ព័ត៍មានទាន់​ហេតុការណ៏
Search

តុលាការ​ទីក្រុង​សេ​អ៊ូ​ល​ពិចារណា​ការចាប់ខ្លួន​ប្រធាន​ក្រុមហ៊ុន Samsung

តុលាការ​កូរ៉េខាងត្បូង​គឺ​កំពុង​ពិចារណា​ថា​តើ​ត្រូវអនុម័ត​លើ​ការចាប់ខ្លួន​អនុប្រធាន​ក្រុមហ៊ុន Samsung Electronics លោក Lee Jae-yong ឬក៏​យ៉ាងណា​នោះទេ ខណៈដែល​លោក​គឺជា​មនុស្ស​ម្នាក់​នៃ​មេដឹកនាំ​អាជីវកម្ម​ដែលមាន​ទ្រព្យសម្បត្តិ​ច្រើនជាងគេ​របស់​ប្រទេស​នេះ​ពីបទ​ស៊ីសំណូក និង​បទល្មើស​ផ្សេងទៀត។

លោក Lee គឺជា​កូនប្រុស​តែមួយគត់​នៃ​ប្រធាន​របស់​ក្រុមហ៊ុន Samsung មិនបាន​និយាយ​អ្វី​ទៅកាន់​ក្រុមអ្នកកាសែត​ដែល​កំពុង​រង់ចាំ ខណៈ​ពេលដែល​បានមក​ដល់ និង​បាន​ចាក​ចេញពី​តុលាការ​ស្រុក​កណ្ដាល​ទីក្រុង​សេ​អ៊ូ​កាលពី​ថ្ងៃ​ពុធ ។ បន្ទាប់ពី​សវនាការ​រ​យៈ​ពេល​បួន​ម៉ោង​គាត់​ត្រូវបាន​គេ​យកទៅ​កាន់​មជ្ឈមណ្ឌល​ឃុំខ្លួន​មួយ​នៅក្បែរ​ទីក្រុង​សេ​អ៊ូ​ល​ដើម្បី​រង់ចាំ​សេចក្តីសម្រេច​របស់​តុលាការ។

អ្នកនាំពាក្យ​របស់​តុលាការ​លោក Shin Jae-hwan បាន​ឲ្យ​ដឹងថា ប្រសិនបើ​ការចាប់ខ្លួន​របស់​លោក Lee ត្រូវបាន​អនុម័ត​មែន​នោះ​ព្រះរាជអាជ្ញា​អាច​ឃុំខ្លួន​គាត់​រហូតដល់​ទៅ ២១​ថ្ងៃមុន​ពេល​ដែល​មានកា​រ​ចោទប្រកាន់​គាត់​ជា​ផ្លូវការ ។ ចៅក្រម​នឹង​ប្រកាស​សេចក្តី​សម្រេច​លើ​ដីកាចាប់ខ្លួន​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ បើ​ទោះបី​ជា​ការ​កំណត់ពេល​វេលា​គឺ​មិនទាន់​ច្បាស់​ក៏ដោយ។

ក្រុមហ៊ុន Samsung គឺជា​ក្រុមហ៊ុន​ពហុ​ផលិតផល​ធំ​បំផុត​របស់​កូរ៉េខាងត្បូង​ដែល​គ្រប់គ្រង​ដោយ​ក្រុម​គ្រួសារ​លោក Lee ជាមួយនឹង​អា​ជីរ​កម្ម​គ្រឿង​អេ​ឡិច​ត្រូ​និ​ច ការផលិត​កប៉ាល់ និង​ការធានារ៉ាប់រង​ជីវិត ។ ក្រុមហ៊ុន​នេះ​គឺជា​ក្រុមហ៊ុន​ផលិត​ស្មា​ត​ហ្វូ​ន និង​កុំព្យូទ័រ​ជាមួយនឹង​បន្ទះ​អង្គ​ចង​ចាំង​ដ៏​ធំជាង​គេ​របស់​ពិភពលោក។

ព្រះរាជអាជ្ញា​បាន​ស្នើ​ឲ្យ​មានការ​ចាប់ខ្លួន​លោក Lee ពីបទ​សូកប៉ាន់​លោកស្រី Park និង​មនុស្ស​ជំនិត​របស់​លោក​ស្រី​គឺ​លោកស្រី Choi Soon-sil ដែល​ត្រូវបាន​កាត់ទោស​ពីបទ​ជ្រៀតជ្រែក​ក្នុង​កិច្ចការ​របស់​រដ្ឋ។ លោក Lee វ័យ​៤៨​ឆ្នាំ​ប្រឈមមុខ​នឹង​ការចោទប្រកាន់​ពីបទ​ផ្តល់​សំណូក​មានតម្លៃ ៤៣​ពាន់​លាន​វ៉ុ​ន (៣៦​លាន​ដុល្លារ​អាមេរិក​) ទៅ​ឲ្យ​លោកស្រី Choi និង​លោកស្រី​ប្រធានាធិបតី​នៅ​ក្នុង​ក្តីសង្ឃឹម​នៃ​ការ​ឈ្នះ​ការ​គាំទ្រ​សម្រាប់​ការ​រួមបញ្ចូល​គ្នា​របស់​រដ្ឋាភិបាល​ជាមួយ​ក្រុមហ៊ុន Samsung ក្នុង​ឆ្នាំ​២០១៥។

ព្រះរាជអាជ្ញា​ក៏បាន​សង្ស័យ​ដែរ​ថា លោក Lee បាន​លួច​បន្លំ និង​និយាយ​កុហក​នៅ​ពេល​ស្បថ​ក្នុងអំឡុងពេល​សវនាការ​សភា​កាលពី​ខែ​មុន។ ព្រះរាជអាជ្ញា​មាន​ផែនការ​កោះហៅ​លោកស្រី Park ដែល​កំពុង​រង់ចាំ​សេចក្តី​សម្រេច​របស់​តុលាការ​ថា​តើ​នឹង​គាំទ្រ​ការចោទប្រកាន់​លោកស្រី​ឬក៏​យ៉ាងនា​ដើម្បី​សាកសួរ​លោកស្រី​អំពី​ការចោទប្រកាន់​ការ​សូកប៉ាន់​នេះ។ សូមបញ្ជាក់ថា ការរួមបញ្ចូល​គ្នា​នេះ​បាន​ជួយ​ដល់​លោក Lee បង្កើន​ការគ្រប់គ្រង​របស់លោក​លើ​ក្រុមហ៊ុន Samsung Electronics ជា​ក្រុមហ៊ុន​ដែល​មាន​សារៈសំខាន់​បំផុត​របស់​កូរ៉េខាងត្បូង៕


TAG

ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684