ព័ត៍មានទាន់​ហេតុការណ៏
Search

អ្នក​ដាំ​ម្រេច​តំបន់​វាលវែង​ពោធិ៍សាត់​ ទទួល​បាន​ទិន្នផល​ខ្ពស់​

​ពោធិ៍សាត់ ​៖ ដំណាំ​ម្រេច ​ធ្លាប់តែ​ដាំ​ដុះ​នៅក្នុង​ខេត្ត​កំពត​ ខត្ត​កំពង់ចាម ខេត្ត​រតនគិរី ខេត្ត​មណ្ឌលគិរី ខេត្ត​ស្ទឹងត្រែង ខេត្ត​ក្រចេះ តែ​ឥឡូវនេះ​មាន​អ្នក​ដាំ​ម្រេច​កំពត​ពូជ​ម្រេច​ខ្មែរ​មួយ​នេះ ​ត្រូវ​បាន​ក្រុមហ៊ុន​ខេ​ស៊ី​ស៊ី​វី KCCV ផ្លេ​ន​ថេ​សិន​ បាន​យកមក​ដាំ​នៅ​វាលវែង​ ភូមិសាស្ត្រ​ដែល​គ្រប់​ជំនាន់​មក​ មិនដែល​ឃើញ​គេ​ដាំ​ម្រេច​ក្នុង​តំបន់​ទាំង​នោះឡើយ។
​ ​
ម្រេច​កំពត ​ត្រូវបាន​លោក គឹម សួ​គ័ ម្ចាស់​ចម្ការ​ម្រេច​ក្នុង​ឃុំ​វាលវែង ស្រុក​អូរ​សោម ខេត្ត​ពោធិ៍សាត់ ​នាំមក​ដាំ​​​ដំបូង​ក្នុង២០១៦ កន្លងទៅ​ ឃើញ​ថា ទទួល​បាន​ទិន្នផល​ខ្ពស់​គួរសម​ដោយ​ក្នុង​១​ហិកតា ទទួលបាន​ជាង​២​តោ ដែលជា​បរិមាណ​ប្រហាក់ប្រហែល​ទៅនឹង​ខេត្តកំពត​ផងដែរ។

លោក​ គឹម សួ​គ័ បាន​សម្ដែង​នៅ​ទឹកចិត្ត​ស្រឡាញ់​មុខរបរ​កសិកម្ម​ក្នុង​ការ​ដាំ​ម្រេច​នេះ​ថា អាស្រ័យ​ដោយសារ​ការយល់ឃើញ​មិន​ថា​ផ្លូវ​ជិត ឬ​ផ្លូវ​ឆ្ងាយ​នោះទេ ឲ្យតែ​ដី​មាន​អំណោយផល​ក្បែរ​ជើងភ្នំ ក្រវាញ​ ដោយ​អាកាសធាតុ​មិន​ក្តៅ ហើយក៏​មិន​ត្រជាក់​ពេក និង​មាន​ទេសភាព​ដ៏​ស្រស់ត្រកាល​ផង ជាទី​ទាក់ទាញ​ភ្ញៀវ​ទេសចរ ទើប​រូបលោក​សម្រេចចិត្ត​ជ្រើស​រើស​យក​តំបន់​វាលវែង​នេះ​ដាំ​ម្រេច​ដំបូង​គេ។ ម្យ៉ាងទៀត ​ម្រេច​ងាយ​ឲ្យ​ផល និង​មាន​ទីផ្សារ​ទៅ​ក្រៅប្រទេស។ នៅក្នុង​ផ្ទៃដី​ជាង​១០​ហិកតា ​ដែលជា​កម្មសិទ្ធិ​ផ្ទាល់​របស់លោក​ក្នុង​ការដាំ​ម្រេច​នេះ​ ក៏មាន​អ្នក​ដាំ​ម្រេច​ជិត​នោះ​ ដែលមាន​ចំនួន​ប្រមាណ​១០​ហាត់ ដែល​សុទ្ធតែជា​ចម្ការ​ម្រេច​ទាំងអស់។

ម្រេច​ខ្មែរ​ ពូជ​ខេត្ត​កំពត​នេះ​មាន ​ម្រេច​ខ្មៅ ម្រេចស និង​ម្រេច​ពណ៌​ក្រហម ដែល​មាន​រសជាតិ​ប្លែក​ៗ​ពីគ្នា​ ដោយ​ម្រេចស មាន​រសជាតិ​ឆ្ងាញ់ ​ដោយសារ​បណ្ដូល​វា និង​ម្រេច​ក្រហម​មាន​រសជាតិ​ផ្អែម​តិចៗ ហើយ​ឈ្ងុយ ​បាន​ធ្វើ​ការនាំ​ចេញទៅ​ប្រទេស​បារាំង និង​អឺរ៉ុប​ក្នុង​ឆ្នាំ​២០១៦​នេះ បាន​ប្រមាណ​៤០​តោន។
​ ​
លោក​គឹម​ សួ​គ័ ​បន្តថា ​ម្រេច​វាលវែង​ស្ងួត​លក់​ក្នុង​តម្លៃ​១០​ដុល្លារ​ ក្នុង​១​គីឡូក្រាម។ ដំណាំ​ម្រេច​ដាំ​រយៈ​១​ឆ្នាំ​ដំបូង ​សម្រាប់ធ្វើ​ពូជ​បន្ត​ទៀត ហើយ​ក្នុង​រយៈពេល​៤​ឆ្នាំ​មកនេះ​ ត្រូវបាន​ប្រមូល​ផល ទន្ទឹម​នឹង​ទិន្នផល​ម្រេច​មានការ​កើនឡើង​ជា​លំដាប់។

លោក​ថា ភូមិសាស្ត្រ​ចម្ការ​ម្រេច​វាលវែង មាន​ចម្ងាយ​ពី​ទី​រួម​ខេត្ត​ពោធិ៍សាត់​៦០​គីឡូម៉ែត្រ ក៏ប៉ុន្តែ​បើ​ឆ្លង​កាត់​មក​តាម​ខេត្ត​កោះកុង​វិញ​ គឺមាន​ចម្ងាយ​តែ​៣០​គីឡូម៉ែត្រ​ប៉ុណ្ណោះ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើរ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។

សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016​ 877 684