ព័ត៍មានទាន់​ហេតុការណ៏
Search

សាលា​ក្តី​បាន​បញ្ចប់​សវនាការ​លើ​ភស្តុតាង​នៅ​ក្នុង​សំណុំរឿង​០០២​វគ្គ​០២ និង​កំណត់​កាលបរិច្ឆេទ​ដាក់​សា​រណា​បិទ​បញ្ចប់​កិច្ចពិភាក្សា

ភ្នំពេញ​ ៖ អង្គ​ជំនុំជម្រះ​សាលាដំបូង​បាន​ប្រកាស​បិទ​បញ្ចប់​សវនាការ​លើ​ភស្តុតាង នៅក្នុង​សំណុំរឿង​០០២ វគ្គ​២ (០០២/០១) ពាក់ព័ន្ធ​នឹង​បទចោទប្រកាន់​ស្តី​ពី​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ អំពើ​ប្រល័យពូជសាសន៍ និង ការ​បំពារបំពាន​យ៉ាង​ធ្ងន់ធ្ងរ​លើ​អនុសញ្ញា​ទីក្រុង​ហ្សឺ​ណែវ ប្រឆាំងនឹង​ជនជាប់ចោទ នួន ជា និង ខៀវ សំផន។

តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា ចុះ​ថ្ងៃ​ពុធ ទី​១១ ខែមករា ឆ្នាំ​២០១៧ បាន​ឲ្យ​ដឹង​ថា អង្គជំនុំជម្រះ​បាន​ចាប់​ផ្តើម​សវនាការ​លើ​ភស្តុតាង នៅ​ថ្ងៃ​ទី០៨ ខែមករា ឆ្នាំ២០១៥ និង​បាន​ស្តាប់​ការ​បង្ហាញ​ភស្តុតាង​លើ​ប្រធានបទ​ស្តីពី​សហករណ៍​ត្រាំកក់ (រួម​ទាំង​មន្ទីរ​សន្តិសុខ​ក្រាំង​តា​ចាន់ និង​ការប្រព្រឹត្តិ​លើ​ពុទ្ធសាសនិក​) ការដ្ឋាន​ទំនប់​១ មករា ការដ្ឋាន​សាងសង់​ព្រលាន​យន្តហោះ​កំពង់ឆ្នាំង ការដ្ឋាន​ទំនប់​ត្រពាំង​ថ្ម ការប្រព្រឹត្តិ​លើ​ជនជាតិ​ចាម និង​វៀតណាម មន្ទីរ​សន្តិសុខ​អូរ​កន្សែង មន្ទីរ​សន្តិសុខ​ភ្នំ​ក្រោល និង​មន្ទីរ​សន្តិសុខ​ស​-២១ និង​ការ​បោសសំអាត​ផ្ទៃក្នុង ការ​ចេញ​បទបញ្ជា​អំពី​ការ​រៀប​អាពាហ៍ពិពាហ៍ លក្ខណៈ​នៃ​ជម្លោះ​ប្រដាប់​អាវុធ និង ជា​ចុងក្រោយ តួនាទី​របស់​ជនជាប់ចោទ​។

អង្គជំនុំជម្រះ​បាន​ធ្វើ​សវនាការ​រយៈពេល​២៧៤ថ្ងៃ នៅក្នុង​សំណុំរឿង​០០២/០២ និង​បាន​ស្តាប់​សក្ខីកម្ម​សាក្សី​ចំនួន​១១៤នាក់ ដើម​បណ្តឹង​រដ្ឋប្បវេណី​ចំនួន ៦៣ នាក់ និង​អ្នក​ជំនាញ​ចំនួន ៨ នាក់។

លើស​ពី​នេះ​ទៀត អង្គ​ជំនុំជម្រះ​បាន​ផ្តល់​ឱកាស​ឲ្យ​ភាគី​បង្ហាញ​ភស្តុតាង​ជា​ឯកសារ​សំខាន់ៗ ពាក់ព័ន្ធ​នឹង​ប្រធានបទ​សវនាការ​នីមួយៗ និង​បាន​ស្តាប់​ការ​បញ្ជាក់​បឋម​របស់​សហ​មេធាវី​នាំមុខ​តំណាង​ដើម​បណ្តឹង​រដ្ឋប្បវេណី​ស្តី​ពី​ការ​ទាមទារ​សំណង​។ នៅក្នុង​អំឡុងពេល សវនាការ​សំណុំរឿង​០០២/០២ នេះ មាន​សាធារណជន​សរុប​ចំនួន​៧៧៦០៤ នាក់ បាន​ចូលរួម​ស្តាប់​ដោយផ្ទាល់​នៅ ក្នុង​សាល​សវនាការ​របស់ អ​.​វ​.​ត​.​ក​។

