ព័ត៍មានទាន់​ហេតុការណ៏
Search

ពស់ថ្លាន់​ញី​ឈ្មោល ​ដែល​បង្ហាញខ្លួន​ក្រោម​ស្ពាន​អាកាស​ស្ទឹងមានជ័យ ​បង្ក​ឲ្យ​កកស្ទះ​ចរាចរណ៍នោះ ​ត្រូវ​អាជ្ញាធរ​ចាប់​បាន​ហើយ​

ភ្នំពេញ ៖ យោង​តាម​ប្រសាសន៍​របស់​លោក​ សេង សាញ់ ចៅសង្កាត់​ស្ទឹងមានជ័យ បាន​ឲ្យ​ដឹង​ថា ​ពស់ថ្លាន់​ញី​ឈ្មោលមួយគូ​ បានបង្ហាញខ្លួន​នៅ​ក្រោម​ស្ពាន​អាកាស​ស្ទឹងមានជ័យ​ បង្ក​ឲ្យ​អ្នក​ធ្វើដំណើរ​ឈប់​មើល​ និង​បង្ក​ឲ្យ​កកស្ទះ​ចរាចរណ៍យ៉ាងខ្លាំង​ កាលពី​រសៀល​ថ្ងៃទី​១០ ខែមករា ឆ្នាំ​២០១៧​​ ហើយ​ត្រូវ​បាន​ប្រជាពលរដ្ឋ​សហការ​ជាមួយ​អាជ្ញាធរ​ចាប់​បាន ​នា​ព្រឹក​ថ្ងៃទី​១១​ ខែមករានេះ។

លោក​សេង សាញ់ បាន​មាន​ប្រសាសន៍​ថា កាលពី​ម្សិល​មិញ​នេះ​ វេលា​ម៉ោង​១៦ ​និង​២០​នាទី​មាន​ពស់ថ្លាន់​ញី​ឈ្មោល​១​គូ​ បាន​ហែល​ដេញ​គ្នា​លេង​ស្ថិត​នៅ​ក្រោម​ស្ពាន​អាកាស​ស្ទឹងមានជ័យ ​ស្ថិត​ក្នុង​សង្កាត់​ស្ទឹងមានជ័យ​ ខណ្ឌមានជ័យ​ រាជធានី​ភ្នំពេញ​ ដែល​ធ្វើ​ឲ្យ​អ្នក​ដំណើរ​ឈប់​មើល​ពីលើ​ស្ពាន​បង្ក​ឲ្យ​កកស្ទះ​ចរាចរណ៍​ ព្រោះ​ដំបូង​ឡើយ​គេ​សង្ស័យ​ថា​ មាន​មនុស្ស​លោត​សម្លាប់​ខ្លួន​ពីលើ​
ស្ពាន​។

លោក​ចៅសង្កាត់​បាន​បន្ត​ថា ដោយ​ដឹង​ថា សត្វ​ពស់ថ្លាន់​បង្ហាញខ្លួន​រហូតដល់​ទៅ​២​ក្បាល​ ហើយ​សុទ្ធតែ​ធំ​ទៀត​នោះ​ លោក​ក៏បាន​ប្រមូល​បងប្អូន​ប្រជាពលរដ្ឋ​ឲ្យ​រួមគ្នា​ជាមួយ​កម្លាំង​ប្រជា​ការពារ​សង្កាត់​ចុះទៅ​តាម​ចាប់​ទាំង​យប់​រហូតដល់​ភ្លឺ​ឡើង​ ទើប​ចាប់​បាន​ ដើម្បី​ទុក​ប្រគល់​ឲ្យ​អង្គការ​អភិរក្ស​សត្វព្រៃ​យក​ទៅ​ចិញ្ចឹម​នៅ​ភ្នំ​តា​ម៉ៅ។

លោក​សេង សាញ់​បាន​បញ្ជាក់​ថា​ ពស់ថ្លាន់​មួយគូ​នេះ​ គឺ​ចេញពី​ក្នុង​ប្រឡាយ​ទឹក​ស្ទឹងមានជ័យ ​ដែល​ពីមុន​មក​ជា​ដី​បឹង​សម្បូរ​ទៅ​ដោយ​សត្វ​ពស់​គ្រប់​ប្រភេទ ​ប៉ុន្តែ​ដល់​ម្ចាស់​ដី​ចាក់​ដី​ធ្វើ​សំណង់​ផ្ទះល្វែង​សត្វ​គ្រប់​ប្រភេទ​បាន​មក​រស់នៅ​ក្នុង​ប្រឡាយ​ទឹក​ស្អុយ​ហើយ​នៅ​មាន​ច្រើន​ណាស់​ ព្រោះ​គេ​ធ្លាប់​ឃើញ​ និង​ចាប់​បាន​សឹង​រាល់​សប្ដាហ៍​មក​ប្រគល់​ឲ្យ​អង្គការ​អភិរក្ស​សត្វព្រៃ​។ នេះ​ចេះ​អាជ្ញាធរ​ចាប់​បាន​ បើសិនជា​ក្រុម​អ្នករក​ស៊ី​ចាប់​សត្វ​យក​ទៅ​លក់ ​ចាប់​បាន​វិញ​នោះ​​ គឺ​ច្បាស់​ជា​គេ​យក​ទៅ​លក់​ឲ្យ​ឈ្មួញ​ជា​ពុំ​ខាន​ ព្រោះ​សត្វ​ពស់​ទាំងពីរ​នេះ​ មាន​ទម្ងន់​មិន​ខ្វះ​៦០​គីឡូក្រាម​ឡើយ​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។

សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684