ព័ត៍មានទាន់​ហេតុការណ៏
Search

រដ្ឋមន្ត្រីការបរទេស​ឡាវ នឹង​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា ​រយៈពេល​៣​ថ្ងៃ​

​ភ្នំពេញ​ ៖ រដ្ឋមន្ត្រីការបរទេស​ នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ លោក សា​លើ​ម​សៃ គុំ​ម៉ា​ស៊ីត (Saleumxay KOMMASITH) នឹង​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​ប្រទេស​កម្ពុជា​រយៈ​ពេល​៣​ថ្ងៃ ដើម្បី​បង្កើន​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំងពីរ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​។​

តាម​សេចក្ដីប្រកាស​ព័ត៌មាន ចុះ​ថ្ងៃទី​១៨ ខែមករា ឆ្នាំ​២០១៧ របស់​ក្រសួងការបរទេស និង​សហ​ប្រតិ​បត្តិ​ការ​អន្តរជាតិ​កម្ពុជា​បាន​ឲ្យ​ដឹងថា តាម​ការអញ្ជើញ​របស់​លោក​ទេសរដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋ​មន្ត្រី​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា លោក សា​លើ​ម​សៃ គុំ​ម៉ា​ស៊ីត (Saleumxay KOMMASITH) រដ្ឋមន្ត្រីការបរទេស​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ នឹង​ដឹកនាំ​គណៈប្រតិភូ​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ពី​ថ្ងៃ​ទី​២៣ ដល់​ថ្ងៃ​ទី​២៥ ខែ​មករា ឆ្នាំ​២០១៧​។

ក្នុងអំឡុងពេល​ទស្សន​កិច្ច​នេះ លោក សា​លើ​ម​សៃ គុំ​ម៉ា​ស៊ីត នឹង​ចូល​ក្រាបបង្គំគាល់​ព្រះករុណា ព្រះ​បាទ​សម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ព្រះបរមរាជវាំង និង​ជួបសម្ដែងការគួរសម​ជាមួយ​សម្ដេច​អគ្គ​មហា​សេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ហើយនឹង​ជួប​ចរចា​ផ្លូវការ​ជាមួយ​លោក​ទេសរដ្ឋមន្ត្រី ប្រាក់ សុខុន។​

តាម​សេចក្ដីប្រកាស​ព័ត៌មាន​ដដែល​បញ្ជាក់​ថា លោក Saleumxay KOMMASITH ក៏​នឹង​ចូលរួម​កិច្ច​ប្រជុំ​ នៃ​គណៈកម្មការ​ចម្រុះ​ព្រំដែន​កម្ពុជា​-​ឡាវ ជាមួយ​លោក វ៉ា គីម​ហុង ទេសរដ្ឋមន្ត្រី​ទទួលបន្ទុក​កិច្ចការ​ព្រំដែន ហើយ​នៅ​ចុង​បញ្ចប់​ នៃ​កិច្ចប្រជុំ​នោះ ភាគី​ទាំងពីរ ​នឹង​ចុះហត្ថលេខា​លើ​កំណត់ហេតុ​នៃ​កិច្ចប្រជុំ​នេះ​ផង​ដែរ​។ ក្រៅពីនោះ លោក សា​លើ​ម​សៃ គុំ​ម៉ា​ស៊ីត នឹង​អញ្ជើញ​ទស្សនា​សារមន្ទីរ​ជាតិ​ផង​ដែរ​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114