ព័ត៍មានទាន់​ហេតុការណ៏
Search

សមាគម​មិត្តភាព​សភា​ជប៉ុន​មេគង្គ​ មានបំណង​ជួយ​កម្ពុជា​ លើ​បញ្ហា​គ្រឿងញៀនចរាចរណ៍ ​និង ​បទល្មើស​នេសាទ

ភ្នំពេញ ៖ សមាគម​មិត្តភាព​សភា​ជប៉ុន​មេគង្គ​មានបំណង​ចង់​ជួយ​ដល់​ប្រទេស​កម្ពុជា​លើ​បញ្ហា​ប្រឈម​ចំនួន​បី​រួមមាន​បញ្ហា​គ្រឿងញៀន ចរាចរណ៍ និង​បទល្មើស​ជលផល។ ​នេះ​បើ​យោង​តាម​គេហទំព័រ​អគ្គស្នងការ​នគរបាល​ជាតិ​ចុះ​ថ្ងៃទី​១៧​មករា​។

​លោក រី​អ៊ូ ស៊ីអូ​ណូ​យ៉ា (Ryu Shionoya) ប្រធាន​សមាគម​មិត្តភាព​សភា​ជប៉ុន​មេគង្គ​បានលើកឡើង​បែបនេះ​ខណៈដែល​លោក​បាន​ដឹកនាំ​គណៈប្រតិភូ​ចូល ជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​ជាមួយ​សម្តេច​ក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រី​ស្តីទី នៃ​ព្រះរាជាណាចក្រ​កម្ពុជា កាលពី​រសៀល​ថ្ងៃទី​១៦ ខែមករា ឆ្នាំ​២០១៧ នៅ​ទីស្តីការក្រសួង មហាផ្ទៃ​។

លោក រី​អ៊ូ ស៊ីអូ​ណូ​យ៉ា លើកឡើង​បន្តថា គោលបំណង​ដែល​គណៈប្រតិភូ​ចូលជួប​សម្តេច នា ពេលនេះ គឺ​ដើម្បី​ស្វែងយល់​ពី​បញ្ហា​ផ្សេងៗ​ឬក៏​សេចក្តីត្រូវការ​ផ្សេងៗ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ជាពិសេស ក្រសួងមហាផ្ទៃ​ដែល​ចង់​ឲ្យ​សមាគម​ជួយ​លើ​វិស័យ​ណាមួយ។

មានប្រសាសន៍​ក្នុង​ឱកាស​នោះ សម្តេច​ក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រី​ស្តីទី បាន​ថ្លែងអំណរគុណ​ដល់ ប្រជាពលរដ្ឋ រាជរដ្ឋាភិបាល​ជប៉ុន និង​សភា​ដែល​បាន​ជួយ​គាំទ្រ​កសាង​អភិវឌ្ឍ​ប្រទេស​កម្ពុជា ក៏ដូចជា​ការ កសាង​សន្តិភាព​តាំងពី​ដំបូង ហើយ​សម្តេច​ក៏​សង្ឃឹមថា​ទំនាក់ទំនង​កិច្ចសហប្រតិបត្តិការ​រ​វាង​ជប៉ុន​-​កម្ពុជា និង​បន្ត​រីកចម្រើន​ទៅមុខ​ឥតឈប់ឈរ។

សម្តេច​ក្រឡាហោម ក៏បាន​ជម្រាបជូន​គណៈប្រតិភូ​ថា កម្ពុជា​ក្រោយពី​ទទួលបាន​សន្តិភាព​គឺ​កម្ពុជា​បាន​យក ចិត្ត​ទុកដាក់​ខ្លាំង​ទៅលើ​ការបណ្តុះបណ្តាល និង​អភិវឌ្ឍន៍​វិស័យ​ធនធានមនុស្ស​ដែល​មកដល់​បច្ចុប្បន្ននេះ កម្ពុ​ជាមាន​វិទ្យាល័យ មហាវិទ្យាល័យ និង​សាកលវិទ្យាល័យ​ជាច្រើន​នៅតាម​តំបន់​ដាច់ស្រយាល​មួយចំនួន។

