ព័ត៍មានទាន់​ហេតុការណ៏
Search

បង្ក្រាប​ទីតាំង​ខារ៉ាអូខេ​ ប្រើប្រាស់​ថ្នាំ​គ្រវី ផ្អើល​ក្រុង​បាត់ដំបង​

បាត់ដំបង ៖ មុខសញ្ញា​ប្រើប្រាស់ មុខសញ្ញា​រក្សាទុក​នូវ​សារធាតុ​ញៀន​ខុសច្បាប់​ និង​អ្នក​ផ្តល់​ទី​កន្លែង​ឲ្យ​ប្រើ​ប្រាស់​ចំនួន ៦ នាក់ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ជំនាញ​ធ្វើការ​ក្រសោប​ទាំង​យប់ ខណៈ​ដែល​ពួកគេ​កំពុង​ប្រព្រឹត្ត​បែប​អនាធិបតេយ្យ មាន​ស្រី​មាន​ប្រុស នៅ​ក្នុង​បន្ទប់​ខារ៉ាអូខេ យ៉ាង​មាន​សេចក្តីសុខ។

ក្នុង​កិច្ចប្រតិបត្តិការ​នេះ គឺ​កម្លាំង​បាន​ដាក់​បញ្ចូល​នូវ​សមាសភាព ក ស ដើម្បី​ច្បាម​យក​មុខ​សញ្ញា​ដែល​កំពុង​ប្រព្រឹត្ត និង​សេព​គ្រឿងញៀន​ប្រភេទ​អ៊ិច​ស្តា​ស៊ី ព្រមទាំង​ថ្នាំ​ខេ​តា​មីន ផង​ដែរ ដោយ​បាន​ធ្វើឡើង​កាលពី​ថ្ងៃទី ៩ ខែមករា ឆ្នាំ​២០១៧ វេលា​ម៉ោង ១១ និង ១០ នាទី​យប់ នៅ​ត្រង់​ចំណុច​ទីតាំង​ខារ៉ាអូខេ​មួយ​កន្លែង យីហោ ដឹ​សោ​ន ហ្វា​មី​លី ខេ​ធី​វី ស្ថិត​ក្នុង​ភូមិ​កម្មករ សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង។

បន្ទាប់ពី​កម្លាំង​បាន​សុំ​គោលការណ៍​ទៅ​លោក​ព្រះរាជអាជ្ញា​រួចមក គឺ​សមត្ថកិច្ច​ចម្រុះ​បាន​សម្រុក​ចូល​ទៅ​ក្នុង​ទីតាំង​ ព្រមទាំង​បាន​ឃាត់ខ្លួន​មនុស្ស​៦​នាក់ ដែល​ក្នុង​នោះ​មាន​ទាំង​ម្ចាស់​ទីតាំង​នេះ​ផង​ដែរ ដែល​គេ​នោះ​មានឈ្មោះ ហេង យូ​សុង ភេទ​ប្រុស​អាយុ​២៤​ឆ្នាំ រស់នៅ​ភូមិ​១៣​មករា សង្កាត់​ព្រែក​ព្រះស្តេច ក្រុង​បាត់ដំបង។

ក្នុង​ការ​ឆែកឆេរ​រក​វត្ថុតាង សមត្ថកិច្ច​បាន​រក​ឃើញ​ថ្នាំញៀន និង​ថ្នាំ​សម្រាប់​ផ្សំ​ផលិត​មួយ​ចំនួន ដូចជា​ថ្នាំញៀន​ប្រភេទ​ខេ​តា​មីន ( KETAMINE ខេ ) ចំនួន ៣ កូន​ថង់​ទម្ងន់​០,៨៨ ក្រាម ឧបករណ៍​( ពុ​ម្ភ ) សម្រាប់​កែច្នៃ​ថ្នាំញៀន​អ៊ិច​ស្តា​ស៊ី ចំនួន ២ ថ្នាំ​អំពូល Diazepam ចំនួន​២ អំពូល ថ្នាំ​គ្រាប់​ZEPAM ចំនួន ១៦ បន្ទះ និង​សម្ភារៈ​សម្រាប់​ប្រើប្រាស់​មួយ​ចំនួន។

