ព័ត៍មានទាន់​ហេតុការណ៏
Search

ពលរដ្ឋ​ភូមិ​ក្បាល​កន្លង់​ថា ​សមត្ថកិច្ច​បង្ក្រាប​តែ​របាំង​លប​តូចតាច តែ​បទ​ល្មើស​ដាក់​ដាយ​ចាប់​ត្រី​នៅ​ព្រែក​ក្បាល​កន្លង់​ដូច​ឡូត៍​នេសាទ​បែរជា​មិន​បង្ក្រាប​

កំពង់ឆ្នាំង ​៖ ឡូត៍​នេសាទ​ខុសច្បាប់​មួយ​នៅក្នុង​ព្រែក​ប្រណាក ភូមិ​ក្បាល​កន្លង់ ឃុំ​ពាម​ឆ្កោក ស្រុក​ជលគីរី ខេត្តកំពង់ឆ្នាំង ត្រូវបាន​គេ​អនុញ្ញាតឲ្យ​ឈ្មួញនេសាទ​ឈ្មោះ ពេ​ជ ពៅ ដាក់​ដាយ​ចាប់​ត្រី​ធ្វើ​ដូច​ឡូត៍​នេសាទ​ជាង​៥​ខែ​មកហើយ​ ចាប់​ត្រី​បាន​រាប់រយ​តោន ក្រោម​រូបភាព​ដោះស្រាយ​ឲ្យ​សហគមន៍​កសាង​មូលដ្ឋាន ប៉ុន្តែ​ប្រជាពលរដ្ឋ​លើកឡើងថា ផលប្រយោជន៍​បានមក​មូលដ្ឋាន​មាន​តិចតួច​ប៉ុណ្ណោះ គឺ​បាន​ទៅលើ​បុគ្គល ​និង​អ្នកធំៗ​គ្រប់​ជាន់ថ្នាក់​ច្រើនជាង ប្រជាពលរដ្ឋ​សុំឲ្យ​បង្ក្រាប​បទល្មើស​ដាក់​ដាយ​ភ្ជិត​ព្រែក​ដូច​ឡូត៍​នេសាទ​នេះ​ចោល​ទៅ​។
​ ​
នៅ​រសៀល​ថ្ងៃទី​១៧ ខែ​មករា ឆ្នាំ​២០១៦ ប្រជាពលរដ្ឋ​ជាច្រើន​នាក់​ក្នុងភូមិ​ក្បាល​កន្លង់ ឃុំ​ពាម​ឆ្កោ​ក ស្រុក​ជល​គី​រី បាន​និយាយ​ឲ្យដឹងថា​ បទល្មើស​ខាងលើនេះ ​គេ​បាន​ឃុបឃិត​គ្នា​តាំងពី​សហគមន៍ មេភូមិ រហូតដល់​ចៅហ្វាយខេត្ត ឲ្យ​ឈ្មួញ​ដាក់​ដាយ​ចាប់​ត្រី​ដូច​ឡូត៍​នេសាទ​អញ្ចឹង មិនដឹងថា​លោក​រដ្ឋមន្ត្រី​កសិកម្ម​លោក​ជ្រាប​ដែរ​ឬ​អត់?។ មិនតែប៉ុណ្ណោះ​ព្រែក​ឥន្ទ​ពេ​ជ ​ក្នុង​ឃុំ​ពាម​ឆ្កោក ក៏​ត្រូវ​បាន​គេ​ឲ្យ​ឈ្មួញ​ឈ្មោះ ពេ​ជ ពៅ រូបនេះ​ដាក់​ដាយ​ចាប់​ត្រី​ផង​ដែរ ដោយ​ក្នុង​រដូវ​ទឹក​ឡើង​នេះ​ គេ​ចាប់​បាន​ត្រី​ជាង​៣០​តោន​ឯណោះ បើ​គិត​ជា​លុយ​បាន​ពី​៥​ទៅ​៦​ម៉ឺន​ដុល្លារ។

ប្រជាពលរដ្ឋ​និយាយ​ទៀត​ថា កាល​ជំនាន់​ធ្វើ​ឡូត៍ ឡូត៍​១​នេះ​ ដេញថ្លៃ​បាន​ជាង​២០០​លាន​រៀល​ឯ​ណោះ តែ​ពេលនេះ​តម្លៃ​ឡូត៍​នេះ​ស្នើ​នឹង​ស៊ីម៉ងត៍​២០​តោន តែ​ជាង​៦​លាន​រៀល​តែប៉ុណ្ណោះ។​

