ព័ត៍មានទាន់​ហេតុការណ៏
Search

តើ​មានឱកាស​ទេ ​សម្រាប់​តម្រុយ​ពី​បំណែក​នៃ​ជើងហោះហើរ​៣៧០?

ប្រទេស​ចំនួន​បី​បាន​ជះ​លុយ​១៦០​លាន​ដុល្លារ​និង​ធ្វើ​ការ​រាប់​ឆ្នាំ​ក្នុង​ការ​ស្វែងរក​ក្រោម​ទឹក​សម្រាប់​ជើង​ហោះហើរ​៣៧០​របស់​ក្រុមហ៊ុន​អាកាសចរណ៍ Malaysia Airlines ដែល​បាន​បាត់​ខ្លួន​។​ជា​លទ្ធផល​គ្មាន​យន្តហោះ​ត្រូវ​បាន​គេ​រក​ឃើញ​ឡើយ​។

ការស្វែងរក​ក្នុង​ទឹកសមុទ្រ​ដ៏​ជ្រៅ​សម្រាប់​យន្តហោះ Boeing ៧៧៧ ដែល​បាត់​ខ្លួន​គឺ​ត្រូវបាន​ផ្អាក​កាលពី​ថ្ងៃ​អង្គារ​បន្ទាប់ពី​ក្រុមមន្ត្រី​បានទទួល​ស្គាល់​ការបរាជ័យ​ក្រោយ​ការស្វែងរក​យន្តហោះ​ដ៏​ស្មុគស្មាញ​និង​ចំណាយ​ប្រាក់​អស់​ច្រើន​បំផុត​នៅក្នុង​ប្រវត្តិសាស្ត្រ​។ ប៉ុន្តែ​ខណៈពេលដែល​ក្រុម​ស្វែង​រក​បាន​ចំណាយពេល​ច្រើន​ឆ្នាំ​ក្នុងការ​រុករ​កនៅ​ទី​ដាច់​ស្រ​យ៉ា​ល​នៃ​មហាសមុទ្រ​ឥណ្ឌា​នោះ មនុស្ស​ដែល​ដើរ​តាម​បណ្តោយ​ឆ្នេរសមុទ្រ​បានចាប់ផ្តើម​ប្រទះឃើញ​បំណែក​នៃ​យន្តហោះ​ដែល​បាន​អណ្តែត​មក​គោក​។

បំណែក​ទាំងនោះ​បានផ្តល់​ព័ត៌មាន​ដ៏​សំខាន់​ដល់​ក្រុម​អ្នកស៊ើប​អង្កេត​និង​បាន​ជំរុញ​ឲ្យ​មាន​សំណួរ​មួយ​ចំនួន​ថា​តើ​ប្រទេស​ម៉ាឡេស៊ី អូស្ត្រាលី​និង​ចិន​ដែល​បានផ្តល់​ការឧបត្ថម្ភ​ថវិកា​សម្រាប់​ការ​ស្វែងរក​បំណែក​យន្តហោះ​នៅ​ក្រោម​ទឹក​នេះ​បាន​ខកខាន​ឱកាស​សំខាន់​ក្នុងការ​កំណត់​សំណល់​ដែល​បាន​រសាត់អណ្តែត​មក​ឆ្នេរ​ដែរ​ឬក៏​អត់​។

ចាប់​តាំងពី​យន្ដហោះ​នេះ​បាន​បាត់​ខ្លួន​ខណៈ​ធ្វើដំណើរ​ចេញពី​ទីក្រុង​គូ​ឡា​ឡាំ​ពួរ​ទៅ​ទីក្រុង​ប៉េកាំង​នៅ​ថ្ងៃទី​៨​ខែមីនា​មក បំណែក​ជាង​២០​ដែល​គេ​បញ្ជាក់​ឬ​ជឿថា​ទំនងជា​មកពី​យន្តហោះ​នោះ​គឺ​បាន​អណ្តែត​មក​ឆ្នេរសមុទ្រ​នៅតាម​បណ្តោយ​ឆ្នេរ​ភាគ​ខាងកើត​នៃ​ទ្វីបអាហ្វ្រិក​និង​នៅលើ​កោះ​នានា​រួមទាំង​ម៉ា​ដា​ហ្គា​ស្ការ​ផងដែរ​។

បំណែក​ទាំងអស់​គឺ​ត្រូវបាន​រកឃើញ​ដោយ​ប្រជាពលរដ្ឋ​និង​ភ្ញៀវទេសចរ​និង​ដោយ​លោក Blaine Gibson ដែលជា​គិញ​ស្ម័គ្រចិត្ត​អាមេរិក​ដែល​បានចាប់ផ្តើម​ការ​ប្រមាញ់​បន្ទាប់ពី​ធ្វើការ​ជាមួយ​អ្នក​សាគរ​សាស្ត្រ​ដើម្បី​ប៉ាន់ស្មាន​កន្លែង​ដែល​យន្តហោះ​ធ្លាក់​។ ទោះបីជា​យ៉ាងណាក៏ដោយ ការិយាល័យ​សុវត្ថិភាព​ដឹកជញ្ជូន​អូស្ត្រាលី​ដែល​ដឹកនាំ​ការស្វែងរក​បំណែក​យន្តហោះ​នៅក្រោម​ទឹក​នេះ​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ព្រហស្បតិ៍​ថា វា​ជាការ​មិនអាច​ទៅរួច​ទេ​ដើម្បី​ដឹងថា​តើ​ការស្វែងរក​តាម​ឆ្នេរសមុទ្រ​នឹង​ជំរុញ​ឲ្យ​រកឃើញ​កម្ទេចកម្ទី​បន្ថែមទៀត​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684