ព័ត៍មានទាន់​ហេតុការណ៏
Search

បានចម្លើយ​សារភាព​ពីមុខ​សញ្ញា​ជួញដូរ​គ្រឿង​ញៀន​ ឈាន​ទៅ​ចាប់​មុខសញ្ញា​ទទួល​ផល​ចោរកម្ម

កណ្តាល ៖ មុខសញ្ញា​ទទួល​ទិញ​លក់​ផល​ចោរកម្ម​ម្នាក់ ​ត្រូវ​បាន​ឃាត់ខ្លួន​និង​វត្ថុតាង​ជាច្រើន​មាន​ស្លាក​លេខ​ម៉ូ​តូ រថយន្ត ប័ណ្ណ​សម្គាល់យានយន្ត អត្តសញ្ញាណ​ប័ណ្ណ​សញ្ជាតិ​ខ្មែរ​ និង ​កូនសោ​ម៉ូតូ រថយន្ត ​ត្រូវ​បាន​ដកហូត​អនុវត្តន៍​តាម​នីតិ​វិធី​ច្បាប់​។

ជនសង្ស័យ​ និង ​វត្ថុតាង​ត្រូវ​បាន​បង្ក្រាប​កាលពី​ថ្ងៃ​សៅរ៍​ ទី​៧​ ខែមករា ​ឆ្នាំ​២០១៧​ ក្រោយពី​កម្លាំង​កង​រាជ​អាវុធហត្ថ​ខេត្ត​កណ្តាល​ធ្វើ ការ​ឃាត់​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​ម្នាក់​កាលពី​ថ្ងៃ​ទី​៥ ខែមករា​ ឆ្នាំ​២០១៧​ បាន​សារភាព​ពី​បក្ខពួក​ប្រកប​របរ​ទិញ​លក់​ផល​ចោរកម្ម​។

ជនសង្ស័យ​ និង ​វត្ថុ​តាង​ត្រូវ​កម្លាំង​អាវុធហត្ថ​ នៃ​ម​ន្ទី​រ​យុ​ត្តិ​ធ​ម៌​បញ្ជាការ​ដ្ឋាន​កង​រាជ​អាវុធ​ហត្ថ​ខេត្តកណ្តាល​ធ្វើការ​បង្ហាញខ្លួន​នៅ​ព្រឹក​ថ្ងៃ​ទី​១១ ​ខែមករា ​ឆ្នាំ​២០១៧​។

សូម​រម្លឹក​ថា នៅ​ថ្ងៃ​ទី​៥ ខែមករា ឆ្នាំ​២០១៧ កម្លាំង​កងរាជអាវុធហត្ថ ខេត្ត​កណ្តាល​បាន​ធ្វើ​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ គឹម សុខ​សំណាង ហៅ យ៉យ ភេទប្រុស អាយុ​៣៨​ឆ្នាំ ​ជាប់​ពាក់ព័ន្ធ​ជាមួយ​សារធាតុ​ញៀន និង​ករណី​លួច​។ បន្ទាប់ពី​បាន​ធ្វើ​ការ​ឃាត់ខ្លួន​រួចមក ជនសង្ស័យ​ត្រូវ​បាន​បញ្ជូន​ទៅ​បញ្ជាការ​ដ្ឋាន​ខេត្ត ដើម្បី​ធ្វើការ​សាកសួរ។

នៅមុខ​មន្ត្រី​កងរាជអាវុធហត្ថ ជនសង្ស័យ​បាន​សារភាព​ថា ខ្លួន​ធ្លាប់​បាន​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​ជាច្រើន​ដង​មក​ហើយ ហើយ​បាន​យក​ម៉ូតូ​ទាំងនោះ ទៅ​លក់​ឲ្យ ឈ្មោះ សុំ សៀ​ប រស់នៅ​ភូមិ​ត្រពាំង​រាំង ឃុំ​ខ្វាវ ស្រុក​សំរោង ខេត្តតាកែវ​។