តាម​សេចក្តី​ប្រកាស អង្គជំនុំជម្រះ​បានកំណត់​កាលបរិច្ឆេទ​សម្រាប់​ដាក់​សា​រណា​បិទ​បញ្ចប់​កិច្ចពិភាក្សា​ដេញដោល​ជា​លាយលក្ខណ៍អក្សរ នៅ​ថ្ងៃទី​២៤ ខែមេសា ឆ្នាំ ២០១៧​។ កាលបរិច្ឆេទ​សម្រាប់​ប​ណ្តឹ​ង​ទាមទារ​សំណង​ចុងក្រោយ​របស់​សហ​មេធាវី​នាំមុខ​តំណាង​ដើម​បណ្តឹងរដ្ឋប្បវេណី នៅ​ថ្ងៃទី​២២ ខែឧសភា ឆ្នាំ​២០១៧​។ សេចក្តីសន្និដ្ឋាន​ផ្ទាល់មាត់​បិទ​បញ្ចប់​កិច្ចពិភាក្សា​ដេញដោល​នឹង​ចាប់ធ្វើ​នៅ​ថ្ងៃទី​០៥ ខែមិថុនា ឆ្នាំ​២០១៧ ដោយ​សហ​មេធាវី​នាំមុខ​តំណាង​ដើម​បណ្តឹងរដ្ឋប្បវេណី​មាន​រយៈពេល​១​ថ្ងៃ ដើម្បី​បង្ហាញ​សេចក្តីសន្និដ្ឋាន​របស់ខ្លួន​។ សហ​ព្រះរាជអាជ្ញា​មាន​រយៈពេល​០៣​ថ្ងៃ ហើយ​មេធាវី​ការពារ​ក្តី​ក្រុម​នីមួយៗ​មាន​រយៈពេល ០២​ថ្ងៃ ដើម្បី​បង្ហាញ​សេចក្តីសន្និដ្ឋាន​របស់ខ្លួន​។ អង្គជំនុំជម្រះ​បានកំណត់​រយៈពេល ០១ ថ្ងៃ សម្រាប់​ការរៀបចំ​ការធ្វើ​សេចក្តីសន្និដ្ឋាន​តប និង​បានកំណត់​រយៈពេល ០៤ ម៉ោង សម្រាប់​ការធ្វើ​សេចក្តី​ថ្លែង​ចុងក្រោយ​របស់​ជនជាប់ចោទ​ផងដែរ ប្រសិនបើ​ជនជាប់ចោទ​ជ្រើសរើស​អនុវត្ត​សិទ្ធិ​នេះ​។​

​សំណុំរឿង​០០២​វគ្គ​២ (០០២/០១) ប្រឆាំង​នឹង​ជនជាប់ចោទ​ដដែល​នេះ ដែល​រួមមាន​បទ​ចោទ​អំពី​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ ពាក់ព័ន្ធ​នឹង​ការផ្លាស់​ទីលំនៅ​ប្រជាជន​ដោយ​បង្ខំ​ចេញពី​ទីក្រុង​ភ្នំពេញ ការផ្លាស់​ទីលំនៅ​ប្រជាជន​ផ្សេងៗ​ទៀត និង​ការ​សម្លាប់​នៅ​ទួល​ពោធិ៍​ជ្រៃ បាន​បញ្ចប់​ដោយមាន​ការ​ចេញ​សាលដីកា​ស្ថាពរ កាលពី​ខែ វិច្ឆិកា ឆ្នាំ ២០១៦ កន្លងមក​។ អង្គជំនុំជម្រះ​សាលាដំបូង​នឹង​សម្រេច​ផងដែរ ចំពោះ​អង្គហេតុ និង បទ​ចោទ​នានា​ដែល​នៅ​សេសសល់ នៅក្នុង​សំណុំរឿង ០០២ នាពេល​ឆាប់ៗ​ខាងមុខនេះ​។​

អង្គជំនុំជម្រះ​សាលាដំបូង បាន​ប្រកាស​ផ្អាក​សវនាការ​រហូតដល់​ថ្ងៃទី​០៥ ខែមិថុនា ឆ្នាំ២០១៧ ដែល​ជា​កាលបរិច្ឆេទ​ស​ម្រា​ប់​ការធ្វើ​សេចក្តី​សន្និដ្ឋាន​ផ្ទាល់មាត់​បិទ​បញ្ចប់​កិច្ចពិភាក្សា​ដេញដោល​។ បន្ទាប់ពី​ការធ្វើ​សេចក្តីសន្និដ្ឋាន​ផ្ទាល់មាត់​បិទ​បញ្ចប់​កិច្ចពិភាក្សា​ដេញដោល អង្គ​ជំនុំជម្រះ​នឹង​ចេញ​សាលក្រម​ក្នុង​សំណុំរឿង​០០២/០២ នៅក្នុង​រយៈពេល​សមស្រប​ខាងមុខ​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684