ព័ត៍មានទាន់​ហេតុការណ៏
Search

រោងចក្រ​តម្បាញ Kim Yong Suk ផលិត​សូត្រ​នៅ​ប្រទេស​កូរ៉េខាងជើង​

នៅពេលដែល​ពន្លឺ​ពេលព្រឹក​បាន​ជះ​ចូលមក​តាមរយៈ​បង្អួច​ដ៏​ធំ​នោះ ស្ត្រីៗ​ដែល​ស្លៀកពាក់​ពណ៌​បៃតង​រាង​លឿន​ជាទូទៅ និង​ពាក់​អៀម​និង​កន្លែង​ជូត ក្បាល​ពណ៌​ផ្កាឈូក​នោះបាន​ឈរ​នៅតាម​ស្ថានីយ​នានា​ជា​កន្លែង​ដែល​ដុក​ឌឿ​ដង្កូវនាង​ត្រូវបាន​ស្ងោរ​។ ស្ត្រី​មួយចំនួន​បាន​ប្រើ​ដៃទទេ​ដើម្បី​ស្រង់​សរសៃសូត្រ​ចេញពី​ខ្ទះ​ស្ងោរ និង​ញាក់​ខ្លួន នៅពេលដែល​ចំហាយ​ក្តៅ​បាន​ឡើងដល់​មុខ​របស់​ពួកគេ​នោះ​។ ប៉ុន្តែ​ភាព​ក្តៅ នេះ​ហាក់ដូចជា​មិនបាន​បង្អង់​ការ​ឱន​ចុះ​របស់​ពួកគេ​នោះទេ​។​

​ ​រោងចក្រ​តម្បាញ​សូត្រ Kim Jong Suk Silk Mill ជា​ឈ្មោះ​ដាក់​តាម​ឈ្មោះ​យាយ​របស់​មេដឹកនាំ​កូរ៉េខាងជើង​លោក Kim Jong Un គឺជា​កន្លែង​ដែល​កម្មករ​១.៦០០​នាក់ ភាគច្រើន​ជា​ស្ត្រី​នោះ​រើស​និង​ដំណើរការ​ដុក​ឌឿ​ដង្កូវនាង​។ ដង្កូវនាង​មកពី​ស្រុកស្រែ​នៅ​ខេត្ត Pyongan នៅ​ភាគខាងត្បូង​ប្រទេស​បាន​ផលិត​សរសៃសូត្រ​នៅ​ទីបញ្ចប់​ដែល​មន្ត្រី​នៅ​រោងចក្រ​របស់​ក្រុង​ព្យុងយ៉ាង​បាន​និយាយថា ត្រូវ​បានធ្វើ​ឲ្យ​ទៅជា​សរសៃសូត្រ​ទម្ងន់​២០០​តោន​នៅក្នុង​មួយឆ្នាំ​។​

​ពាក្យស្លោក​ឃោសនា​ដែល​គេ​បានឃើញ​លេចធ្លោ​នៅលើ​សញ្ញា​ពណ៌​ក្រហម​និង​ពណ៌​ស​ព្យួរ​នៅ​ពីលើ​របៀង​ដ៏​សំខាន់​មួយ​នោះ​មាន​សេចក្តី​ថា “​ទុក​ឲ្យ​យើង​បង្កើនល្បឿន​នៃ​ការរីកចម្រើន​ប្រកប​ដោយ​ជោគ ជ័យ​នៃ​សង្គមនិយម​តាមរយៈ​ការអភិវឌ្ឍ​ដោយ​ខ្លួនឯង​”​។ ឈ្មោះ​របស់​អ្នកត្រួតត្រា​មើល​និង​កម្មករ​ដែលជា​ក្រុម​ឈានមុខ​ត្រូវបាន​បង្ហាញ​នៅ​សងខាង​ផ្លូវ​ដើរ​ជាការ​លើកទឹកចិត្ត​មួយ​សម្រាប់​កម្មករ​។​

​នៅក្នុង​សុន្ទរកថា​សម្រាប់​ឆ្នាំ​ថ្មី​របស់លោក​មេ​ដឹក នាំ Kim Jong Un បាន​អំពាវនាវ​ដល់​ប្រជាជន​កូរ៉េខាងជើង​ឲ្យ​បង្កើនល្បឿន​ការផលិត​ដើម្បី​បង្កើន​ស្តង់ដារ​រស់នៅ​របស់​ប្រទេស​ដែល​ស្ថិតនៅ​ក្នុងចំណោម​កម្រិត​ទាប​បំផុត​នៅ​អា​សី​ុ​។ លោក Kim ខ្លួន​លោក​ផ្ទាល់​បាន​ទៅ​ទស្សនា​រោងចក្រ​តម្បាញ​សូត្រ​នេះ កាលពីដើម​ខែមករា​។ ទីភ្នាក់ងារ​ព័ត៌មាន AP បានធ្វើ​ដំណើរ​ទៅកាន់​រោងចក្រ​នេះ​នៅ​ដើមខែ​មករា​។ បើទោះបី​អាកាសធាតុ​នៅ​ខាងក្រៅ​រោងចក្រ​មាន​កម្រិត​ដក​៦​អង្សារ​សេ (២១​អង្សារ​F) ក៏ដោយ​ក៏មាន​កំដៅ​តិចតួច​ដែរ នៅក្នុង​អគារ​ដែលមាន​ពិតាន​ខ្ពស់​នេះ ហើយ​ទោះបី​ជាមាន​សំឡេង​អ៊ូរ​អរ​ក៏ដោយ​ក៏​សំឡេង​ទាំងពីរ​មកពី​ម៉ា​សី​ូ​ន​និង​មកពី​គ្រឿង​ឧ​គ្ឃោ​សន​ស័ព្ទ ដែល​បំពង​សំឡេង​ឃោសនា​អមដោយ​ចម្រៀង​តន្ត្រី លាន់ឮ​ទ្រហឹង​អឹងកង​នោះ​ក៏ដោយ​ក៏​ពំ​ុ​ឃើញ​អ្នកណាម្នាក់​ពាក់​ប្រដាប់​ការពារ​ត្រចៀក​នោះដែរ​។​
​ ​
ក្រុម​ស្ត្រី​ពី​៨​ទៅ​១០​នាក់ ឈរ​នៅ​ពីមុខ​គ្រឿង​ម៉ា​ស៊ីន​ធុន​ធ្ងន់ នៅតាម​បណ្តោយ​ខ្សែសង្វាក់​ផលិតកម្ម​បាន​រើស​ដុក​ឌឿ​ចេញ​នៅពេលដែល​ពួកវា​ត្រូវបាន​លាង​សម្អាត​និង​ក្រោយមក​ត្រូវ​បានដាក់​ស្ងោរ​នោះ​។

​រោងចក្រ​តម្បាញ​សូត្រ​នេះ គឺជា​មោទនភាព​ដើម្បី​បង្ហាញ​អំពី​មជ្ឈមណ្ឌល​បច្ចេកវិទ្យា​វិទ្យាសាស្ត្រ​របស់​ខ្លួន​ជា​កន្លែង​ដែល​កម្មករ​អាច​រៀនសូត្រ​ដែល​ធ្វើឡើង​តាមរយៈ​ប្រព័ន្ធ​អ៊ីន​ធើ​ណេ​ត​មួយ​នោះ​។ វា​ក៏​អួតអាង​អំពី​ការ​មើល​ការថែទាំ​កុមារ​ផង​ដែរ ក្នុង​នោះ​កុមារ​២០០​នាក់ ត្រូវបាន​ចុះឈ្មោះ​នៅពេល​ដែល​ម្តាយ​របស់​ពួកគេ​ធ្វើការ​នៅ​រោងចក្រ​នេះ​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684