ព័ត៍មានទាន់​ហេតុការណ៏
Search

នគរបាល​ឃាត់ខ្លួន​សង្ឃ​២​អង្គ​ ខ​ណៈ​សេព​គ្រឿងញៀន​ក្នុង​វត្ត

កណ្តាល ៖ សង្ឃ​២​អង្គ​ បាន​ត្រូវ​នគរបាល​ស្រុក​កោះធំ​ឃាត់ខ្លួន​ ខ​ណៈ​សេព​គ្រឿងញៀន​កាលពី​ថ្ងៃ​ទី១០ ខែមករា ឆ្នាំ ២០១៧ វេលា​ម៉ោង ១៤​និង​០០​នាទី​ នៅចំណុច​ក្នុង​បរិវេណ​វត្ត​សំប៉ាន ភូមិ​សំប៉ាន ឃុំ​កោះធំ​(​ខ​) ស្រុក​កោះធំ ខេត្តកណ្ដាល។

នគរបាល​ស្រុក​កោះធំ​ប្រាប់​ឲ្យ​ដឹង​ថា ជនសង្ស័យ ចំនួន ០២​នាក់ ១/-​ឈ្មោះ សឿង សុ​ផានី ភេទប្រុស អាយុ១៦​ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ​ភូមិ​ស្យា ឃុំ​វាល​ពង់ ស្រុក​ថ្ពង ខេត្តកំពង់ស្ពឺ មុខរបរ ព្រះសង្ឃ (​ចាប់​ឃាត់ខ្លួន​)​។ ២/-​ឈ្មោះ ខែម រ៉ា​មី ភេទ​ប្រុស អាយុ ១៨​ឆ្នាំ ជនជាតិ​ខ្មែរ មាន​ទីលំនៅ​ភូមិ​ព្រៃ​មិច ឃុំ​វាល​ពង់ ស្រុក​ថ្ពង ខេត្ត​កំពង់ស្ពឺ មុខរបរ ព្រះសង្ឃ (​ចាប់​ឃាត់ខ្លួន​)​។ វត្ថុតាង​ចាប់​ដកហូតយក ១/​សម្ភារៈ​សម្រាប់​ប្រើប្រាស់​គ្រឿងញៀន​មួយចំនួន​។ ២/-​ទូរស័ព្ទ​ចល័ត​ចំនួន ០១​គ្រឿង។ អំពី​រឿងហេតុ​នគរបាល​បាន​ប្រាប់​ថា កាលពី​ពេលវេលា​កើតហេតុ​ខាងលើ សមត្ថកិច្ច​ជំនាញ​នគរបាល​ស្រុក​កោះធំ​បាន​ចល័ត​ល្បាត​ក្នុងភូមិ​សាស្ត្រ​ខ្លួន​គ្រប់គ្រង ​ពេលនោះ​បាន​ទទួល​ព័ត៌មាន​ពី​មហាជន​ល្អ​ថា មាន​ព្រះសង្ឃ​គង់នៅ​វត្ត​សំប៉ាន ចំនួន ០២ អង្គ កំពុង​ប្រើប្រាស់​(​ជក់​)​គ្រឿងញៀន នៅក្នុង​វត្ត។

ក្រោយពី​ទទួល​បាន​ព័ត៌មាន​ភ្លាម​ សមត្ថកិច្ច​បាន​ចុះ​ដល់​កន្លែង​កើតហេតុ​ខាងលើ​ហើយ​បាន​ជួប​មុខសញ្ញា​សង្ស័យ ០២​នាក់ ឈ្មោះ សឿង សុ​ផានី និង​ឈ្មោះ ខែម រ៉ា​មី នៅ​ក្នុង​បន្ទប់​កុដិ​លោក កំពុង​នាំគ្នា​ប្រើប្រាស់​គ្រឿងញៀន។

ពេលនោះ​ព្រះចៅ​អធិការ​វត្ត​បាន​រាយការណ៍​ទៅខាង​ធម្មការ​ស្រុក រួច​បាន​ផ្សឹក​ព្រះសង្ឃ​ទាំង ០២​អង្គ​នោះ រួច​ប្រគល់​ឲ្យសមត្ថកិច្ច​។

ជនសង្ស័យ​ទាំង ០២​នាក់ រួម​ជាមួយនឹង​ឧបករណ៍​កែច្នៃ​សម្រាប់​ជក់​ថ្នាំញៀន​មួយ​ចំនួន ត្រូវ​បាន​បញ្ជូន​មកកាន់​អធិការដ្ឋាន​នគរបាល​ស្រុក​កោះធំ បន្ត​ចាត់ការ​តាម​នីតិវិធី។

តាម​ចម្លើយ​សារភាព​របស់​ជនស​ង្ស័​យ ខែម រ៉ា​មី និង សឿង សុ​ផានី បាន​សារភាព​ថា ពួក​ខ្លួន​ពិតជា​បាន​ប្រើប្រាស់​គ្រឿងញៀន​ជាមួយគ្នា​ប្រាកដ​មែន ដោយ​ថ្នាំញៀន​ដែល​ពួក​ខ្លួន​នាំគ្នា​ជក់​នោះ គឺ​ទើប​និង​ទិញ​ពី​ឈ្មោះ ម៉ា​រ៉ា​ឌី ភេទ​ប្រុស និង​ឈ្មោះ គឹម​ហ័ង ភេទ​ស្រី ក្នុងតម្លៃ ៣០,០០០រៀល៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684