Connect with us

ព័ត៌មានជាតិ

សម្ដេច ម៉ែន សំអន ៖ ព្រះពុទ្ធសាសនាមានតម្លៃបំផុត ព្រោះបានចូលរួមចំណែកអភិវឌ្ឍន៍សង្គមជាតិ ខ្វះមិនបាន

បានផុស

នៅ

សម្ដេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋសភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច បាន​ថ្លែង​ថា ព្រះពុទ្ធសាសនា​មាន​តម្លៃ​បំផុត ព្រោះ​បាន​ចូលរួម​ចំណែក​អភិវឌ្ឍន៍​សង្គមជាតិ​ខ្វះ​មិនបាន ពិសេស​ព្រះ​សាសនា​ជា​សាសនា​របស់​រដ្ឋ។ សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ថ្លែង​បែបនេះ​ខណៈ​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បញ្ចុះ​ខណ្ឌសីមា​ព្រះវិហារ និង​សម្ពោធ​សមិទ្ធផល​នៅ​ក្នុង​វត្ត​ស្វាយទាប ស្ថិតនៅ​ឃុំ​ស្នំ​ក្រពើ ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ កាលពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ១ កើត ខែ​ពិសាខ ឆ្នាំថោះ បញ្ចស័ក ព​.​ស​. ២៥៦៦ ត្រូវ​នឹង​ថ្ងៃ​ទី ២០ ខែ​មេសា ឆ្នាំ ២០២៣។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្តេច​កិត្តិ​សង្គហ​បណ្ឌិត បាន​ពាំនាំ​នូវ​ការ​ផ្ដាំផ្ញើ និង​សាកសួរ​សុខទុក្ខ​ពី​សំណាក់ សម្តេច​អគ្គ​មហា​សេនា​បតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​កិត្តិ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហម​កម្ពុជា ជូន​ដល់​អង្គ​ពិធី​ទាំងមូល​ដោយ​ក្តី​នឹករលឹក និង​ការ គិតគូរ​អំពី​សុខទុក្ខ​ដល់​ប្រជាពលរដ្ឋ​នៅ​គ្រប់​ទីកន្លែង។

សម្តេច​ក៏បាន​មាន​ប្រសាសន៍​ថា «​ក្រោម​ការ​ដឹកនាំ​ប្រកប​ដោយ​គតិ​បណ្ឌិត​របស់ សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​កម្ពុជា បាន​ដឹកនាំ កម្ពុជា ឆ្ពោះ​ទៅ​រក​ការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ ក្រោម​ម្លប់ នៃ​សុខ​សន្ដិភាព ដែល​បាន​ផ្តល់​ឱកាស​ឲ្យ​បងប្អូន​ទាំងអស់​គ្នា អាច​ប្រារព្ធ​ពិធី​ព្រះពុទ្ធសាសនា តាម​ទំនៀមទម្លាប់​បែប​ប្រពៃណី​សាសនា​របស់​ជាតិ និង​ធ្វើ​ឲ្យ​មាន​សុខដុមនីយកម្ម​សាសនា បាន​ចូលរួម​ចំណែក​ដល់​កិច្ច​អភិវឌ្ឍន៍​ជាតិ តាមរយៈ​ការ​ផ្សារភ្ជាប់​រវាង​អាណាចក្រ និង​ពុទ្ធចក្រ។ ជាពិសេស ត្រូវ​ចូលរួម​ទៅ​បោះឆ្នោត​ឲ្យ​បាន​គ្រប់ៗ​គ្នា នៅ​ថ្ងៃ​ទី ២៣ ខែ​កក្កដា ឆ្នាំ ២០២៣ ខាងមុខនេះ។

សម្តេច​កិត្តិ​សង្គហ​បណ្ឌិត បាន​ថ្លែង​អំណរ​ព្រះ​គុណ​ចំពោះ ព្រះ​ធម្ម​ជោ​ត្តោ ម៉ៅ ង៉ែត ព្រះចៅអធិការ​វត្ត​ស្វាយទាប អតីត​គណៈកម្មការ និង​ព្រះចៅ​អធិការ​វត្ត​គ្រប់​ជំនាន់ ព្រមទាំង​សប្បុរសជន​ជាច្រើន​ទៀត រួម​ជាមួយ​នឹង​ថ្នាក់ដឹកនាំ​ខេត្ត​គ្រប់​លំដាប់ថ្នាក់ និង​អង្គភាព​ជុំវិញ​ខេត្ត​កំពង់ស្ពឺ ដែល​បាន​រួម​សាមគ្គី​គ្នា​ដោយ​បាន​ចលនា​កៀរគរ​ថវិកា​មក​កសាង​ព្រះវិហារ បង្កាន់ដៃ​ជុំវិញ​សាលា​ធម្មសភា សាលា​ទទួល​ភ្ញៀវ កុដិ ខ្លោងទ្វារ ជីក​ស្រះ​ទឹក និង​ជួសជុល​ហេដ្ឋារចនាសម្ព័ន្ធ និង​សមិទ្ធផល​នានា ដែល​បានសម្រេច​បានជា​ស្ថាពរ ដែល​បាន​រៀបចំ​ពិធីបុណ្យ​ឆ្លង និង​វេរ​ប្រគេន​ព្រះសង្ឃ​តាម​ប្រពៃណី​ព្រះពុទ្ធសាសនា ក្នុង​ថ្ងៃនេះ។

លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ក៏បាន​សំណូមពរ​ឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវ​រួមគ្នា​ថែរក្សា​សុខ​សន្តិភាព និង​ចូលរួម​ថែរក្សា​នូវ​សមិទ្ធផល​ដែល​យើង​បាន​សម្ពោធ​ក្នុង​ថ្ងៃ​នេះ​ឲ្យ​បាន​គង់វង្ស ស្ថិតស្ថេរ ដើម្បី​ទុកជា​ទីសក្ការៈ និង​ជាទី​កន្លែង​គោរព​ប្រតិបត្តិ​ផ្នែក​សាសនា ជាពិសេស​អនុវត្ត​វិធានការ ៣ ការពារ ៣ កុំ ឲ្យ​បាន​ទាំងអស់​គ្នា៕

អត្ថបទ ៖ វិមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម