ព័ត៍មានទាន់​ហេតុការណ៏
Search

ត្រូវ​រួមគ្នា​បង្ក្រាបគ្រឿងញៀន​ និង ​ត្រូវ​មាន​ការចូលរួម​យ៉ាង​សកម្ម​ពី អាណាព្យាបាល​ដែរ

កំពង់ស្ពឺ ៖ នៅព្រឹក​ថ្ងៃ​ទី​១១ ខែមករា ឆ្នាំ​២០១៧ លោក វ៉ី សំណាង អភិបាលខេត្ត​កំពង់ស្ពឺ​បាន​ដឹកនាំ​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ផែនការ​លេខ ០១ របស់​រាជរដ្ឋាភិបាល ស្តី​អំពី​ការ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន លើក​ទី​១​រយៈពេល ០៦​ខែ ​ដែល​មាន​ការចូលរួម​គ្រ​ប់ប​ណ្តា​អង្គភាព​ពាក់​ព័ន្ធ​ទាំងអស់​ទូទាំង​ខេត្ត។

លោក វ៉ី សំណាង អភិបាលខេត្ត​កំពង់ស្ពឺ​បាន​លើក​ឡើង​ក្នុង​ន័យ​អប់រំ​ថា ធ្វើ​ព្រម​គ្នា​ដើម្បី​កម្ពុជា​គ្មាន​គ្រឿងញៀន កុំ​ជួញដូរ​គ្រឿងញៀន​ថា​ជា​មុខរបរ ហើយ​កុំ​ចាត់​ទុក​គ្រឿងញៀន​ជា​គ្រឿង​សម្រាប់​សេព​សប្បាយ ហើយ​ត្រូវ​ឆ្លើយ​ថា ​ទេ​ចំ​ពោះ​គ្រឿងញៀន ត្រូវ​ដក​ខ្លួន​ជាបន្ទាន់​ចំ​ពោះ​មុខរបរ​គ្រឿងញៀន បើ​មិន​ដូច្នោះ​គ្រឿងញៀន​នឹង​បំផ្លាញ​អ្នក​វិញ​ជាមិនខាន។ ការ​ដាស់តឿន​នេះ​មិនមែន​តែ​អ្នក​កំពុង​ប្រព្រឹត្ត​នោះ​ទេ គឺ អ្នក​ចែកចាយ អ្នក​ជួញដូរ អ្នកប្រើប្រាស់ អ្នកផ្តល់​កន្លែង​ឲ្យ អ្នករក្សា​ទុក​ចំ​ពោះ​គ្រឿងញៀន នឹង​ត្រូវ​ទទួលទោស​តាមច្បាប់​ស្តីអំពី​គ្រឿងញៀន​ផងដែរ។

លោក​អភិបាល​បន្ត​ថា កម្លាំង​អាវុធហត្ថ កម្លាំង​នគរបាល តាម​មូលដ្ឋាន​ត្រូវ បង្ក្រាប​និង ប្រឆាំង​គ្រឿងញៀន​ឲ្យ​ខាង​តែ​បាន​ដាច់ខាត ចំ​ពោះ​អ្នក​ដែល​កំពុង​​ជាប់​ពាក់​ព័ន្ធ, ​ទប់ស្កាត់​រាល់​មធ្យោបាយ​ផ្សេងៗ​ទាក់ទង​នឹង​ការចែក​ចាយ ជួញដូរ​ចំ​ពោះ​គ្រឿងញៀន។

