Connect with us

ព័ត៌មានជាតិ

មន្រ្តី​ជំរុញ​ឲ្យបង្កើន​ពី​សុវត្ថិភាព​ ខណៈ​អត្រា​គ្រោះថ្នាក់នៅកន្លែង​ការងារ​​​មានការ​កើនឡើង

បានផុស

នៅ

មន្ត្រីជាន់ខ្ពស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានជំរុញលើកកម្ពស់បរិយាកាសការងារ ប្រកបដោយសុវត្ថិភាព និងសុខភាពការងារនៅកន្លែងធ្វើការបន្ថែមទៀត ខណៈអត្រាគ្រោះថ្នាក់ការងារមានការកើនឡើងគួរឱ្យព្រួយបារម្ភ។

ថ្លែងក្នុងទិវាពិភពលោកដើម្បីសុវត្ថិភាព និងសុខភាពការងារឆ្នាំ២០២៣ ក្រោមប្រធានបទ «បរិយាកាសការងារប្រកបដោយសុវត្ថិភាព និងសុខភាពការងារ គឺជាសិទ្ធិ និងគោលការណ៍ជាមូលដ្ឋាននៅកន្លែងធ្វើការ» កាលពីថ្ងៃទី​២៨​ខែមេសា លោក ផេង សុខាំ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានបន្តថាបច្ចុប្បន្ននេះចំនួនអ្នករងគ្រោះដោយសារគ្រោះថ្នាក់ការងារនៅកន្លែងធ្វើការក៏ដូចជាគ្រោះថ្នាក់ពេលធ្វើដំណើររបស់បងប្អូនកម្មករនិយោជិតមានការកើនឡើងគួរឱ្យកត់សម្គាល់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោករដ្ឋលេខាធិការបានលើកឡើងរបាយការណ៍មកបញ្ជាក់ថា ជាក់ស្តែងចំនួនអ្នករងគ្រោះដោយសារគ្រោះថ្នាក់ការងារក្នុងឆ្នាំ២០២២ មានចំនួន ១៤.៧៤២នាក់ (ស្រីចំនួន ៧.៩២៣នាក់) ដែលក្នុងនោះរួមមានគ្រោះថ្នាក់នៅកន្លែងធ្វើការចំនួន ៧,៣៤២នាក់ (ស្រីចំនួន ៣,៥៩៧នាក់), គ្រោះថ្នាក់ពេលធ្វើដំណើរចំនួន ៧,៤០០នាក់ (ស្រីចំនួន ៤,៣២៦នាក់)​មានការកើនឡើង ២៩.២៨% បើប្រៀបធៀបនឹងឆ្នាំ២០២១។

ចំណែកនៅទូទាំងពិភពលោកមានអ្នកស្លាប់ប្រមាណ២.៣លាននាក់ ដោយសារគ្រោះថ្នាក់ការងារ និងប្រមាណ៦ពាន់នាក់ ដោយសារជំងឺវិជ្ជាជីវៈនៅកន្លែងធ្វើការក្នុង១ឆ្នាំ។

លោកបានបន្តទៀតថា ការលើកយកប្រធានបទរបស់អង្គការអន្តរជាតិខាងការងារនាឆ្នាំនេះ សំដៅជំរុញដល់រដ្ឋជាសមាជិកយកចិត្តទុកដាក់ ក្នុងការលើកកម្ពស់បរិយាការងារ ប្រកបដោយសុវត្ថិភាព និងសុខភាពការងារនៅកន្លែងធ្វើការបន្ថែមទៀត ជាពិសេសការអនុវត្តលើអនុសញ្ញាស្នូលពាក់ព័ន្ធនឹងសុវត្ថិភាព និងសុខភាពការងារ។

