ព័ត៍មានទាន់​ហេតុការណ៏
Search

រដ្ឋមន្ត្រី​ពាណិជ្ជកម្ម អំពាវនាវ​ឲ្យ​វិនិយោគិន​ជប៉ុន បង្កើន​ការ​វិនិយោគ​លើ​វិស័យ​ឧស្សាហកម្ម និង​កសិកម្ម

ភ្នំពេញ ៖ នៅ​ក្នុង​ជំនួប​ពិភាក្សា​ជាមួយ លោក ហ៊ិ​ដេ​ហិ​សា ហូ​រី​នូ​ឈិ (Hidehisa HORINOUCHI) ឯកអគ្គរាជទូត​វិសាមញ្ញ ប្រចាំ​នៅ​កម្ពុជា កាលពី​រសៀល​ថ្ងៃទី​១២ ខែមករា ឆ្នាំ​២០១៧ លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម បាន​ស្នើ​ដល់​ភាគី​ជប៉ុន ពិចារណា​វិនិយោគ​លើ​វិស័យ​ឧស្សាហ​កម្ម​ធុន​ស្រាល ដើម្បី​ជួយ​អភិវឌ្ឍន៍​វិស័យនេះ ឈានទៅរក​កម្រិត​ដែល​ប្រើ​កម្លាំង​ពលកម្ម​ជំនាញ​កាន់តែ​ខ្ពស់។

នា​ឱកាស​នោះ លោក​រដ្ឋមន្ត្រី ក៏បាន​បង្ហាញ​ប្រាប់ ឯកអគ្គរាជទូត​ជប៉ុន អំពី​សក្ដានុពល​នៃ​វិស័យ​កសិកម្ម​របស់​កម្ពុជា ជាពិសេស​ការកែច្នៃ​កសិផល​ស្រូវ និង​ដំឡូង​មី​ដើម្បី​នាំចេញ ដោយសារ​កសិករ​កម្ពុ​ជា​ទទួល​បាន​ទិន្នផល​ច្រើន​នៅ​ក្នុង​ឆ្នាំនេះ ព្រមទាំង​បាន​ស្នើ​សុំ​ភាគី​ជប៉ុន ឱ្យជួយ​នៅក្នុង​កិច្ច​គាំពារ​អ្នកប្រើប្រាស់ និង​សុវត្ថិភាព​ចំណីអាហារ ដែល​ជា​បន្ទុក​របស់​អគ្គ​នាយកដ្ឋាន​កាំកុងត្រូល ដើម្បី​ជំរុញ​ប្រសិទ្ធភាព​ការងារ​របស់​ក្រសួងពាណិជ្ជកម្ម។

ជា​ការ​ឆ្លើយតប លោក ហ៊ិ​ដេ​ហិ​សា ហូ​រី​នូ​ឈិ បាន​សន្យា​ជួយ​កៀរគរ​វិនិយោគិន​ជប៉ុន ឲ្យ​ចូល​មក​បណ្ដាក់ទុន​កាន់​តែច្រើន​ថែមទៀត​នៅ​កម្ពុជា ដើម្បី​ជំរុញ​ការអនុវត្ត​គោលនយោបាយ​អភិវឌ្ឍន៍​ឧស្សាហកម្ម​របស់​រាជរដ្ឋាភិបាល​កម្ពុជា។

លោក ឯកអគ្គរាជទូត មាន​ជំនឿ​ថា កម្ពុជា​នឹង​ក្លាយ​ជា​ប្រទេស ​ដែល​មាន​រីកចម្រើន​ជឿនលឿន​មួយ​នា​ពេល​អនាគត ហើយ​ជប៉ុន​នឹង​នៅតែ​បន្ត​ជួយ​ដល់​កម្ពុជា លើ​គ្រប់​វិស័យ​អាទិភាព​តាម​ដែល​អាច​ធ្វើ​បាន ដោយសារ​ប្រទេស​ទាំងពីរ​គឺជា​មិត្ត​ល្អ​នឹង​គ្នា ហើយ​មាន​ប្រវត្តិ​គាំទ្រ​គ្នា​ទៅវិញទៅមក​។​លើស​ពី​នេះ លោក ឯកអគ្គរាជទូត បាន​ស្នើ​សុំ​ជា​ផ្លូវការ​ដល់​រដ្ឋាភិបាល​កម្ពុជា ឲ្យ​ចូលរួម​បោះឆ្នោត​គាំទ្រ​បេក្ខភាព​ប្រទេស​ជប៉ុន ក្នុង​ការ​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​ព្រឹត្តិការណ៍​ពិព័រណ៍​ពិភពលោក ឆ្នាំ​២០២០-២០២៥ នៅ​ទីក្រុង​អូ​សា​កា ប្រទេស​ជប៉ុន​ផង​ដែរ​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684