ព័ត៍មានទាន់​ហេតុការណ៏
Search

រាជរដ្ឋាភិបាល ​សម្រេច​លុបចោល​ការ​យក​លុយ​ធ្វើ​សំបុត្រអាពាហ៍ពិពាហ៍​ សៀវភៅ​ស្នាក់នៅ និង​សៀវភៅ​គ្រួសារ​ជា​ផ្លូវការ

ភ្នំពេញ ​៖ រាជរដ្ឋាភិបាល​កម្ពុជា តាមរយៈ​ក្រសួងមហាផ្ទៃ និង​ក្រសួង​សេដ្ឋកិច្ច បានចេញ​ប្រកាស​អន្តរក្រសួង ស្តីពី​ការផ្តល់សេវា​រដ្ឋបាលរ​បស់​ក្រសួងមហាផ្ទៃ ដើម្បី​កំណត់​តម្លៃ​ការផ្តល់សេវា រដ្ឋបាល​របស់​ក្រសួងមហាផ្ទៃ ដើម្បី​យក​ថវិកា​ជា​ប្រយោជន៍​ដល់​ប្រទេសជាតិ ហើយ​នៅក្នុង​ប្រកាស​នោះបាន​លុបចោល​ថ្លៃ​សេវា​សម្រាប់​ការងាររដ្ឋបាល​មួយចំនួន ដែលមាន​ការធ្វើ​សំបុត្រអាពាហ៍ពិពាហ៍ អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ សៀវភៅ​ស្នាក់នៅ និង​សៀវភៅ​គ្រួសារ​ជាដើម​។​

តាម​ប្រកាស​នោះ សេវា​រដ្ឋបាល​របស់​ក្រសួងមហាផ្ទៃ ដែល​មិន​យក​កម្រៃ​ពី​ប្រជាពលរដ្ឋ​មានដូចជា ការ​ធ្វើ​សំបុត្រអាពាហ៍ពិពាហ៍ របស់​ជនបរទេស ជាមួយ​ប្រជាពលរដ្ឋ​ខ្មែរ​។ ការផ្តល់​សៀវភៅ​ស្នាក់នៅ​។ ទុតិយតា ឬ​តតិយតា សៀវភៅ​ស្នាក់នៅ​។ ការ​ស្នើសុំ​បន្ថែម ឬ​បន្ថយ​សមាជិក ក្នុង​សៀវភៅ​ស្នាក់នៅ​។ ការ​ផ្តល់​សៀវភៅ​គ្រួសារ​។ ទុតិយតា និង​តតិយតា សៀវភៅ​គ្រួសារ​។

ការស្នើសុំ​បន្ថែម ឬ​បន្ថយ​សមាជិកគ្រួសារ ក្នុង​សៀវភៅ គ្រួសារ​។ ការផ្តល់​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​។ ទុតិយតា ឬ​តតិយតា អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ។​

នៅក្នុង​ប្រកាស​អន្តរក្រសួង​ចុះ​ថ្ងៃទី​៣០ ខែធ្នូ ឆ្នាំ​២០១៦ ដែលមាន​ការចុះហត្ថលេខា​រួមគ្នា​រវាង​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​លោក​ទេសរដ្ឋមន្ត្រី អូន ព័ន្ធ​មុ​នី្ន​រ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ បាន​ឲ្យ​ដឹង​ថា អនុញ្ញាត​ឲ្យ​ក្រសួងមហាផ្ទៃ​អនុវត្ត​ការ​ប្រមូល​ចំណូល​ពី​កម្រៃ​សេវា​រដ្ឋបាល ដើម្បី​ជា​គុណប្រយោជន៍​ដល់​ថវិកាជាតិ​។ សេវា​រដ្ឋបាល​ដែល​ផ្តល់​ដោយ​ក្រសួងមហាផ្ទៃ ត្រូវបាន​រៀបចំ​ជា​កម្រង​សេវា​រដ្ឋបាល ដែលមាន​វាយ​លម្អិត​អំពី​តម្លៃ​សេវា រយៈពេល​អតិបរមា នៃ​ការផ្តល់សេវា និង​សុពលភាព ទៅតាម​ប្រភេទ​សេវា​រដ្ឋបាល​នីមួយៗ​។

