ក្រុម​ឈ្មួញ​ទាំងនេះ ត្រូវ​បាន​ លោក ភុ​ន ស​ម្ភ​ស្ស អភិ​បាល​ស្រុក​ពាមរ​ក៌​អះអាង​ថា លោក​មិន​បានដឹង​រឿង​នោះ​ទេ ហើយ​បើ​មាន​គេ​លួច​ខួង​ថ្នល់​មែន​នោះ​ ចាំ​លោក​រាយការណ៍​ទៅ​មន្ទីរជំនាញ​ ដើម្បីឲ្យ​ចុះទៅ​ពិនិត្យមើល​។

​ដោយឡែក​ លោក ​នួន​ ចំ​រ៉ុង​ ប្រធាន​មន្ទីរ​សាធារណការ ​និង​ដឹកជញ្ជូន​ខេត្តព្រៃវែង ​បានឲ្យដឹង​តាម​ទូរស័ព្ទ​ កាលពី​ព្រឹក​ ថ្ងៃទី​១០​មករា​នេះ​ថា ចំពោះ​រឿង​ឈ្មួញ​លួច​ខួង​ថ្នល់​នេះ លោក​បានឲ្យ​មន្ត្រី​រប​ស់​លោក​ចុះទៅពិនិត្យ​មើល​ហើយ​ ប៉ុន្តែ​ពេលនេះ​គេ​មិនទាន់​រាយការណ៍​មក​លោក​វិញ​ទេ​ ៤​ថ្ងៃ​ហើយ​ដូច្នេះ​ចាំ​លោក​សួរ​កូនចៅ​មើល​សិន​។​

​ពាក់ព័ន្ធ​នឹង​ករណី​នេះ​ ត្រូវបាន​មន្ត្រី​នៅ​ថ្នាក់មូលដ្ឋាន​មួយចំនួន​លើកឡើងថា​ សកម្មភាព​លួច​ខួង​ទម្លុះ​ថ្នល់​របស់​ក្រុម​ឈ្មួញ​ គឺ​មិនបាន​លួច​ធ្វើ​ពេលយប់​ទេ​ ហើយក៏​មិនបាន​ធ្វើ​នៅ​កន្លែង​លាក់កំបាំង​អ្វី​ដែរ​ គឺ​នៅ​កណ្ដាលវាល​សោះ​ បែរជា​អាជ្ញាធរ​ និង​លោក​ប្រធាន​មន្ទីរ​ឆ្លើយ​ថា​មិនបាន​ដឹង​ទៅវិញ លុះ​ពេល​ដឹង​ហើយ ក៏​មិន​ព្រម​ចុះទៅ​ហាមឃាត់​ទៀត​ ទុក​បណ្តោយឲ្យ​​ក្រុម​ឈ្មួញ​ខួង​ទម្លុះ​ថ្នល់​រហូត​បាន​សម្រេច ​រាល់​លើក​ដដែល ជា​ដដែល​ ទាំងនេះ​គឺ​មកពី​មន្ត្រី​ទាំងនោះ​គ្មាន​ឆន្ទៈ​ធ្វើការ ​ឬក៏​ទទួល​បាន​សំណែន​ពី​ឈ្មួញ​រួចទៅហើយ​ ទើប​មិន​ហ៊ាន​ចុះទៅ​ហាមឃាត់​បែបនេះ​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើរ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016​ 877 684