ព័ត៍មានទាន់​ហេតុការណ៏
Search

ចាប់ផ្ដើម​អ៊ុត​កៅស៊ូ​ការដ្ឋាន​ទី​១៤ ទាំង​យប់ ទាំង​ថ្ងៃ​ នៅក្នុង​ខណ្ឌ​ចំការមន​

ភ្នំពេញ ​៖ ដើម្បី​ជំរុញ​ការងារ​ជួសជុល​ និង​អ៊ុត​កៅស៊ូ​AC​ ឲ្យបាន​ទាន់ពេលវេលា​ទៅតាម​គម្រោង​ដែល​គ្រោងទុក​ក្នុង​រយៈពេល​៣​ខែ​នោះ រដ្ឋបាល​រាជធានី​ភ្នំពេញ​ បាន​និង​កំពុង​មមាញឹក​យ៉ាងខ្លាំង​ក្នុង​ការ​ជួសជុល ​និង​អ៊ុត​កៅស៊ូ​AC ដោយ មិន​ថា​យប់​ ឬ​ថ្ងៃ​ឡើយ​។​

ជាក់ស្ដែង​នៅវេលា​យប់​ថ្ងៃ​ទី​១០ ខែមករា ឆ្នាំ​២០១៧ រដ្ឋបាល​រាជធានី​ភ្នំពេញ បានចាប់ផ្តើម​ដំណើរ​ការ​អ៊ុត​កៅស៊ូ​ផ្លូវ​លេខ​១៥៥ ចាប់ពី​មហាវិថី​ម៉ៅសេទុង ដល់​ផ្លូវ​លេខ​៤៨៨ ក្នុង​ខណ្ឌ​ចំការមន។​

នេះ​ជា​គម្រោង​យុទ្ធនាការ​ជួសជុល​កែលម្អ​ឡើងវិញ នូវ​ផ្លូវ​សរុប​ចំនួន​៥៧​ខ្សែ នៅ​ក្នុង​ខណ្ឌ​ចំនួន​៩ ក្នុង​រាជធានី​ភ្នំពេញ ដែល​រដ្ឋបាល​រាជធានី​ភ្នំពេញ​ក្រោម​ការដឹកនាំ​របស់ លោក ​ប៉ា សុជាតិ​វង្ស អភិ​បាល​រាជធានី​ភ្នំពេញ​ដាក់​ចេញ​ជា​គម្រោង​ ក្រោយពី​ទទួល​ការខូចខាត​ដោយសារ​ទឹកភ្លៀង និង​ដោយសារ​រថយន្ត​ដឹក​ធ្ងន់​លួច​ចូល​ក្រុង​ក្នុង​រដូវវស្សា​កន្លងមក។​

ក្រៅពី​ផ្លូវ​៥៧​ខ្សែ ក្នុង​គម្រោង​ដែល​បាន​បើក​ការដ្ឋាន​ជួសជុល​ក្នុង​យុទ្ធនាការ​៣​ខែ​នេះ ក៏​នៅ​មាន​ផ្លូវ​ប្រភេទ​កៅស៊ូ​ប្រភេទ​បេតុង សរុប​ចំនួន​១៨០​គីឡូម៉ែត្រ ដែល​រដ្ឋបាល​រាជធានី​ភ្នំពេញ នឹង​ត្រូវ​ស្ថាបនា​នៅ​ក្នុង​ផែនការ​ឆ្នាំ​២០១៧​ផង​ដែរ៕