ក្រសួងមហាផ្ទៃ​ត្រូវ​បិទ​ផ្សាយ​ជា​សាធារណៈ ពិសេស​នៅ​កន្លែង​ផ្តល់​សេវា​នូវ​ស្តង់ដារ​សេវា​រដ្ឋបាល ក្នុង​នោះ​រួមមាន​ តារាង​កម្រង​សេវា​រដ្ឋបាល ទម្រង់​ឯកសារ នីតិវិធី​សម្រាប់​ការ​ផ្តល់សេវា​រដ្ឋបាល និង​ការ​បង់ កម្រៃ​សេវា​រដ្ឋបាល​។ ក្រសួងមហាផ្ទៃ​ត្រូវ​រៀបចំ​ឲ្យ​មាន​កន្លែង​ទទួល​ពាក្យ​បណ្តឹង​តវ៉ា ដែល​អាច​កើតមានឡើង​ជាយថាហេតុ ជាពិសេស​ក្នុង​ករណី​មានការ​អនុវត្ត​ខុស​ពី​ស្តង់ដារ​សេវា ឬ​មាន​ការ​យក​កម្រៃ​លើស​ពី​ការកំណត់ ឬ​មានការ​យឺតយ៉ាវ​ហួស​រយៈពេល​អតិបរមា នៃ​ការ​ផ្តល់សេវា​ជាដើម​។ ក្រសួងមហាផ្ទៃ​មាន​ភារកិច្ច​ប្រមូល​ចំណូល​ពី​កម្រៃ​សេវា​រដ្ឋបាល​។

អគ្គនាយកដ្ឋាន​ភស្តុភារ និង​ហិរញ្ញវត្ថុ នៃ​ក្រសួងមហាផ្ទៃ ទទួលខុសត្រូវ​ក្នុង​ការ​គ្រប់គ្រង​ប្រាក់ចំណូល​ដែល​ប្រមូល​បាន បង់​ប្រាក់​ចំណូល​ចូល​ថវិកាជាតិ និង​ធ្វើ​សលាក​ប័ត្រ​ចំណូល​នៅក្នុង​ជំពូក គណនី អនុគ​នី នៃ​មាតិកា​ចំណូល​ថវិកា។

រាល់​ការ​ទទួល​ប្រាក់​ចំណូល ​ពី​កម្រៃ​សេវា​រដ្ឋបាល​ដោយ​ផ្ទាល់​ជា​សាច់ប្រាក់ ឬ​ជា​មូលប្បទានប័ត្រ ត្រូវ​ប្រើប្រាស់​បង្កាន់ដៃ​បង់ប្រាក់ ដែល​បើក​ផ្តល់​ដោយ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ស្តីពី​ការដាក់​ឲ្យ​ប្រើប្រាស់​បង្កាន់ដៃ​បង់ប្រាក់​និង​សារាចរ​ណែនាំ​ស្តី​ពី​ការគ្រប់គ្រង​បង្កាន់ដៃ​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​។ ក្រសួងមហាផ្ទៃ​ត្រូវ​កំណត់​ទីតាំង​ជាក់លាក់ និង​មាន​មន្ត្រី​ប្រចាំការ​នៅ​កន្លែង​ផ្តល់​សេវា ដែលមាន​លក្ខណៈ​ជា​ច្រកចេញចូល​តែមួយ ដើម្បី​ទទួល​បម្រើសេវា​ជូន​អតិថិជន​ឲ្យ​បាន​ទាន់ពេលវេលា​តាម​ការកំណត់។

អគ្គនាយកដ្ឋាន​ភស្តុភារ និង​ហិរញ្ញវត្ថុ នៃ​ក្រសួងមហាផ្ទៃ ត្រូវ​ធ្វើ​របាយការណ៍​បូកសរុប​ស្តីពី​ការអនុវត្ត​ចំណូល​ប្រចាំខែ និង​ប្រចាំ​ឆ្នាំ ដើម្បី​ផ្ញើ​មក​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ឲ្យ​បាន​មុន​ថ្ងៃ​ទី១០ នៃ​ខែ​បន្ទាប់ សម្រាប់​របាយការណ៍​ប្រចាំខែ និង​ឲ្យ​បាន​មុន​ថ្ងៃទី​១៥ ខែមករា នៃ​ឆ្នាំ​បន្ទាប់ សម្រាប់​របាយការណ៍​ប្រចាំឆ្នាំ​៕