ព័ត៍មានទាន់​ហេតុការណ៏
Search

សង្កាត់​ម្កាក់​ បើ​ចង់​ឈ្នះ​ឆ្នោត​នៅ​ឆ្នាំ​២០១៧​នេះ​ ​អាជ្ញាធរ​ត្រូវចុះទៅ​ដល់​មូលដ្ឋាន​និង​សហគមន៍​ថា​តើ​ប្រជាពលរដ្ឋ​ចង់បាន​អ្វីខ្លះ

​បន្ទាយ​មានជ័យ ៖ សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា​ចំនួន​២៣០​នាក់ ​មកពី​សង្កាត់​ម្កាក់​ ដែលបាន​មក​ចូលរួម​ក្នុង​អង្គសន្និបាត​បូកសរុប​ការងារ​លើ​គ្រប់​វិស័យ​របស់​គណបក្ស​ រយៈពេល​៥​ឆ្នាំ​បាននាំគ្នា​បញ្ចេញមតិ​យ៉ាង​ផុលផុស​ថា​ សង្កាត់​ម្កាក់​បើ​ចង់​ឈ្នះ​ឆ្នោត​នៅ​ឆ្នាំ​២០១៧​នេះ​ អាជ្ញាធរត្រូវ​ចុះទៅ​ដល់​មូលដ្ឋាន ​និង ​សហគមន៍​ថា​ តើ​ប្រជាពលរដ្ឋ​ចង់បាន​អ្វីខ្លះ ​ពី​អស់លោក​។

សន្និបាតនេះ ធ្វើឡើងនៅ​ព្រឹក​ថ្ងៃ​ទី​១១ ​ខែមករា ​ឆ្នាំ​២០១៧​នេះ​ នៅ​ស្នាក់​ការ​គណបក្ស​ប្រជា​ជន​កម្ពុជា​សង្កាត់​ម្កាក់ ស្ថិត​ក្នុង​ភូមិម្កាក់ សង្កាត់​ម្កាក់ ក្រុង​សិរីសោភ័ណ ខេត្ត​បន្ទាយមានជ័យ ដែល​មាន​ការចូលរួម លោក​សុន​គន្ធរ រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី​ និង ​ជា​អនុប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះ​ជួយ​ខេត្ត​បន្ទាយមានជ័យ លោក​ លី​ សារី​ អភិបាលរង ខេត្ត​បន្ទាយមានជ័យ លោក​វ៉ៃ ​គេង​លី ​អភិបាលក្រុង​សិរីសោភ័ណ​។

ថ្លែង​ក្នុង​ពិធី​អង្គ​សន្និបាត​នោះ​ លោកតា​ម្នាក់​ឈ្មោះ​ក្អាត់ ​បាន​ឡើង​បញ្ចេញមតិ​យ៉ាង​ផុសផុល​ថា​ គណបក្ស​ប្រជាជន​សង្កាត់​ម្កាក់ បើ​ចង់បាន​សន្លឹកឆ្នោត​ពី​ប្រជាពលរដ្ឋ​នោះ​ងាយ​បំផុត​។ លោកតា​បាន​បញ្ជាក់​ទៀត​ថា ​ក្នុងនាម​លោកតា​ធ្លាប់ រស់នៅ​រួមសុខ​រួម​ទុក្ខ​ជាមួយ​ប្រជាពលរដ្ឋ​ក្នុងភូមិ​លោកតា​យល់ចិត្ត​ប្រជាពលរដ្ឋ​យ៉ាង​ច្បាស់​ថា​ តើ​អ្នកភូមិ​ចង់បាន​អ្វីខ្លះ​ពី​អាជ្ញាធរ ឃុំ​សង្កាត់ ក្រុង ស្រុក​ ខេត្ត ចំណុច​ទី​១​ គឺ​បញ្ហា​ផ្លូវថ្នល់​នៅ​តាម​ភូមិ និង​សហគមន៍​ប្រជាពលរដ្ឋ​ចង់​ឲ្យ​អាជ្ញាធរ​ធ្វើ​ឲ្យ​បានល្អ​ស្អាត ទី​២​បញ្ហា​ទឹក​ហូប​និង​ទឹក​ធ្វើស្រែ ប្រជាពលរដ្ឋ​បាន​ជំរុញ​ឲ្យ​អាជ្ញាធរ ជីក​ស្រះ និង​ប្រឡាយ​ឲ្យ​បាន​ច្រើន នៅ​ជុំវិញ​ភូមិ​ដើម្បី​ទប់ទឹក​ទុក​ប្រើ​បញ្ហា​ទី​៣​ចង់​ឲ្យ​អាជ្ញាធរ​តភ្លើង​ចូល​ឲ្យ​គ្រប់​ភូមិ​នៅ​ទីជនបទ ពិសេស​ជាងគេ​នោះ​គឺ​បញ្ហា​ត្រូវ​ដែល​ប្រជាកសិករ​ធ្វើបាន​ហើយ​គ្មាន​ទីផ្សារ​ស្រូវ​ធ្លាក់​ចុះថោក​យ៉ាង​គំ​ហុក​ស្រេច​តែ​ឈ្មួយ​ឲ្យ​តម្លៃ​ធ្វើ​ឲ្យ​អ្នកស្រែ​មួយ​ចំនួន​ខាតចុង​ខាតដើម​ជំពាក់​លុយ​ធនាគារ​លក់​ផ្ទះ សម្បែង​រត់ចោល​ភូមិ​ស្ទើរ​ស្ងាត់​ស្រុក ​ប្រជាពលរដ្ឋ​ចង់​ឲ្យ​អាជ្ញាធរ​ជួយ​ដោះ​រក​ទីផ្សារ​លក់​ស្រូវ​ឲ្យ​បាន​ថ្លៃ​ផង​កុំ​ឲ្យ​ឈ្មួញ​បង្អាប់​តម្លៃ​ស្រូវ​ខ្លាំង​ពេក។