ដោយ​ទទួល​បាន ការអនុញ្ញាត ពី​ព្រះរាជអាជ្ញា​ខេត្តកណ្តាល និង​ព្រះរាជអាជ្ញា​ខេត្តតាកែវ ព្រមទាំង​មានការ​ចូល​រួម​ពី​អាជ្ញាធរ​មូលដ្ឋាន កម្លាំង​កងរាជអាវុធហត្ថ ខេត្តតាកែវ កម្លាំង​ជំនាញ​កងរាជអាវុធហត្ថ​ខេត្ត​កណ្តាល​ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ទោ ទូច អ៊ី​ណាន បាន​បន្ត​ចុះ​ស្រាវជ្រាវ និង​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ សុំ សៀ​ប នៅ​ភូមិ​ត្រពាំង​រាំង ឃុំ​ខ្វាវ ស្រុក​សំរោង ខេត្តតាកែវ មុខរបរ​ទិញ​-​លក់​ម៉ូតូ​ខុសច្បាប់ និង​ដាប់​ឈូស​លេខ​ម៉ូតូ​ខុសច្បាប់​។ បើ​តាម​ការ ឆ្លើយ​សារភាព​របស់​ឈ្មោះ​សុំ លៀប​ឲ្យ​ដឹង​ថា ខ្លួន​បាន​រកស៊ី​ទិញ លក់​ម៉ូតូ ដាប់​ឈូស​លេខ​ខុសច្បាប់ អស់​រយៈពេល២ឆ្នាំ​ មក​ហើយ រាល់​ម៉ូតូ​ដែល​គេ​យក​មក​លក់​ឲ្យ​ខ្លួន​ជា​ម៉ូតូ​ឆបោក លួច ប្លន់ ហើយ​ពុំ​មាន​ធ្វើលិខិត​ស្នាម។

ក្នុង​ការ​បង្ក្រាប​បទល្មើស​ទទួល​ផល​ចោរកម្ម​នេះ លោក​វរសេនីយ៍ទោ ពក​សាង​នាយរង​សេនាធិការ​កងរាជអាវុធហត្ថ​ខេត្តកណ្តាល បាន​ឲ្យ​ដឹង​ថា កម្លាំង​កងរាជអាវុធហត្ថ ខេត្តកណ្តាល​បាន​ដកហូត​វត្ថុ​តាង​រួមមាន ស្លាក​លេខ​ម៉ូតូ ១០១​បន្ទះ ស្លាក​លេខ​រថយន្ត ២​បន្ទះ កូនសោ​ម៉ូតូ ២៥ បន្ទះ​កុង​ទ័​រ​ម៉ូតូ ៥​បន្ទះ ប្រដាប់​កិប ប្រដាប់​កែច្នៃ​ឈូស​លេខ​ម៉ូតូ​មួយ​ចំនួន គ្រាប់​អាវុធខ្លី ២០​គ្រាប់ ប័ណ្ណ​សំគាល់​យានយន្ត ៤៨​សន្លឹក អត្តសញ្ញាណ​ប័ណ្ណ​សញ្ជាតិ​ខ្មែរ ១៣​សន្លឹក និង​ប័ណ្ណ​បើកបរ ៣​សន្លឹក។

ក្នុង​នោះដែរ ​លោក​វរសេនីយ៍ទោ ពក សាង បាន​ស្នើ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​បាត់បង់​ម៉ូតូ កាត​គ្រី អត្តសញ្ញាណ​ប័ណ្ណ មក​ដាក់ពាក្យ​បណ្តឹង​នៅ បញ្ជាការ​ដ្ឋាន​កងរាជអាវុធហត្ថ​ខេត្តកណ្តាល​ ដើម្បី​ដាក់​បន្ទុក​ទៅលើ​ជនសង្ស័យ សុំ សៀ​ប បន្ថែម​ទៀត ក្នុង​ការ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តកណ្តាល​ចាត់ការ​តាម​នីតិវិធី​៕

  



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684