ព័ត៍មានទាន់​ហេតុការណ៏
Search

កូរ៉េខាងត្បូង​៖ កូរ៉េខាងជើង​អាចធ្វើ​តេស្ត​មី​ស៊ី​ល​អន្តរទ្វីប ICBM ក្នុងពេល​ឆាប់ៗ​

ប្រទេស​កូរ៉េខាងជើង​អាច​នឹង​កំពុង​ត្រៀម​សាកល្បង​បាញ់​មី​ស៊ី​ល​ឆ្លង​ទ្វីប (ICBM) ប្រភេទ​ថ្មី​មួយ​គ្រាប់​។ នេះ​បើ​តាម​ការ​លើកឡើង​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​កូរ៉េខាងត្បូង​នៅ​ថ្ងៃ​ព្រហស្បតិ៍​ដោយ​ដកស្រង់​ប្រភព​ពី​យោធា​។

នៅ​ក្នុង​សុន្ទរកថា​ឆ្នាំ​ថ្មី មេដឹកនាំ​កូរ៉េខាងជើង​លោក​គីម​ជុង​អ៊ុន​បាន​និយាយថា ប្រទេស​នេះ​ជិត​សាកល្បង​មី​ស៊ី​ល​អន្តរទ្វីប​មួយគ្រា​ប់​ហើយ​ខណៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​រដ្ឋ​បាន​ឲ្យ​ដឹងថា ការបាញ់​សាកល្បង​អាច​កើតឡើង​នៅពេល​ណាមួយ​។ ក្រុម​អ្នកជំនាញ​អំពី​កម្មវិធី​មី​ស៊ី​ល​របស់​ប្រទេស​ដែល​មាន​សមត្ថភាព​នុយក្លេអ៊ែរ​មួយ​នេះ​ជឿជាក់ថា ការអះអាង​នេះ​គឺ​គួរ​ឲ្យ​ទុកចិត្តបាន​។

ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​កូរ៉េខាងត្បូង​បាន​ឲ្យ​ដឹងថា ការបាញ់​សាកល្បង​អាច​បង្ហាញ​ជាការ​ជាក់ស្តែង​ហើយ​វា​ទំនងជា​នឹង​កើតឡើង​ព្រម​គ្នា​ស្រប​ពេល​ដែល​ប្រធានាធិបតី​ជាប់ឆ្នោត​សហរដ្ឋអាមេរិក​លោក Donald Trump ស្បថ​ចូលកាន់​តំណែង​នៅ​ថ្ងៃ​សុក្រ​នេះ​។ ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​របស់​កូរ៉េខាងត្បូង​បាន​រាយការណ៍​កាលពី​ថ្ងៃ​ពុធ​ថា នាពេល​ថ្មីៗ​នេះ ពួកគេ​បាន​ប្រទះឃើញ​ផ្នែក​នៃ​កាំជ្រួច​មី​ស៊ី​ល​ត្រូវបាន​ដឹកជញ្ជូន​ដែល​គេ​ជឿថា​ជា​ផ្នែក​ខាងក្រោម​នៃ​មី​ស៊ី​ល ICBM ហើយ​វា​បាន​បង្កើន​ភាព​ភ័យខ្លាច​ថា ការ​ធ្វើ​តេស្ត​អាច​មាន​ភាព​ជាក់ច្បាស់​។ នេះ​បើតាម​ការចុះផ្សាយ​របស់​កាសែត Chosun Ilbo ដែល​ដកស្រង់​ប្រភព​យោធា​។

ប្រភព​នោះ​បាន​ប្រាប់​កាសែត Chosun Ilbo ថា “​វា​មាន​ភាពខុសគ្នា​ពី​មី​ស៊ី​ល Musudan ទាំង​ប្រវែង​និង​រូបរាង​របស់​វា​”​។ វា​បាន​លើកឡើង​បែបនេះ​ដោយ​សំដៅទៅ​មី​ស៊ី​ល​រយៈ​ចម្ងាយ​មធ្យម Musudan ដែល​បាន​បាញ់​សាកល្បង​ដោយ​កូរ៉េខាងជើង​កាលពី​ឆ្នាំមុន​។

គួរ​បញ្ជាក់ថា ប្រទេស​កូរ៉េខាងជើង​បានធ្វើ​តេស្ត​មី​ស៊ី​ល​ផ្លោង​ជាច្រើន​គ្រាប់​នៅក្នុង​អត្រា​មិន​ធ្លាប់មាន​ពីមុនមក​ក្នុងអំឡុង​ឆ្នាំ​២០១៦​បើទោះបីជា​អ្នកជំនាញ​មួយចំនួន​បាន​ឲ្យ​ដឹងថា រដ្ឋ​ឯកោ​មួយ​នេះ​មិនទាន់​អាច​អភិវឌ្ឍន៍​មី​ស៊ី​ល ICBM មួយ​គ្រាប់​បំពាក់​ជាមួយ​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​មាន​សមត្ថភាព​ឈានដល់​សហរដ្ឋអាមេរិក​ក៏ដោយ​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684