ដោយឡែក​កន្លងមក​ ប្រជា​នេសាទ​ក្នុង​ភូមិ​ដាក់​របាំង​លប​១​គ្រួសារ​២​ទៅ​៣​ឡុ​ក​តិចតួច ត្រូវ​សមត្ថ​កិច្ច​ចម្រុះ​ចុះ​បង្ក្រាប​កាប់​ចោល​អស់ តែ​បទល្មើស​នេសាទ​បិត​ភ្ជិត​ព្រែក ដាក់​ដាយ​ចាប់​ត្រី​ដូច​ធ្វើ​ឡូត៍​នេសាទ​ដ៏​ធំ​នេះ បែរជា​សមត្ថ​កិច្ចការ​ពារ​ទៅវិញ​។

ករណីនេះ​ប្រជាពលរដ្ឋ​សំណូមពរ ឯកឧត្ដម​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម មេត្តា​ជួយ​ចាត់ការ​អាជ្ញាធរ និង​មន្ត្រី​ខិលខូច​ផង​។​

ទាក់ទង​នឹង​រឿង​នេះ​ដែរ លោក ពេ​ជ ពៅ ជា​អ្នក​ដាក់​ដាយ​ចាប់​ត្រី​ក្នុង​ព្រែក​ក្បាល​កន្លង់​បាន​និយាយ​ឲ្យ​ដឹង​ថា​ សហគមន៍​នេសាទ​បាន​សុំ​ទៅ​ថ្នាក់លើ​អនុញ្ញាត​ឲ្យ​លោក​ធ្វើ​ដាយ​ចាប់​ត្រី ដោយ​ឲ្យ​ជួយ​ទៅ​គណៈកម្មការ​កសាង​វត្ត​ក្បាល​កន្លង់​នូវ​ស៊ីម៉ងត៍​២០​តោន ជួយ​ភូមិ​៣ ​ក្នុង​ឃុំ​ពាម​ឆ្កោក ក្នុង​១​ភូមិៗ​១០០​ដុល្លារ សល់​ពីនេះ​ត្រូវ​ជួយ​សហគមន៍។ ដោយឡែក​ នៅ​ក្នុង​២​ខ្នើត​ខែ​មុន​នេះ លោក​ចាប់​ត្រី​បាន​ប្រមាណ​តែ​១៥​តោន​ប៉ុណ្ណោះ។

ទាក់ទង​នឹង​ការ​ដាក់​ដាយ​ត្រី​ខុសច្បាប់​នេះ លោក សោម ភិ​រុណ នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​នៅ​ល្ងាច​ថ្ងៃ​ទី​១៦ ខែមករា លោក​បាន​ប្រាប់ថា ដាយ​ចាប់​ត្រី​នៅ​ព្រែក​ក្បាល​កន្លង់​នេះ ត្រូវបាន​សមត្ថកិច្ច​ចម្រុះ​បង្ក្រាប​អស់ហើយ​កាលពី​សប្ដាហ៍​មុន។

ប៉ុន្តែ​ជាក់ស្ដែង​នៅ​ព្រឹក​ថ្ងៃទី​១៧​មករា ពេល​ក្រុមអ្នកកាសែត​យើង​ចុះ​ទៅដល់ គឺ​បទល្មើស​ដាក់​ដាយ​ចាប់​ត្រី​នោះ​នៅ​ដដែល គ្មាន​អ្នកណា​បង្ក្រាប​ឡើយ​។

ប្រជាពលរដ្ឋ​ភូមិ​ក្បាល​កន្លង់​បានឲ្យ​ដឹងថា នៅ​ល្ងាច​ថ្ងៃ​ទី​១៧​មករា គេ​ឃើញ​លោក សោម ភិ​រុណ និង​សមត្ថកិច្ច​ជលផល ចុះទៅ​ដល់​ដាយ​ចាប់​ត្រី​ក្បាល​កន្លង់​នោះ តែ​មិន​ឃើញ​បង្ក្រាប​នោះ​ទេ មិន​ដឹង​ទៅ​ធ្វើ​អី​ទេ​។

ដោយឡែក​នៅ​ល្ងាច​ថ្ងៃ​ទី​១៧​មករា​នេះ​ដែរ យើង​មិន​អាច​សុំ​ការ​បំភ្លឺ​ពី​លោក សោម ភិ​រុណ បានទេ​ក្នុង​ករណីនេះ ព្រោះ​យើង​បាន​ទូរស័ព្ទ​ចូល​ច្រើនដង តែ​លោក​មិន​លើក​ទទួល​ឡើយ។​

ចំណែក​លោក ងិន ហ៊ុន ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​វិញ នៅ​ល្ងាច​ថ្ងៃ​ទី​១៧​មករា​នេះ​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា​ ការ​ដាក់​ដាយ​ចាប់​ត្រី​ដូច​ឡូត៍​នេសាទ​បែបនេះ​គ្មាន​អ្នកណា​រាយការណ៍​ឲ្យ​លោក​ដឹង​ទេ តែ​លោក​នឹង​រាយការណ៍​សុំ​យោបល់​ថ្នាក់លើ​ដើម្បី​ចុះទៅ​បង្ក្រាប​ករណី​នេះ៕




ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114