លោកផេង សុខាំ បានឱ្យដឹងទៀតថា ទិវាពិភពលោកដើម្បីសុវត្ថិភាព និងសុខភាពការងារ គឺជាយុទ្ធនាការអន្តរជាតិដែលបានរៀបចំឡើងជារៀងរាល់ឆ្នាំ ដោយរដ្ឋាភិបាល សមាគមនិយោជក និងសហជីព នៃបណ្តាប្រទេសសមាជិកអង្គការអន្តរជាតិខាងការងារ (ILO) នៅលើសកលលោក ដើម្បីរំលឹកដល់កម្មករនិយោជិតដែលបានបាត់បង់ជីវិត និងរងគ្រោះដោយសារគ្រោះថ្នាក់ការងារ និងជំងឺវិជ្ជាជីវៈនៅកន្លែងធ្វើការ និងដើម្បីលើកកម្ពស់ការយល់ដឹងស្តីពីការងារសមរម្យ ប្រកបដោយសុវត្ថិភាព និងសុខភាពការងារ។

លោករដ្ឋលេខាធិការ ក៏បានផ្តាំផ្ញើនូវអនុសាសន៍មួយចំនួនដល់គ្រប់ភាគីពាក់ព័ន្ធ បន្តចូលរួមអនុវត្តនូវវិធានការបង្ការគ្រោះថ្នាក់ការងារនៅកន្លែងធ្វើការក្នុងនោះត្រូវបន្តយកចិត្តទុកក្នុងការអនុវត្តសេចក្តីណែនាំស្តីពីការពង្រឹងវិធានការបង្ការអគ្គិភ័យ និងការលើកកម្ពស់សុខភាពការងាររបស់កម្មករនិយោជិតនៅតាមសហគ្រាស គ្រឹះស្ថាន។ត្រូវបន្តចូលរួមចែករំលែកនូវការអនុវត្តល្អៗ និងបទពិសោធន៍ពាក់ព័ន្ធនឹងការគ្រប់គ្រងសុវត្ថិភាព និងសុខភាពការងាររបស់សហគ្រាស គ្រឹះស្ថាន ទៅ​សហគ្រាស​ផ្សេងៗទៀត ដើម្បីកែលម្អលក្ខខណ្ឌសុវត្ថិភាព និងសុខភាពការងារពីគ្នាទៅវិញទៅមកនិងត្រូវបង្កើនការវាយតម្លៃជាប្រចាំនូវប្រព័ន្ធគ្រប់គ្រងសុវត្ថិភាព និងសុខភាពការងារនៅក្នុងសហគ្រាស គ្រឹះស្ថាន និងដាក់ចេញនូវវិធានការពារ ដើម្បីបង្ការ និងកាត់បន្ថយគ្រោះថ្នាក់ការងារ និងជំងឺទាក់ទងនឹងការងារនៅកន្លែងធ្វើការ៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៥ នាទី មុន

ជប៉ុន ផ្តល់ថវិកាជិត៤ម៉ឺនដុល្លារ សម្រាប់កែលម្អឧបករណ៍​តន្ត្រីបុរាណនៅសាលាមធ្យមវិចិត្រសិល្បៈ

ជីវិតកម្សាន្ដ២៦ នាទី មុន

យីហោល្បីៗសម្រុកផ្ដាច់កុងត្រាពាណិជ្ជកម្មគ្មានសល់ ​ក្រោយ Han So Hee ចម្រូងចម្រាសស្នេហាត្រីកោណ

ព័ត៌មានជាតិ៤៤ នាទី មុន

ឯកឧត្ដម ហ៊ុន ម៉ានី អញ្ជើញបើកវគ្គបណ្ដុះបណ្ដាលស្ដីពី «ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ជំនាន់ទី ៦»

ព័ត៌មានអន្ដរជាតិ៤៩ នាទី មុន

ថៃ មិនទាន់មានលុយគ្រប់ ៤៧០ លានដុល្លារទិញនាវាមុជទឹក

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងសាធារណការ​ចេញយន្តការ ៥ ចំណុច ទប់ស្កាត់សកម្មភាពអនាធិបតេយ្យតាម​ដងផ្លូវ

Sokha Hotels

ព័ត៌មានពេញនិយម