ព័ត៍មានទាន់​ហេតុការណ៏
Search

អនុវត្ត​តាម​ដី​កា​ របស់​តុលាការ ​បែរជា​ប្រទះឃើញ​អាវុធ​ច្នៃ​បន្ថែម​ទៀត

បាត់ដំបង ៖ ជនសង្ស័យ​ម្នាក់​ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នៃ​អធិការដ្ឋាន នគរបាល​ស្រុក​បាណន់ ធ្វើការ​ឃាត់ខ្លួន ទៅតាម​ដីកា​របស់​តុលាការ ពាក់ព័ន្ធ​នឹង​ករណី​ជួញដូរ​នូវ​សារធាតុ​ញៀន​នា​ពេល​កន្លងមក បន្ទាប់ពី​ជនសង្ស័យ​រូបនេះ បាន​រត់គេចខ្លួន​បាត់​មួយរយៈ​រួចមក។

យោង​តាម​ដីកា​លេខ ២៤២ ត ព្រ /១៦ របស់​ចៅក្រម​ស៊ើប​សួរ លិ សុខា ដោយ​បញ្ជា​ឲ្យនាំខ្លួន​ជនសង្ស័យ​ដែល​មាន​ឈ្មោះ នូវ សា​រ៉ា ហៅ​គ្រឹ​ង ភេទ​ប្រុស អាយុ​២៩​ឆ្នាំ រស់នៅ​ភូមិ​ភ្នំ​សំពៅ​កើត ឃុំ​ភ្នំ​សំពៅ ស្រុក​បាណន់ ខេត្តបាត់ដំបង ទើប​នៅ​ថ្ងៃ១១ ខែមករា ឆ្នាំ​២០១៧ វេលា ម៉ោង១០និង​១៥​នាទី កម្លាំង​បាន​ចុះ​ប្រតិបត្តិការ​នាំ​ខ្លួន​ជនសង្ស័យ​រូប​នេះ ព្រមទាំង​បាន​សុំ​គោលការណ៍​ទៅ​លោក​ព្រះរាជអាជ្ញា​ ដើម្បី​ឆែកឆេរ​លំនៅឋាន​របស់​ជនសង្ស័យ។

ក្នុង​ការ​ឆែកឆេរ​នេះ សមត្ថកិច្ច​បាន​រក​ឃើញ​ថ្នាំញៀន​ប្រភេទ​ម៉ា​ទឹកកក​ចំនួន ១​កូន​ថង់​គ្រឿងញៀន​ប្រភេទ​យ៉ាម៉ា​ចំនួន​២​គ្រាប់ ដែល​គ្រឿងញៀនទាំងនេះ​ គឺ​ជន​សង្ស័យ​បាន​លាក់​ទុក​នៅ​ជាប់​នឹង​ខ្លួន ដោយឡែក​នៅ​ក្នុង​លំនៅឋាន កម្លាំង​បាន​រក​ឃើញ អាវុធ​ធុន អាកា ច្នៃ​ចំនួន​មួយ​ដើម បង់​ចំនួន​១ និង​គ្រាប់​ចំនួន​៣៦គ្រាប់ ជញ្ជីង​សម្រាប់​ថ្លឹង គ្រឿងញៀន​១ ខ្នងកង់​ម៉ូតូ​ចំនួន៣ ស្លាក​លេខ​ម៉ូតូ​ចំនួន​២​សន្លឹក អាវ​នគរបាល​២​ឈុត ខ្មៅ​១ និង​យឺត​ដៃខ្លី​១ អាវយឺត​កងរាជអាវុធហត្ថ​១ ខោ​ប៉ា​រ៉ា​១ និង​សម្ភារៈ​សម្រាប់​វេច​ខ្ចប់​មួយ​ចំនួន។

បច្ចុប្បន្ន​ជនសង្ស័យ ត្រូវបាន​កម្លាំង​ជំនាញ​រៀបចំ​កសាង​សំណុំរឿង​ដើម្បី​បញ្ជូន​ខ្លួន​ទៅកាន់​សាលាដំបូង និង​អនុវត្ត​ទៅតាម​នីតិ​វិធី​ច្បាប់៕

     



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។

សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684