Connect with us

កីឡា

មីយ៉ាន់ម៉ា អរគុណកម្ពុជា ដែលមិនយកកម្រៃច្រើនយ៉ាងក្នុងស៊ីហ្គេមឆ្នាំ២០២៣

បានផុស

នៅ

រដ្ឋមន្ដ្រីសហភាពក្រសួងកីឡា និងជាប្រធានគណៈកម្មាធិការជាតិ​អូឡាំពិកមីយ៉ាន់ម៉ា លោក Minn Thein Zan បានសម្ដែងការអរគុណ និង​កោតសរសើរ​យ៉ាង​ខ្លាំង​ចំពោះ​ប្រទេស​កម្ពុជា ដែលបានផ្ដល់ជូនគ្រប់បណ្ដាប្រទេសចូលរួមប្រកួតស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នូវការ​ស្នាក់នៅ ម្ហូប​អាហារ និងការ​ដឹក​ជញ្ជូន​ដោយ​ឥត​គិត​ថ្លៃ។

ថ្មីៗនេះយោងតាមការសម្រេចចិត្តដ៏ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី សម្រាប់ការហូបចុក-ស្នាក់នៅ និង​ការ​ធ្វើ​ដំណើរ​របស់ប្រតិភូ និង​អត្តពលិក អាស៊ីអាគ្នេយ៍ទាំងអស់ពេល​ចូល​រួមប្រកួត​ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ គឺ​​មិន​​ត្រូវឲ្យ​មាន​ការ​បង់​ថ្លៃ​អ្វី​ឡើយ។ បន្ថែម​លើ​នេះ ថ្លៃសំបុត្រចូលទស្សនាពិធីបើក-បិទ និងការប្រកួតគ្រប់ប្រភេទកីឡាទាំងអស់ ក៏ដូចជាការផ្ដល់សិទ្ធិផ្សាយដោយឥតគិតថ្លៃដល់បណ្ដាប្រទេសជាដៃគូផ្សព្វផ្សាយ។ 

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​ពិធីដង្ហែព្រះអគ្គិជ័យកីឡា និងរត់ភ្លើងគប់ស៊ីហ្គេម លើកទី៣២ និង​អាស៊ានប៉ារ៉ាហ្គេម លើកទី១២​ នៅ​ប្រទេស​មីយ៉ាន់ម៉ា ព្រឹកថ្ងៃទី២១ ខែមេសា លោក Minn Thein Zan បានមានប្រសាសន៍ថា៖ «ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកម្ពុជា ដែលបានសម្រេចក្នុងការផ្ដល់ជូនដោយឥតគិតថ្លៃជាច្រើនយ៉ាងដូច្នេះ។ ការផ្ដល់ជូននេះ គឺខ្ញុំមិនធ្លាប់បានឮ ឬបានដឹងពីមុនមក សម្រាប់នៅប្រទេសផ្សេងៗទេ មានតែនៅកម្ពុជា គឺជាប្រទេសទី១ ដែលបានផ្ដល់ជូនយ៉ាងច្រើនបែបនេះ។ នៅប្រទេសផ្សេងៗគឺត្រូវចំណាយ។ ខ្ញុំពិតជារីករាយជាខ្លាំង ចំពោះដំណឹងដ៏ល្អមួយនេះ»។

​លោក​បាន​សង្កត់ធ្ងន់​ថា នេះជាការផ្ដល់ជូន​នូវកិត្តិយសដ៏ខ្ពង់ខ្ពស់ សម្រាប់បណ្ដាប្រទេសដែលចូលរួមព្រឹត្តិការណ៍ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេមនៅកម្ពុជា ដែលប្រទេសផ្សេងៗ ពុំធ្លាប់បានផ្ដល់ជូន។ «កម្ពុជា ពិតជាព្រះរាជាណាចក្រអច្ឆរិយៈមួយដ៏អស្ចារ្យ»។ សម្ដីរបស់​លោក Minn Thein Zan។

ក្បួនដង្ហែព្រះអគ្គិជ័យកីឡា និងភ្លើងគប់កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នៅទីក្រុងយ៉ាំងហ្គូន ​ប្រទេស​មីយ៉ាន់ម៉ា បានប្រព្រឹត្តទៅ និងបញ្ចប់ដោយរលូន ព្រមទាំងទទួលបានជោគជ័យ នៅព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣នេះ ដោយមានកីឡាករ កីឡាការិនីមីយ៉ាន់ម៉ា ប្រមាណ ១៥០០នាក់ចូល​រួម ព្រមទាំងទទួលបានការសាទរយ៉ាងច្រើនកុះករពីពលរដ្ឋនៅតាមដងផ្លូវ៕

អត្ថបទ៖ មន្នីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម