ព័ត៍មានទាន់​ហេតុការណ៏
Search

មន្ទីរ​សាធារណការ​រាជធានី​ សម្រុក​ជួសជុល​ផ្លូវ​ ដែល​រង​ការ​ខូចខាត​នៅ​សង្កាត់​ច្បារអំពៅ​ទី​១

ភ្នំពេញ ៖ នៅ​ដើមខែ​មករា ​ឆ្នាំ២០១៧​នេះ ​មន្ទីរ​សាធារណការ​រាជធានី​ភ្នំពេញ​ បាន​សម្រុក​ជួស​ជុល​ផ្លូវ​ជាច្រើន​ខ្សែ​ក្នុង​សង្កាត់​ច្បារអំពៅ​ទី​១ ​ខណ្ឌ​ច្បារអំពៅ ​រាជធានី​ភ្នំពេញ​ ដែល​រង​ការខូចខាត​នា​អំឡុង​ឆ្នាំ​២០១៦​នេះ​។​

លោក​ពៅ ហួត​ ចៅសង្កាត់​ច្បារ​អំពៅ​ទី​១ ​បាន​និយាយ​ នៅ​ព្រឹក​ថ្ងៃទី​១៤​ ខែមករា ​ឆ្នាំ​២០១៧​នេះ​ថា​​ ​ផ្លូវ​ជាច្រើន​ខ្សែ​ក្នុង​សង្កាត់​របស់លោក ​ត្រូវបាន​មន្ទីរ​សាធារណការ​រាជធានី​ភ្នំពេញ​ធ្វើ​ការ​ជួសជុល​ដោយ​ឈូស​ឆាយ​ផ្លូវ​ចាស់​ចេញ​ ព្រោះ​ផ្លូវ​បេតុង​ចាស់​ ដែល​ស្ថាបនា​ដោយ​ឆ្អឹង​ឫស្សី​ នា​អំឡុង​ឆ្នាំ​២០០៣ ​មក​​ បាន​ខូចខាត​ ហើយ​កន្លងមក​សាលា​ខណ្ឌ​ច្បារអំពៅ​ក៏បាន​ធ្វើការ​ជួសជុល​ជា​លក្ខណៈ​សំបុក​មាន់​ តែ​ពុំ​សូវ​មាន​គុណភាព ​ទើប​មន្ទីរ​សាធារណការ​រាជធានី​ភ្នំពេញ​សម្រេច​ស្ថាបនា​ថ្មី​តែម្ដង​។​

លោក ​ពៅ ហួត បាន​បន្តថា ​ការ​ជួសជុល​ផ្លូវ​នា​ដើមខែ​មករា​នេះ ​ធ្វើ​ឲ្យ​មានការ​កកស្ទះ​ចរាចរណ៍​ពិសេស​នៅ​កំណាត់​ផ្លូវ​៣៦៩ ផ្លូវ​៣៥៧​ និង​ផ្លូវ​ខ្វាត់ខ្វែង ​ត.​ភ្ជាប់​នឹង​ផ្លូវជាតិ​លេខ​១ ​ដែល​កំពុង​បើក​ការដ្ឋាន​មកដល់​គល់​ស្ពាន​ព្រះមុនីវង្ស​ថ្មី​ចាស់​។​

លោក​ចៅសង្កាត់​ បាន​សំណូមពរ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែលមាន​លំនៅដ្ឋាន​ជាប់​ដង​ផ្លូវ ​សូម​ចូលរួម​ចំណែក​ក្នុងការ​រៀបចំ​ទុកដាក់​សម្ភា​រៈ​​ ដែល​បងប្អូន​មួយចំនួនច្រើន​យក​ចិញ្ចើម​ផ្លូវ​មុខ​ផ្ទះ​ដាក់​អីវ៉ាន់​លក់​ដូរ​បង្ក​ការកកស្ទះ​ចរាចរណ៍​។​

គួរ​បញ្ជាក់​ថា ​ផ្លូវ​ចាស់​ដែល​ស្ថាបនា​ឡើង​នៅ​អំឡុង​ឆ្នាំ​២០០៣​ និង​ឆ្នាំ​បន្តបន្ទាប់​ បាន​រង​ការ​ខូចខាត​ជា​បណ្ដើរ​ ដោយសារ​ភាគច្រើន​ជា​ផ្លូវ​ចាក់​ក្រាល​បេ​តុង​ឆ្អឹង​ឫស្សី​ ហើយ​ស្របពេល​ដែល​រថយន្ត​ធុន​ធំ​ឆ្លងកាត់​រាល់ថ្ងៃ​ផង​នោះ​ទើប​ធ្វើ​ឲ្យ​ផ្លូវ​រង​ការខូចខាត៕

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114