ព័ត៍មានទាន់​ហេតុការណ៏
Search

ក្រសួង​អប់រំ​ ចាប់​ផ្តើម​សាកល្បង​កម្មវិធី​បង្រៀន​សិស្ស​ពេញ​មួយថ្ងៃ​ជា​មួយនឹង​ការផ្តល់​អាហារ​ថ្ងៃត្រង់​មួយពេល

ភ្នំពេញ​ ៖ ​ក្រសួង​អប់រំ​យុវជន​ និង​កីឡា​ បាន​ជ្រើសរើស​សាលាបឋមសិក្សា​ចំនួន​៣ ​នៅ​ក្នុង​ស្រុក​អង្គរធំ​ នៃ​ខេត្តសៀមរាប​ ដើម្បី​ចាប់ផ្តើម​អនុវត្ត​សាកល្បង​នូវ​កម្មវិធី «​សាលារៀន​ជំនាន់​ថ្មី​»​ដែល​តម្រូវ​ឲ្យ​សិស្ស​សិក្សា​ពេញ​មួយថ្ងៃ​ និង​បរិភោគ​អាហារ​ថ្ងៃត្រង់​នៅ​សាលារៀន​តែម្តង។

សាលាបឋមសិក្សា​ដែល​ក្រសួង​ជ្រើស​រើស​នោះ​ រួមមាន​សាលាបឋមសិក្សា ដូន​ឪ​, ត្រពាំង​ស្វាយ និង​គោក​គ្រើល​ដែល​សាលា​ទាំង​៣​នេះ​នឹង​អនុវត្ត​គម្រោង​សាកល្បង​របស់​ក្រសួង​អប់រំ​ចាប់ពី​ខែមករា​នេះ​ទៅ​មាន​រយៈពេល​៣​ឆ្នាំ​គ្រោង​ចំណាយ​ថវិកា​ជាង​១០​ម៉ឺន​ដុល្លារ​អាមេរិក​ ក្នុង​១​ឆ្នាំៗ​។

បើ​តាម​លោក រស់ សា​លីន អ្នកនាំពាក្យ​នៃ​ក្រសួង​អប់​រំបាន​មានប្រសាសន៍​កាលពី​រសៀល​ថ្ងៃ​ទី​១១ ខែ​មករា​ថា ​កម្មវិធី «​សាលារៀន​ជំនាន់​ថ្មី​»​ជា​គម្រោង​សាកល្បង​មួយ​របស់​ក្រសួង​ ដែល​តម្រូវ​ឲ្យ​សិស្ស​និង​គ្រូ​បន្ថែម​ម៉ោង​រៀន និង​ម៉ោង​បង្រៀន​នេះ គឺជា​ការអនុវត្ត​ផែនការ​យុទ្ធសាស្ត្រ ២០១៤​និង​២០១៨​និង​ឯកសារ​ទស្សនាទាន​របស់​ក្រសួង​អប់រំ ដែល​ស្រប​ទៅនឹង​យុទ្ធសាស្ត្រ​ជាតិ​ ដែល​ក្រសួង​បានរៀបចំ ​កាលពី​ខែមករា ​ឆ្នាំ​២០១៦​កន្លងទៅ។

លោក​បាន​បន្ត​ថា ​គម្រោង​នេះ ​ក្រសួង​បានកំណត់​២៥​ម៉ោង ​ក្នុង​១​សប្តាហ៍​ក្នុង​ការ​បង្រៀន​និង​រៀន​ដើម្បី​ជួយ​ដល់​សាលា​គោលដៅ​ដែល​សាកល្បង​បង្រៀន​ និង ​រៀន​ពេញ​១​ថ្ងៃ​ ទទួល​បាន​ជោគជ័យ​ និង​ ការធានា​ការ​ពិនិត្យ​តាមដាន​ការ​វាយ​តម្លៃ​ការសិក្សា​ជ្រាវ​ជ្រាវ​ផ្សេងៗ​សម្រាប់​ការអនុវត្ត​បន្ត​ក្នុង​កម្រិត​ទូលំទូលាយ ​ដើម្បី​បង្កើន​គុណភាព​អប់រំ​តាមរយៈ​ការលើក​កម្ពស់​ការសិក្សា​របស់​សិស្ស​ ដើម្បី​ចងក្រង​ឯកសារ​បទពិសោធន៍​ចេញពី​ការអនុវត្ត​សាកល្បង​នេះ​ ព្រមទាំង​ចូលរួម​ចំណែក​ដល់​គោលដៅ​នៃ​ការអនុវត្ត​ធនធានមនុស្ស​របស់​ក​ម្ពុ​ជា​ស្របតាម​យុទ្ធសាស្ត្រ​ការ​គាំពារ​សង្គម ​និង ​ការកាត់បន្ថយ​ភាព​ក្រីក្រ​ជាពិសេស​ការអភិវឌ្ឍន៍​ធនធានមនុស្ស​តាមរយៈ​ការ​រៀន ​និង ការ​បង្រៀន​ពី​កម្រិត​ទាប​ទៅ​តែម្តង។

លោក​ រស់ ​សា​លីន ​បាន​បន្ថែម​ថា ​តាម​គម្រោង​នេះ​ ក្រសួង​អប់រំ​បាន​បន្ថែម​ការ​រៀន និង​ការ​បង្រៀន​ពេញ​មួយថ្ងៃ និង​ផ្តល់​អាហារ​ថ្ងៃត្រង់​ដែល​មាន​កម្រិតស្តង់ដារ​មួយ​ស្មើនឹង​ប្រទេស​ក្នុង​តំបន់​ទៅដល់​សិស្សានុសិស្ស​សំដៅ​ធ្វើ​យ៉ាងណា​បង្កើន​គុណភាព​សិស្ស​ថ្នាក់​បឋមសិក្សា​ឲ្យ​កាន់តែ​ប្រសើរ​ឡើង។

អ្នកនាំពាក្យ​រូប​នោះ​បាន​បញ្ជាក់​ថា ​គម្រោង​សាកល្បង​នេះ ​មាន​រយៈពេល​៣​ឆ្នាំ​ដោយ​ទទួល​បាន​ការឧបត្ថម្ភ ​ពី​ធនាគារ​ពិភពលោក និង​កម្មវិធី​ស្បៀងអាហារ​ពិភពលោក​ដោយ ចំណាយ​ជាង​១០​ម៉ឺន​ដុល្លារ​ក្នុង​មួយឆ្នាំ​។ ថវិកា​ទាំងនោះ​ត្រូវ​ចំណាយ​ទៅលើ​ការឧបត្ថម្ភ​គ្រូបង្រៀន ការ​បំប៉ន​បច្ចេកទេស ការងារ​ពិនិត្យ​តាមដាន​គម្រោង​នេះ និង​ការចំណាយ​លើ​អាហារ​ថ្ងៃត្រង់ ជាដើម។

លោក​ រស់​ សា​លីន​ បាន​បញ្ជាក់​បន្ថែម​ថា ​នៅ​ក្នុង​ឆ្នាំ​សិក្សា​កន្លងទៅ​អត្រា​កុមារ​អាយុ​៦​ឆ្នាំ​គ្រប់​អាយុ​ចូលរៀន​ចំនួន ២៧.៥១៤៨​នាក់​ស្មើនឹង​៩៩,៤ ភាគរយ ដែល​ជា​អត្រា​មួយ​ខ្ពស់៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។

សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684