ព័ត៍មានទាន់​ហេតុការណ៏
Search

មន្ត្រី​ជាន់ខ្ពស់​រាជរដ្ឋាភិបាល​ហៅ Global Witness ថា ​ជា​អង្គការ​ប្រតិកិរិយា និង​ជា​បិសាច​អន្តរជាតិ ដែល​តែង​ប្រឆាំង​នឹង​ភាព​សុខក្សេមក្សាន្ត​របស់​ខ្មែរ​

ភ្នំពេញ ​៖ ​លោក​ផៃ ស៊ី​ផាន រដ្ឋលេខាធិការ​ទីស្តីការ​គណៈរដ្ឋមន្ត្រី និង​ជា​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា បាន​ហៅ​អង្គការ ​Global Witness ថា​ជា​អង្គការ​ប្រតិកិរិយា និង​ជា​បិសាច​អន្តរជាតិ​ ដែល​តែងតែ​ប្រឆាំង​ ញុះញង់ ប្រឌិត​រឿង​ខុស​ការពិត ប្រឆាំង​នឹង​ភាព​ក្សេមក្សាន្ត​របស់​ប្រជាពលរដ្ឋ​កម្ពុជា។

ការលើកឡើង​របស់លោក ផៃ ស៊ី​ផាន បែបនេះ បាន​ធ្វើឡើង​បន្ទាប់ពី​អង្គការ​អន្តរជាតិ Global Witness ដែលមាន​មូលដ្ឋាន​នៅ​ប្រទេស​អង់គ្លេស បាន​ប្រតិកម្ម​ចំពោះ​វត្តមាន​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សំណូមពរ​ឲ្យ​អង្គប្រជុំ​វេទិកា​សេដ្ឋកិច្ចពិភពលោក នៅ​ទីក្រុង Davos ប្រទេស​ស្វី​ស កុំ​ឲ្យ​កម្ពុជា​ចូលរួម។

លោក​លើក​ឡើង​យ៉ាង​នេះ​ថា “​ក្នុង​ការ​ឆ្លើយតប នៃ​ការ​លើកឡើង​របស់​ជន​ពាល​អន្តរជាតិ ​Alice Harrison “Global Witness” ដែល​បាន​ប្រតិកម្ម​ចំពោះ​វត្តមាន​របស់​សម្តេច​នាយក​រដ្ឋមន្ត្រី តេ​ជោ ហ៊ុន សែន និង​សំណូមពរ​ឲ្យ​អង្គប្រជុំ​សេដ្ឋកិច្ច​អន្តរជាតិ នៅ​ទីក្រុង Davo ប្រទេស​ស្វី​ស​បិទទ្វា បណ្តេញ​កម្ពុជា​នោះ គឺជា​សម្ដី​របស់​ជនពាល និង​បិសាច​អន្តរជាតិ ដែល​តែងតែ​ញុះញង់ ប្រឌិត​ខុសពី​ការពិត។ កម្ពុជា​ទទួល​បាន​ការ​គោរព និង​ឃើញ​ថា ជា​ខ្លា​សេដ្ឋកិច្ច​មួយ​ប្រចាំ​អាស៊ាន ASEAN ដែលមាន​ផលិតផល​សរុប​ក្នុងស្រុក​ក្នុង​រង្វង់​ជាង​៧ ភាគរយ ក្នុង​រយៈពេល​មួយ​ទសវត្សរ៍​ចុងក្រោយ​នេះ​។ កម្ពុជា​ ក៏​ជា​ទិសដៅ​ដល់​អ្នក​បណ្តាក់ទុន​អន្តរជាតិ ដែលមាន​ភាពកក់ក្តៅ និង​បរិមាណ​ខ្ពស់​ប្រចាំ​តំបន់​”​។​

