ព័ត៍មានទាន់​ហេតុការណ៏
Search

អភិបាលខេត្ត​បន្ទាយមានជ័យ​ សម្រេច​ឈប់​យក​កម្រៃ​លើ​លិខិត​ចេញ​-​ចូល​ផ្សារ​រុង​ក្លឿ ប្រទេស​ថៃ

ភ្នំពេញ​ ៖ អភិបាលខេត្ត​បន្ទាយមានជ័យ លោក សួន បវរ សម្រេច​ឈប់​យក​កម្រៃ​លើ​លិខិត​ចេញ​-​ចូល​ផ្សារ​រុង​ក្លឿ ប្រទេស​ថៃ ដើម្បី​សម្រួល​ដល់​ប្រជាពលរដ្ឋ ដែល​ធ្វើដំណើរ​ចេញ ឬ​ចូល​ ទៅ​ធ្វើការ ឬ​រកស៊ី​នៅ​ប្រទេស​ថៃ នេះ​បើ​តាម​លិខិត​របស់​រដ្ឋបាល​ខេត្ត​បន្ទាយមានជ័យ ចុះ​ថ្ងៃទី​១២ ខែមករា ឆ្នាំ​២០១៧។

លិខិត​របស់​រដ្ឋបាល​ខេត្តបន្ទាយមានជ័យ ចុះហត្ថលេខា​ដោយ លោក សួន បវរ អភិបាលខេត្ត​បន្ទាយមានជ័យ ដែល​បាន​ជម្រាប​ជូន ប្រធាន​ទីស្នាក់ការ​ត្រួត​ពិនិត្យ​ច្រកទ្វារ និង​នាយប៉ុស្តិ៍​នគរបាល​អន្តោ​ប្រវេសន៍​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត ស្តីពី​ការ​បញ្ឈប់​ការ​យក​កម្រៃ​លើ​ការ​លក់​លិខិតអនុញ្ញាត​បណ្តោះអាសន្ន ចេញ​-​ចូល​ផ្សារ​រុង​ក្លឿ ប្រទេស​ថៃ ពី​ប្រជាពលរដ្ឋ​ទូទៅ​បាន​បញ្ជាក់​ថា ការ​សម្រេច​នេះ​ ដោយ​យោង​តាម​អនុសាសន៍​ណែនាំ​របស់​នាយ​ឧ​ត្ត​ម​សេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន និង​ជា​ប្រធាន​ក្រុមការងារ​ចុះ​មូលដ្ឋាន​ខេត្តបន្ទាយមានជ័យ។

លិខិត​ដដែល​នោះ បាន​បញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​១១ ខែមករា ឆ្នាំ​២០១៧ នាយ​ឧ​ត្ត​ម​សេនីយ៍ កែ គឹមយ៉ាន បានសម្រេច​មិន​ឲ្យ​លក់​លិខិតអនុញ្ញាត​បណ្តោះអាសន្ន តម្លៃ​១០០០​រៀល (១០​បាត​) ចំពោះ​ប្រជាពលរដ្ឋ​ខ្មែរ ទូទៅ​ដែល​ឆ្លងកាត់​ចេញចូល​ផ្សារ​រុង​ក្លឿ ប្រទេស​ថៃ​ចាប់​ពីថ្ងៃ​ជូនដំណឹង​នេះ​តទៅ ប៉ុន្តែ​ការផ្តល់សេវា​ផ្សេងៗ​ជូន​ប្រជាពលរដ្ឋ រដ្ឋបាល​ខេត្ត ស្នើ​ឲ្យ​លោក ប្រធាន​ទីស្នាក់ការ និង​លោកនាយ​ប៉ុស្តិ៍ បន្ត​យកចិត្ត​ទុក ដាក់​ប​ម្រ​សេវា​ប្រកបដោយ​តម្លាភាព សមធម៌ និង​ទាន់​ពេលវេលា​

​សូម​បញ្ជាក់​ថា ដើម្បី​សម្រួល​ដល់​ជីវភាព​របស់​ប្រជាពលរដ្ឋ កន្លងទៅ​ថ្មីៗ​នេះ រាជរដ្ឋាភិបាល​កម្ពុជា តាមរយៈ​ក្រសួងមហាផ្ទៃ និង​ក្រសួង​សេដ្ឋកិច្ច បាន​ចេញ​ប្រកាស​អន្តរក្រសួង​ស្តី​ពី​ការ​ផ្តល់សេវា​រដ្ឋបាល​របស់​ក្រសួងមហាផ្ទៃ ដើម្បី​កំណត់​តម្លៃ​ការ​ផ្តល់សេវា រដ្ឋបាល​របស់​ក្រសួងមហាផ្ទៃ ដើម្បី​យក​ថវិកា​ជា​ប្រយោជន៍​ដល់​ប្រទេសជាតិ ហើយ​នៅ​ក្នុង​ប្រកាស​នោះ​បាន​លុបចោល​ថ្លៃ​សេវា​សម្រាប់​ការងារ​រដ្ឋបាល​មួយ​ចំនួន ដែល​មាន​ការ​ធ្វើ​សំបុត្រអាពាហ៍ពិពាហ៍ អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ សៀវភៅ​ស្នាក់នៅ និង​សៀវភៅ​គ្រួសារ​ជាដើម។

តាម​ប្រកាស​នោះ ដែល​ចុះហត្ថលេខា​រួមគ្នា​រវាង​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​លោក​ទេសរដ្ឋមន្ត្រី អូន ព័ន្ធ​មុ​នី្ន​រ័ត្ន រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ឲ្យ​ដឹង​ថា សេវា​រដ្ឋបាល​របស់​ក្រសួងមហាផ្ទៃ ដែល​មិន​យក​កម្រៃ​ពី​ប្រជាពលរដ្ឋ​មាន​ដូច​ជា ការ​ធ្វើ​សំបុត្រអាពាហ៍ពិពាហ៍ របស់​ជនបរទេស ជាមួយ​ប្រជាពលរដ្ឋ​ខ្មែរ​។ ការ​ផ្តល់​សៀវភៅ​ស្នាក់នៅ​។ ទុតិយតា ឬ​តតិយតា សៀវភៅ​ស្នាក់នៅ​។ ការ​ស្នើសុំ​បន្ថែម ឬ​បន្ថយ​សមាជិក ក្នុង​សៀវភៅ​ស្នាក់នៅ​។ ការ​ផ្តល់​សៀវភៅ​គ្រួសារ​។ ទុតិយតា និង​តតិយតា សៀវភៅ​គ្រួសារ​។ ការ​ស្នើសុំ​បន្ថែម ឬ​បន្ថយ​សមាជិក​គ្រួសារ ក្នុង​សៀវភៅ គ្រួសារ​។ ការ​ផ្តល់​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​។ ទុតិយតា ឬ​តតិយតា អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​៕

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114