លោកតា​បាន​បញ្ជាក់​ទៀត​ថា បើ​អាជ្ញា​ជួយ​ប្រជាពលរដ្ឋ​ទាំង​៤​ចំណុច​នោះ​បាន​ប្រជាពលរដ្ឋ​នឹង​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​មិន​ខានឡើយ​។ ក្នុង​អង្គសន្និបាត​នោះ​ដែរ ​បាន​ធ្វើ​ការបោះឆ្នោត​ជ្រើសរើស ចៅសង្កាត់ ចៅ​សង្កាត់រង​ទី​១ ​ចៅសង្កាត់រង​ទី​២​ និង​សមាជិក​ក្រុមប្រឹក្សា​សង្កាត់​ជាដើម​សរុប​មាន​៧​រូប​មាន​ចំនួន​៧​ភូមិ​មាន​ប្រជាពលរដ្ឋ​ចូល​បោះឆ្នោត​ចំនួន​២៣០​នាក់​ ហើយ​អ្នក​ដែល​មាន​ឈ្មោះ​នៅ​ក្នុង​បញ្ជី​បោះឆ្នោត​នោះ​មាន​ចំនួន​៣.២៥០​នាក់​ស្រី​១.៧៦២​នាក់​ និង​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា​រួមមាន​២.១៣១​នាក់​ស្រី​១.១២៤​នាក់ ​នៅ​ក្នុង​សង្កាត់​ម្កាក់​នេះ​។

ក្នុង​អង្គសន្និបាត​នោះ​ដែរ លោក​ សុន​ គន្ធ​ បាន​មានប្រសាសន៍​ដែរ​ថា​ លោក​ចង់​ឲ្យ​អាជ្ញាធរ ឃុំ សង្កាត់ ក្រុង ស្រុក ខេត្ត​ទាំងអស់​នាំគ្នា​ចុះទៅ​ដល់​មូលដ្ឋាន​របស់​ប្រជាពលរដ្ឋ​ឲ្យ​បាន​ច្រើន​ដើម្បី​ស្វែងរក​ចំណុចខ្លាំង​ខ្សោយ​របស់​ប្រជាពលរដ្ឋ​ថា​ តើ​គាត់​ចង់បាន​អ្វី​ហើយ​មិន​ត្រូវ​គាប​សង្កាត់​ប្រជាពលរដ្ឋ​ក្នុង​ការ​ធ្វើ សៀវភៅ​កំណើត អត្តសញ្ញាណ​ប័ណ្ណ សៀវភៅ​គ្រួសារ អត្រានុកូលដ្ឋាន​មិន​ត្រូវ​តម្រូវ​ឲ្យ​គាត់​បង់លុយ​តាម​ទំនើងចិត្ត​នោះ​ដាច់ខាត​៕

  



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។

សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684