តាម​ផែនការ​របស់​រាជរដ្ឋាភិបាល​លេខ ០១​ផ​ក ស្តី​ពី​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ខុសច្បាប់​ថា​ កម្ពុជា​រក្សា​បាន​កិត្តិយស​ល្អ ជា​ប្រទេស​មិន​ផលិត​គ្រឿងញៀន ឬ​ប្រភព​នៃ​គ្រឿងញៀន ប៉ុន្តែ​នៅ​មាន​សកម្មភាព​លួចលាក់​នាំចូល​គ្រឿងញៀន​ពី​ក្រៅ​ប្រទេស តាម​ព្រំដែន​ច្រក​របៀង តាម​ជើង​យន្ត​ហោះ ពី​ទ្វីប​អាហ្វ្រិក និង​អា​មេ​រិក​ខាងត្បូង​ក្នុង​គោលដៅ ​ដើម្បី​បន្ត​នាំ​ចេញទៅ​ប្រទេស​ទី​៣ និង​មួយ​ចំនួន​សម្រាប់​ទីផ្សារ​ក្នុង​ប្រទេស​ផង​ដែរ។

ករណី​បែប​នេះ​តាំង​នាម​ជា​មេបញ្ជាការ​អាវុធហត្ថ​ខេត្តកំពង់ស្ពឺ ​សូម​ឲ្យ​ជំនាញ ជាពិសេស​មន្ត្រី​នគរបាល​យុ​ត្តិ​ធ​ម៌ ត្រូវ​ខិតខំ​បង្ក្រាប​គ្រឿងញៀន និង​ចងក្រង​សំណុំ​រឿង​ឲ្យ​ស្របតាម​ច្បាប់​របស់​គ្រឿងញៀន​ដើម្បី​ផ្លាស់ប្តូរ​ប្រទេស​ កុំឲ្យ​ញាំញី​ដោយសារតែ​គ្រឿងញៀន​បន្ត​ទៀត​។ បើ​យោង​តាម​ផែនការ​លេខ ០១​ផ​ក យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ខុសច្បាប់​លើក​ទី​០១ ជា​គោល​ការ​ណ៍រួម អង្គភាព​ពាក់​ព័ន្ធ​បន្ត​ចាត់តាំង​អនុវត្ត​ឲ្យ​មាន​ប្រសិទ្ធភាព នូវ​ច្បាប់​ស្តី​ពី​គ្រឿងញៀន និង​បទបញ្ជា​លេខ ០១​បប ចុះថ្ងៃទី០១​ ខែកុម្ភៈ ឆ្នាំ​២០១៦ របស់​រាជរដ្ឋាភិបាល ស្តីពី​ការ​ពង្រឹង​វិធានការ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន។

ខិតខំ​បង្ការ ទប់ស្កាត់​មិន​ឲ្យ​គ្រឿងញៀន​បង្ក​ឥទ្ធិពល​ញាំញី បំផ្លិចបំផ្លាញ​សង្គមជាតិ​កម្ពុជា ជាពិសេស​ប្រឹងប្រែង​សម្រេច​ការប្តេជ្ញាចិត្តថា កម្ពុជា​ជា​ប្រទេស​គ្មាន​គ្រឿងញៀន និង​រក្សា​គ្រួសារ​នីមួយៗ ​ជា​គ្រួសារ​ស្អាតស្អំ​គ្មាន​គ្រឿងញៀន តាម​ទស្សនវិស័យ ” ចូលរួម​ទាំងអស់​គ្នា​ដើម្បី​ជីវិត និង​សហគម​ន៍​គ្មាន​គ្រឿងញៀន “។ ជំរុញ​ការអនុវត្ត​វិធាន និង​វិធានការ​រដ្ឋបាល​ឲ្យ​ម៉ឺងម៉ាត់​និង​ដូច​ភ្លៀងរលឹម ក្នុង​គោល​ការ​ដៅ​ស្រាវជ្រាវ​រក​ឲ្យ​ឃើញ​បណ្តាញ​អង្គការ​ចាត់តាំង​នៃ​ក្រុម​ឧក្រិដ្ឋជន​គ្រឿងញៀន ដើម្បី​កាត់​ផ្តាច់​ការ​ចរាចរ​គ្រឿងញៀន​ឆ្លងដែន និង​បង្ក្រាប​ដោយ​ម៉ឺងម៉ាត់​ដល់​ឫសគល់​ប្រកបដោយ​ប្រសិទ្ធភាព៕

  



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684