ព័ត៍មានទាន់​ហេតុការណ៏
Search

ចរាចរណ៍​ផ្លូវទឹក​ក្នុង​ស្ទឹង​សង្កែ​អាច​បិទ ដោយសារ​បទល្មើស​នេសាទ​ច្រើនពេក​

បាត់ដំបង ៖ នៅ​រដូវ​ទឹក​សម្រក​នេះ គេ​សង្កេត​ឃើញ​ថា នៅ​តាម​បណ្ដោយ​ដងស្ទឹង​សង្កែ​មាន​បទ​ល្មើស​នេសាទ​កើន​ឡើង​គួរ​ឲ្យ​កត់សម្គាល់ ស្របពេល​ដែល​អាជ្ញា​ធរមាន​សមត្ថកិច្ច និង​អង្គភាព​ជល​ផល មានការ​ដេកលក់ ​ឬក៏​រវល់​ចុះទៅ​ប្រមូល​ផល​នៅ​ឯ​ដង​ទន្លេសាប ដែល​នៅ​ទីនោះ​មាន​បទល្មើស​ធំៗ​ជាង​នៅ​តាម​ដងស្ទឹង។

បន្ទាប់ពី​មាន​បទបញ្ជា​យ៉ាង​ម៉ឺងម៉ាត់​ពី​សំណាក់​ប្រមុខ​នៃ​រាជរដ្ឋាភិបាល ស្ដីពី​យុទ្ធនាការ​បង្ក្រាប​បទ​ល្មើស​នេសាទ​នៅ​ទូទាំង​ប្រទេស​រួចមក គេ​សង្កេត​ឃើញ​ថា​ នៅ​ក្នុង​ខេត្ត​បាត់ដំបង ក៏ដូចជា​តាម​បណ្ដា​ខេត្ត នៅ​ទូទាំង​ប្រទេស​កម្ពុជា​ផង​ដែរ បាន​បញ្ចេញ​សាច់ដុំ​យ៉ាង​ក្តៅ​គគុក វាយ​សម្រុក​ធ្វើការ​បង្ក្រាប​លើ​បទល្មើស​នេសាទ​តាម​បែប​ទ្រង់ទ្រាយ​ធំ​ឬ​តូច​ទៅតាម​តំបន់​ជាក់ស្ដែង។

យ៉ាងណាមិញ ខេត្ត​បាត់ដំបង​ក៏​យ៉ាង​ដូច្នេះ​ដែរ គឺ​អាជ្ញាធរ​ខេត្ត​បាន​ដឹកនាំ​កម្លាំង​រាប់សិប​នាក់ ចេញ​ប្រតិបត្តិការ​ពេញ​ផ្ទៃ​បឹង​ទន្លេសាប​ប្រៀប​បាន​នឹង​ក្បួន​អង្គ​កឋិនទាន​ដង្ហែ​ទៅកាន់​ទី​អារាម​ណាមួយ​ដែរ ព្រោះ​កាណូត​ជិត​២០​គ្រឿង និង​មនុស្ស​ជាង​៦០​នាក់​ ដែល​ជា​ប្រវត្តិសាស្ត្រ​មួយ​ក្នុង​ខេត្ត​បាត់​ដំបង មិន​ធ្លាប់​មាន​នា​ពេល​កន្លងមក។ ការ​ចេញ​ប្រតិបត្តិការ​ទ្រង់ទ្រាយ​ធំ​បែបនេះ ក៏​មិន​ខុស​អី​ទៅ​នឹង​កិច្ចប្រតិបត្តិការ​តូចៗ​របស់​កម្លាំង​ស្រុក​មួយ​ចំនួន​នោះ​ទេ ព្រោះ​គេ​មិនដែល​ឃើញ​មានការ​ឃាត់​ខ្លួន​ម្ចាស់​បទល្មើស​ណាមួយ​បាន​នោះ​ឡើយ ឯ​អ្នក​ដែល​មាន​ខ្សែ ឬក៏​គេ​ហៅថា​អ្នក​ដែល​ធ្លាប់​ផ្តល់​អង្ករ​ផ្តល់​ឆ្នាំងបាយ​ដល់​អង្គភាព​ជំនាញ ក៏​នៅតែ​រួចខ្លួន​ព្រោះ​គេ​អាច​ដឹង​មុន​គ្រប់ពេលវេលា​ពិសេស​គឺ​ទីតាំង​ដែល​សំខាន់​ស្ថិតនៅ​ត្រង់​ចំណុច អតីត​ឡូ​តិ៍​លេខ​២ ក្នុង​ឃុំ​កោះ​ជី​វាំង​ស្រុក​ឯក​ភ្នំ ខេត្ត​បាត់​ដំបង។

បច្ចុប្បន្ន​នៅ​តាម​បណ្ដោយ​ដងស្ទឹង​សង្កែ គឺ​មាន​បទល្មើស​បាន​កើន​ឡើង​យ៉ាង​ខ្លាំង​ដែល​ក្នុង​នោះ​រួមមាន អ៊ុយ ដែល​ជា​ប្រភេទ​ស្បៃ​មង​ក្រឡា​ញឹក និង​សម្រាស់​ជាដើម​ដែល​ក្រុម​អ្នករក​ស៊ី​បាន​ដាក់​ពង្រាយ​ពេញ​ក្នុង​ទឹកស្ទឹង​តែម្តង ដែល​មើល​ទៅ​ស្ទើរតែ​ត្រូវ​បាន​បិទ​ការ​ធ្វើ​ចរាចរណ៍​យ៉ាង​ដូច្នេះ​ដែរ ដោយសារតែ​វា​មាន​សភាព​ចង្អៀត​ខ្លាំង​ពេក។

ទន្ទឹម​នឹង​នេះ​គេ​មិនដែល​ឃើញ​មន្ត្រី​ជលផល​ណាមួយ​ចុះ​បង្ក្រាប ឬ​បោសសម្អាត​បទល្មើស​នៅ​តាម​ដងស្ទឹង​នោះ​ឡើយ ដែល​គេ​ទុក​បណ្ដោយ​ឲ្យ​បទល្មើស​កាន់តែ​មាន​ទ្រង់ទ្រាយ​ធំ​ឡើងៗ តាម​បែប​អនាធិបតេយ្យ វា​ហាក់បីដូចជា​មិន​មាន​ការ​រំខាន​ដល់​ដំណេក​របស់​អង្គភាព​ជលផល​ឡើយ។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ យើង​បាន​ព្យាយាម​ទាក់ទង​ទៅ​លោក ជួង សុភា ប្រធាន​ខណ្ឌ​រដ្ឋបាល​ជល​ផល ដើម្បី​សុំ​ការ​បំភ្លឺ តែ​មិន​អាច​ទាក់ទង​បានទេ​កាលពី​ព្រឹក​ថ្ងៃទី១២ ខែមករា ឆ្នាំ​២០១៧ នេះ ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684