តាម​លោក ផៃ ស៊ី​ផាន ស្រទាប់​កណ្តាល​របស់​ស​ង្គ​ម​កម្ពុជា បាន​រីក​ធំធាត់​ប្រកបដោយ​ផាសុខភាព ដែលជា​មូលដ្ឋានគ្រឹះ​នៃ​ថាមពល​សេដ្ឋកិច្ច​។ អគ្គរដ្ឋទូត​សហរដ្ឋអាមេរិក បាន​សម្តែង​មោទនភាព និង​សាទរ​ស្វាគមន៍​ចំពោះ​ការ​បណ្តាក់​ទុន​របស់​ពាណិជ្ជករ​អាមេរិកាំង នៅ​កម្ពុជា​។ ថ្មីៗ​នេះ ថ្នាក់ដឹកនាំ​កំពូល​របស់​បណ្តាល​ប្រជាជាតិ​អាស៊ាន ASEAN បានប្រគល់​ពានរង្វាន់​សមិទ្ធផល​អាស៊ាន​មួយជីវិត ដល់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន​។ ដោយឡែក​តែ​ក្រុម​ប្រតិកិរិយា ដែល​ប្រឆាំង និង​ប្រមាថ ដល់​ភាព​ក្សេមក្សាន្ត និង​ជោគជ័យ​របស់​កម្ពុជា តែងតែ​ជួប​នឹង​បរាជ័យ​ជានិច្ចកាល ឧទាហរណ៍ ដូចជា​លោក​សាស្ត្រាចារ្យ នៅ​អូស្ត្រាលី បាន​អំពាវនាវ​ពី​ទីក្រុង​ហាណូយ វៀតណាម ឲ្យ​អាស៊ាន បិទទ្វារ​បណ្តេញ​កម្ពុជា​ចេញពី​សមាគម​ប្រជាជាតិ​អាស៊ាន ASEAN ចំពោះ​បរិបទ​ឈូង​សមុទ្រ​ចិន​ខាងត្បូង ក៏​ដូចគ្នានេះដែរ ចំពោះ​ការលើកឡើង​របស់ Global Witness ចំពោះ​វេទិកា​សេដ្ឋកិច្ច​អន្តរជាតិ​នៅ​ទីក្រុង Davo នេះ​។ ការលើកឡើង​នេះ ក៏បាន​បង្ហាញ​ការពិត នៃ​ការ​អស់សង្ឃឹម ដែលជា​ភាពទាល់ច្រក​របស់ខ្លួន ឆ្លើយតប​ទៅនឹង​ភាពបរាជ័យ​របស់​របា​យ​ការណ៍​ប្រតិកិរិយា ប្រឌិត បំផុសបំផុល និង​ញុះញង់ ដែល​តែ​តែ​ធ្វើ​ក្នុង​រយៈពេល​កន្លងមក​។​

លោក ផៃ ស៊ី​ផាន ​បញ្ជាក់​ថា ជារួម​គឺ​ខ្មែរ​ទទួល​បាន​ជោគជ័យ ដែល​ទទួលស្គាល់​ដោយ​អន្តរជាតិ ជាពិសេស​គឺ​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ដែល​កើតចេញពី​ប្រជារាស្ត្រ​ខ្មែរ ដែល​លោក​ទទួលបាន​ការគោរព និង​កោតសរសើរ ពី​សំណាក់​អន្តរជាតិ ចំពោះ​ការដឹកនាំ​ដ៏​រស់​រវើក និង​ចំ​ទិសដៅ គឺ​សន្តិភាព ស្ថិរភាព និង​វិបុលភាព​។ ដូចនេះ ការលើកឡើង​របស់​អង្គការ​ប្រតិកិរិយា បិសាច​អន្តរជាតិ គ្មានអ្វី​ក្រៅពី​ការ​ប្រឆាំង និង​ភាព​សុខក្សេមក្សាន្ត ព្រម​ជាមួយ ​និង​ជោគជ័យ​របស់​ខ្មែរ​តែប៉ុណ្ណោះ​។​

សូម​បញ្ជាក់​ថា អង្គការ​ឃ្លាំមើល​ពិភពលោក គ្លប​ល វី​នេស​(Global Witness) កាលពី​ថ្ងៃ​ពុធ ទី​១៨ ខែមករា ឆ្នាំ​២០១៧ បានចេញ​ផ្សាយ​សេចក្ដីថ្លែងការណ៍​មួយ ដោយបាន​ស្នើ​ឲ្យ​វេទិកា​សេដ្ឋកិច្ចពិភពលោក ដែល​នឹង​ប្រារព្ធ​ធ្វើឡើង​ក្នុង​ទីក្រុង​ដា​វូ​ស (Davos) ប្រទេស​ស្វី​ស (Switzerland) នា​ខែឧសភា ឆ្នាំ​២០១៧ ខាងមុខ កុំ​អនុញ្ញាត​ឲ្យ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ចូលរួម ដើម្បី​ទាក់ទាញ​អ្នកវិនិយោគទុន​ថ្មីៗ​ពី​ក្រៅប្រទេស ដោយ​សម្អាង​ថា សម្តេច​តេ​ជោ ហ៊ុន សែន និង​គ្រួសារ​កំពុង​ក្ដោប​ក្ដាប់ សេដ្ឋកិច្ច​របស់​ប្រទេស ហេតុដូច្នេះ​រាល់​លុយ​ទាំងឡាយ​របស់​អ្នកវិនិយោគទុន​ថ្មីៗ​ទាំងនោះ នឹង​អាច​ធ្លាក់​ក្នុង​ហោប៉ៅ​របស់​សម្តេច និង​ក្រុមគ្រួសារ​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684