ដោយឡែក​ជន​ទាំង​៥​នាក់​ទៀត​មានឈ្មោះ ១. ថៃ នរៈ​ពិ​ទូ ភេទ​ប្រុស អាយុ ៣២​ឆ្នាំ មាន​ទីលំនៅ សង្កាត់​អូរឫស្សី​២ ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ ដែល​ឪពុក​របស់​គេ​មាន​នាទី​ជា រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ ផង​ដែរ ២. ឈ្មោះ ភា ប៊ុនហេង ភេទ​ប្រុស អាយុ ៣២​ឆ្នាំ​ មាន​ទីលំនៅ ភូមិ​ព្រែក​ព្រះស្តេច សង្កាត់​ព្រែក​ព្រះ​ក្រុង​បាត់ដំបង ៣. ឈ្មោះ ហាប់ សុវត្ថិ ភេទ​ប្រុស អាយុ ២៩​ឆ្នាំ មាន​ទីលំនៅ​ក្នុង ក្រុង​បាត់ដំបង ៤. ឈ្មោះ អោក រតនៈ​ប៉ុ​ណ្ណិ​កា ភេទ​ស្រី អាយុ ២៧​ឆ្នាំ មាន​ទីលំនៅ សង្កាត់​បឹង​កក់​២ ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ និង​៥. ឈ្មោះ ហ៊ុន ម៉ា​ណេ ភេទ​ស្រី អាយុ​២៧​ឆ្នាំ ស្នាក់នៅ​បន្ទប់​ជួល ភូមិ​រំចេក​៤ សង្កាត់​រតនៈ ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង។

បន្ទាប់ពី​បាន​នាំ​ខ្លួន​ជន​ទាំង​៦​នាក់​ទៅកាន់​ការិយាល័យ​ដើម្បី​សាកសួរ​រួចមក លោក​វរសេនីយ៍ឯក កុយ ហៀ​ង ស្នង​ការរង ទទួល​ផែន​ប្រឆាំង​បទល្មើស បាន​មានប្រសាសន៍​ថា ឧបករណ៍​ដែល​កម្លាំង​បាន​ធ្វើ​ការ​ដកហូត គឺជា​ឧបករណ៍​សម្រាប់​ផលិត​ថ្នាំញៀន​ប្រភេទ​អ៊ិច​ស្តា​ស៊ី ដោយ​ម៉ា​ស៊ីន​ទាំងពីរ​គ្រឿង​នេះ ក្នុង​មួយ​ម៉ោង​អាច​ផលិត​បាន​១០០​គ្រាប់​ ដោយ​បច្ចុប្បន្ន​ទាំង​ម្ចាស់ផ្ទះ​ដែល​បើក​ទីតាំង និង​អ្នក​រក្សាទុក ប្រើប្រាស់​គ្រឿងញៀន​ទាំងអស់ រួម​ទាំង​វត្ថុតាង​ត្រូវ​បាន​កម្លាំង​ជំនាញ​រៀបចំ​បញ្ជូន​ទៅកាន់​តុលាការ​ហើយ។

លោក ជា វណ្ណៈ ប្រធាន​សាលាដំបូង បាន​លើក​ឡើង​ថា បើ​យោង​តាម​មាត្រា​៤៥ គឺ​អ្នកប្រើប្រាស់​គ្រឿងញៀន​ក៏​ត្រូវ​មានទោស​ជាប់​ពន្ធនាគារ​ដែរ ប៉ុន្តែ​វា​អាស្រ័យ​ទៅលើ​ការចោទប្រកាន់​ពី​សំណាក់​លោក​ព្រះរាជអាជ្ញា ឬក៏​ត្រូវ​ដាក់​នៅ​ក្រោម​ការ​ត្រួតពិនិត្យ​របស់​តុលាការ​តែប៉ុណ្ណោះ ដោយឡែក​ម្ចាស់ផ្ទះ​គឺ​ត្រូវ​ផ្ដន្ទាទោស​តាមច្បាប់។

នៅ​វេលា​ម៉ោង​៣ រសៀល​ថ្ងៃទី​១០ ខែមករា ឆ្នាំ​២០១៧ គេ​សង្កេត​ឃើញ​ថា​ កម្លាំង​ជំនាញ​នៃ​ការិយា​ល័យ​ប្រឆាំង​គ្រឿងញៀន ដោយមាន​ការចូលរួម​ពី​លោក​ព្រះរាជអាជ្ញារង ប៉ង់ ចាន់​សុ​យុ​ទ្ធា​រា បាន​ចុះ​ទៅ​បិទទ្វារ​ទីតាំង​ខារ៉ាអូខេ ខាងលើ​ជា​បណ្ដោះអាសន្ន រង់ចាំ​ការសម្រេច​ពី​តុលាការ៕

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684