សម្តេច​ក្រឡាហោម​ក៏បាន​ថ្លែងអំណរគុណ​ដល់​ប្រជាជន​ជប៉ុន និង​រដ្ឋាភិបាល​ជប៉ុន​ក្នុងការ​ជួយផ្តល់​អាហារ រូបករណ៍​ដល់​និស្សិត​កម្ពុជា​នាពេល​កន្លងមក​ដែល​អ្នក​ទាំងអស់នោះ​ក្រោយពី​ត្រឡប់​មក​កម្ពុជា​វិញ​សុទ្ធតែជា​ធនធានមនុស្ស​ដែលមាន​សមត្ថភាព និង​គុណភាព​។

ជាមួយគ្នា​នោះ​នាយករដ្ឋមន្ត្រី​ស្តីទី​ក៏បាន​ជម្រាប​ផងដែរ​ថា​ ទន្ទឹមនឹង​ជោគជ័យ​ការងារ​ខាងលើនេះ​យើង​ក៏​នៅ​មាន​បញ្ហា​ប្រឈម​មួយចំនួន​ផងដែរ​ពាក់ព័ន្ធ​ទៅនឹង​បញ្ហា​គ្រឿងញៀន​ដែល​ជនល្មើស​បាន​ឆ្លៀត​ប្រើប្រាស់​ច្រក​ទន្លេ​មេគង្គ​ដើម្បី​ធ្វើការ​រត់ពន្ធ​ក៏ដូចជា​ជួញដូរ​គ្រឿងញៀន​មកកាន់​ប្រទេស​កម្ពុជា​។ បញ្ហា​មួយទៀត​គឺ​បញ្ហា​ចរាចរណ៍​ដែល​កម្ពុជា​បាន​នឹង​កំពុង​ខិតខំ​ដោះស្រាយ​ទទួលបាន​លទ្ធផល និង​បញ្ហា មួយទៀត​នោះ​គឺ​ការប្រឆាំង​បទល្មើស​ជលផល​ដែល​កម្ពុជា​កំពុងតែ​ខិតខំ​ដោះស្រាយ​ផងដែរ​នោះ។

ដោយ​មើលឃើញ​ពី​បញ្ហា​ប្រឈម​នេះ លោក រី​អ៊ូ ស៊ីអូ​ណូ​យ៉ា បាន​ជម្រាប​ទៅដល់​សម្តេច ក្រឡាហោម ថា​« បញ្ហា​ប្រឈម​ទាំងបី មាន​គ្រឿងញៀន ចរាចរណ៍ និង​បទល្មើស​ជលផល បើសិន​សម្តេច​មាន សំណូមពរ​ចង់​ឲ្យ​ខាង​សមាគម​ជួយ​នោះ​គឺ​ខាង​សមាគម​គឺ​រីករាយ​រង់ចាំ​ទទួលយក​សំណើ​ពិចារណា​ជួយ​ជំរុញ​ស្វែងរក​ការគាំទ្រ​ដើម្បី​ជួយ​ដល់​កម្ពុជា​»​។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ សម្តេច​ក្រឡាហោម ស ខេង បាន​ប្រាប់​ទៅ​គណៈប្រតិភូ​ថា សម្តេច​នឹង​ឲ្យ​ខាង​ជំនាញ ដើម្បី​ពិនិត្យមើល​តម្រូវការ​ជាក់​សែ្ត​ង​ដើម្បី​លើក​ជា​សំណូមពរ​ផ្សេងៗ​ទៅ​ខាង​សមាគម​ដើម្បី​ពិចារណា​ថា​ជួយ​គាំទ្រ​ដល់​កម្ពុជា​លើ​វិស័យ​ណាមួយ៕

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114