ព័ត៍មានទាន់​ហេតុការណ៏
Search

លោកថៃ នរៈ​សត្យា សោកស្ដាយ​ខ្លាំង​ ក្រោយពេល​កូនប្រុស ថៃ នរៈ​វិទូ ត្រូវ​ចាប់ខ្លួន​ពាក់ព័ន្ធ​គ្រឿងញៀន​

ភ្នំពេញ ៖ បន្ទាប់ពី​ផ្ទុះ​នូវ​រឿងរ៉ាវ​ដ៏​រសើប​ ពាក់ព័ន្ធ​ជាមួយ​កូនប្រុស​លោក ថៃ នរៈ​សត្យា គឺ​តារា​សម្ដែង​ និង​ជា​អតីត​Freshie boy លេខ​១​ឆ្នាំ​២០១៦​លោក ថៃ នរៈ​វិទូ រួម​ជាមួយ​ភរិយា​ ត្រូវ​បាន​សមត្ថកិច្ចបង្ក្រាប​គ្រឿងញៀន​ខេត្ត​បាត់ដំបង​ ចាប់ខ្លួន​ ពាក់ព័ន្ធ​បញ្ហា​ប្រើប្រាស់ ​និង​ចែកចាយ​គ្រឿងញៀន​នៅ​ក្នុង​ហាង​ខារ៉ាអូខេ​មួយ​កន្លែង ​ដែល​មាន​ឈ្មោះថា ដឺ សោ​ន​ហ្វា​មី​លី (The Sound Family KTV ) ស្ថិត​នៅ​ភូមិ​កម្មករ​សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង​នោះ​ ភ្លាមៗ​នេះ​ដែរ​លោក ថៃ នរៈ​សត្យា ត្រូវជា​ឪពុក​ក៏បាន​ចេញមុខ​បង្ហាញ​ពី​ការ​សោកស្ដាយ​ខ្លាំង​ ចំពោះ​ទង្វើ​របស់​កូនប្រុស​ ដែល​ពាក់ព័ន្ធ​ជាមួយ​គ្រឿងញៀន។

ថ្លែងប្រាប់​កម្ពុជា​ថ្មី​តាម​ទូរស័ព្ទ​ នា​រសៀល​ថ្ងៃទី​១១ ខែមករា ឆ្នាំ​២០១៦​នេះ ​រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌​ និង​វិចិត្រ​សិល្បៈ​លោក ថៃ នរៈ​សត្យា បាន​និយាយ​ថា ​ដំបូង​ឡើយ​ លោក​មិន​បាន​ដឹង​ពី​រឿង​នេះ​ឡើយ​។ ប៉ុន្តែ​ក្រោយពី​មាន​បណ្ដា​សារព័ត៌មាន​ក្នុងស្រុក​មួយ​ចំនួន ​ចុះផ្សាយ​ ទើប​ធ្វើ​ឲ្យ​លោក​មាន​អារម្មណ៍​សោកស្ដាយ​ខ្លាំង​ ចំពោះ​រឿង​ដែល​កូនប្រុស​ច្បង​ ត្រូវ​បាន​ចាប់ខ្លួន​ ពាក់ព័ន្ធ​ជាមួយ​បញ្ហា​គ្រឿងញៀន​យ៉ាង​ដូច្នេះ។

លោក ថៃ នរៈ​សត្យា បាន​និយាយ​ទៀត​ថា ​លោក​គ្មាន​ចំណាត់​ការ​ណាមួយ​ ដើម្បី​អន្តរាគមន៍​ជួយ​ដល់​កូនប្រុស​របស់លោក ឈ្មោះថៃ នរៈ​វិទូ និង​ភរិយា​គេ​នៅឡើយ​ទេ​ ពោល​គឺ​ត្រូវ​ទុក​ឲ្យ​ប្រព័ន្ធ​ច្បាប់​ជា​អ្នក​កាត់​សេចក្តី​។ ប៉ុន្តែ​ក្នុងនាម​ជា​ឪពុក​លោក​ក៏​មាន​អារម្មណ៍​អាណិត​ និង​ចង់​ជួយ​ដល់​កូន​ផង​ដែរ។

ជាមួយគ្នានេះ​ បើ​តាម​ការ​បន្ថែម​ពី​សំណាក់​លោក ថៃ នរៈ​សត្យា ដែល​ជា​ឪពុក​ជនសង្ស័យឈ្មោះថៃ នរៈ​វិទូ បាន​លើកឡើង​ទៀត​ថា បើ​តាម​លោក​ដឹង​ថ្ងៃទី​១១ ខែមករា ឆ្នាំ​២០១៧​ កូនប្រុស​របស់លោក​ត្រូវបាន​ស​ត្ថ​កិច្ច​បញ្ជូន​ខ្លួន​ឡើង​តុលាការ​ដើម្បី​សួរនាំ​បន្ថែម​។ ខណៈ​ដែល​ពេលនេះ​លោក​កំពុង​ជាប់រវល់​ការងារ​នៅ​ភ្នំពេញ​នៅឡើយ។

សូម​បញ្ជាក់​ថា​​តារា​សម្ដែង ​និង​ជា​អតីត​Freshie boy លេខ​១​ឆ្នាំ​២០១៦​លោក ថៃ នរៈ​វិទូ កាលពី​យប់​ថ្ងៃទី​៩ ខែមករា ឆ្នាំ​២០១៧​ត្រូវ​បាន​សមត្ថកិច្ច​ប្រឆាំង​គ្រឿងញៀន ​ខេត្តបាត់ដំបង ​ចាប់ខ្លួន​ជុំវិញ​បទល្មើស​ប្រើប្រាស់​ និង​ចែកចាយ​គ្រឿងញៀន ​ដោយ​ការ​ចុះ​ប្រតិបត្តិការ​បង្ក្រាប​នេះ ​ធ្វើឡើង​ក្រោម​ការ​ចង្អុលបង្ហាញ​ពី​សំណាក់​លោក​ឧត្ដមសេនីយ៍ ស ថេត ស្នងការ​ខេត្ត​ និង​បាន​ការ​ចុះ​ប្រតិបត្តិ​ការ​ដឹកនាំ​កម្លាំង​ផ្ទាល់​របស់​លោក កុយ ហៀ​ង ស្នង​ការរង​ខេត្ត​បាត់ដំបង​៕

 

 

 

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។

សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684