Connect with us

នយោបាយ

សម្តេច ហ៊ុន សែន គ្រោងស្នើព្រះមហាក្សត្រតែងតាំង​លោក សួង សោភ័ណ្ឌ ជារដ្ឋលេខាធិការ​ទីស្តីការគណៈរដ្ឋមន្ត្រី ក្រោយរួមរស់​ជាមួយបក្សប្រជាជន

បានផុស

នៅ

នៅថ្ងៃទី៣០ ខែមេសានេះ អតីតប្រធានចលនាយុវជននៃអតីតបក្សសង្គ្រោះជាតិ លោក សួង សោភ័ណ្ឌ និងបច្ចុប្បន្នជាប្រធានគណបក្សខ្មែរឈ្នះ បានប្រកាសសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាមួយនឹងការប្រកាសរបស់លោក សួង សោភ័ណ្ឌ បែបនេះ សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ក៏បានស្វាគមន៍ចំពោះអតីតមន្ត្រីបក្សប្រឆាំងរូបនេះក្នុងការចូលរួមនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាវិញ។ តាមរយៈប្រព័ន្ធតេឡេក្រាម សម្ដេចតេជោ ហ៊ុន សែន បានសរសេរយ៉ាងដូច្នេះថា៖ «ក្នុងនាមគណបក្សប្រជាជនកម្ពុជា សម្ដេចសូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោក សួង សោភ័ណ្ឌ ដែលពេញចិត្តសុំមករួមជីវភាពនយោបាយជាមួយគណ បក្សប្រជាជនកម្ពុជា»។

ទន្ទឹមនេះដែរ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោនាយករដ្ឋមន្ត្រី គ្រោងនឹងស្នើសុំអង្គព្រះមហាក្សត្រ ដើម្បីចេញព្រះរាជក្រឹត្យតែងតាំងមុខតំណែងលោក សួង សោភ័ណ្ឌ ជារដ្ឋលេខាធិការនៃទីស្តីការគណៈរដ្ឋមន្ត្រី ផងដែរ។

ថ្លែងតាមរយៈវីដេអូឃ្លីបប្រវែងជាង ៣នាទី ប្រធានគណបក្សខ្មែរឈ្នះ បានបញ្ជាក់ដូច្នេះថា« ខ្ញុំ សួង សោភ័ណ្ឌ បានសម្រេចចិត្តយ៉ាងច្បាស់លាស់នៅថ្ងៃនេះ ស្នើសុំចូលជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា»។ ការឈរនៅខាងក្រុមប្រឆាំងធ្វើការងារបានផលតិចតួចជួយដល់ជាតិមាតុភូមិ។ ដោយយល់ឃើញដូច្នេះហើយ ទើបលោក សួង សោភ័ណ្ឌ បានសម្រេចចិត្តយ៉ាងច្បាស់លាស់ ចូលរួមជាមួយរដ្ឋាភិបាល ដើម្បីយកសមត្ថភាព​ទៅចូលរួម​បម្រើប្រជាពលរដ្ឋដោយផ្ទាល់។

លោកថ្លែងដូច្នេះថា« ខ្ញុំសង្ឃឹមយ៉ាងមុតមាំពលរដ្ឋនឹងយល់ពីស្មារតី និងឧត្តមគតិរបស់ខ្ញុំ»៕

គួរជម្រាបថា លោក សួង សោភ័ណ្ឌ ជាអតីតប្រធានចលនាយុវជន និងធ្លាប់ឈរឈ្មោះជាបេក្ខជន​តំណាងរាស្ត្រនៃ​អតីតគណបក្សសង្គ្រោះជាតិ មណ្ឌលខេត្តប៉ៃលិន។ តែយ៉ាងណា ក្នុងអំឡុងឆ្នាំ២០១៧ លោក សួង សោភ័ណ្ឌ ក៏បានប្រកាសលាលែងពីសមាជិកអតីតគណបក្សសង្រ្គោះជាតិ ដោយបានទៅកាន់តំណែងជា​អនុប្រធាន​គណបក្សអំណាចខ្មែរ ខណៈក្នុងឆ្នាំ២០១៨ លោក បានធ្វើជាប្រធាននៃគណបក្សនេះ ហើយបានដូរ​ឈ្មោះជា​គណបក្សខ្មែរឈ្នះវិញរហូតដល់បច្ចុប្បន្ននេះ៕

ដោយ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម