ព័ត៍មានទាន់​ហេតុការណ៏
Search

អាជ្ញាធរ​ ប្រើ​ធម៌ក្ដៅ​ដូច​ភ្លើង​ ចុះ​រុះរើ​តូប​អ្នក​លក់ដូរ​កំប៉ិកកំប៉ុក​តាម​ចិញ្ចើមផ្លូវ ​ដុតចោល​ទាំង​យប់​

ភ្នំពេញ​ ៖ ​វិធានការ​ក្ដៅ​របស់​អាជ្ញាធរ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ពិតជា​ក្ដៅ​គគុក​ដូច​ភ្លើង​មែន ដោយ​បាន​ចុះ​រុះរើ​តូប ឬ​គ្រែ​ក្រុម​អ្នក​រកស៊ី​លក់ដូរ​កំប៉ិកកំប៉ុក​តាម​ចិញ្ចើម​ផ្លូវ​មុខ​រោងចក្រ​ដុត​កម្ទេច​ចោល​ទាំងយប់​ក្រោម​ហេតុផល​ថា លក់ដូរ​បង្ក​ភាព​រញ៉េរញ៉ៃ​បាត់បង់​សោភណភាព សណ្ដាប់ធ្នាប់​សាធារណៈ​ និង​បង្ក​ការកកស្ទះ​ចរាចរណ៍​តាម​ដង​ផ្លូវ ដែល​វិធានការ​ក្ដៅ​បែបនេះ​ត្រូវ​បាន លោក ហែម ដា​រិ​ទ្ធិ អភិបាលខណ្ឌ​ពោធិ៍​សែន​ជ័យ​បញ្ជាក់​ថា លោក​បាន​ទទួល​បទបញ្ជា​ពី​ថ្នាក់​អភិបាល​រាជធានី​ភ្នំពេញ​ផងដែរ​។​

ការចុះទៅ​រុះរើ​នេះ​ ធ្វើឡើង​កាលពី​វេលា​ម៉ោង​៩​យប់ ថ្ងៃទី​១៨ ខែមករា ឆ្នាំ​២០១៧ នៅមុខ​រោងចក្រ​កាត់ដេរ​បឺ​រី ស្ថិតនៅ​ភូមិ​ព្រៃ​ស្វាយ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

លោក ហែម ដា​រិ​ទ្ធិ បាន​ឲ្យ​ដឹងថា មុននឹង​លោក​ចាត់វិធានការ​ក្ដៅ​បែបនេះ លោក​ធ្លាប់បាន​ចុះ​អប់រំ​ណែនាំ និង​ព្រមាន​ប្រាប់​ដល់​ក្រុម​អ្នកលក់ដូរ​ទាំងអស់នោះ​ជាច្រើនលើក​ច្រើនសា​មកហើយ​ថា កុំ​ឲ្យ​យក​ចិញ្ចើមផ្លូវ​សាធារណៈ​ប្រកបមុខរបរ​អាជីវកម្ម​របស់ខ្លួន​បង្ក​ភាព​រញ៉េរញ៉ៃ​អនាធិបតេយ្យ ប៉ះពាល់​ដល់​សណ្ដាប់ធ្នាប់​សាធារណៈ​លើ​ដងផ្លូវ​បង្ក​ការ​កកស្ទះ​ចរាចរណ៍​បាត់បង់​សោភ័ណភាព និង​អត់​មាន​អនាម័យ​ជាដើម​..​។​ល​….​។​

លោក​ក៏បាន​បញ្ជាក់ថា បញ្ហា​រំលោភ​យក​ផ្លូវ​ធ្វើ​អាជីវកម្ម​បែបនេះ​បានធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​សង្គម តែ​ក្រុមអាជីវករ​ទាំងអស់ មិន​ព្រម​ស្តាប់​ការ​ហាម​ប្រាម​របស់​អាជ្ញាធរ​ឡើយ ថែមទាំង​នៅ​បន្ត​លក់​យ៉ាង​គគ្រឹកគគ្រេង​ដដែល ទើប​លោក​ដឹកនាំ​កម្លាំង​ ដោយ​ផ្ទាល់​ចុះ​រុះរើ និង​ប្រមូល​យក​សម្ភារៈ​ទាំងនោះ​យក​ទៅ​ដុតចោល​តែម្ដង។

លោក​បាន​បញ្ជាក់​ថា ប្រតិបត្តិការ​នេះ​បាន​ធ្វើឡើង​ក្រោយពី​មាន​បទបញ្ជា​ពី​អភិបាល​រាជធានី​ភ្នំពេញ លោក ប៉ា សុជាតិ​វង្ស ផងដែរ ដែល​លោក​តែង​យកចិត្តទុកដាក់​ណែនាំ​ឲ្យ​មន្ត្រីក្រោមឱវាទ​ចុះ​រៀបចំ​សណ្ដាប់ធ្នាប់​តាម​ដងផ្លូវ​សាធារណៈ ជៀសវាង​បង្ក​ការកកស្ទះ ឬ​កើតមាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ជាយថាហេតុ​នោះ​។​

ចំពោះ​ប្រតិបត្តិការ​នេះ ប្រជាពលរដ្ឋ ក៏​ដូច​ក្រុមអាជីវករ​បានលើកឡើង​ថា អស់លោក​អាជ្ញាធរ ពិតជា​ចាត់វិធានការ​ក្ដៅគគុក​មែន ដោយបាន​ប្រមូលយក​សម្ភារៈ​លក់ដូរ​រ​បស់​ពួកគាត់​ដូចជា គ្រែ តុ​សម្រាប់​ដាក់លក់​អីវ៉ាន់​កំប៉ិកកំប៉ុក​ទៅ​ដុត​ក្នុង​គំនរ​ភ្នក់ភ្លើង​ទៅហើយ រឿង​អី​ថា​មិន​ក្ដៅ​នោះ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114