ព័ត៍មានទាន់​ហេតុការណ៏
Search

ជន​អន្តោប្រវេសន៍​ ​សម្រុក​ទៅ​អាមេរិក​ មុនពេល​លោក Trump ឡើងកាន់តំណែង​

ជន​អន្តោប្រវេសន៍​ដែល​កំពុង​ព្យាយាម​ជ្រៀតចូល​ទៅក្នុង​សហរដ្ឋអាមេរិក​ពី​វាល​ខ្សាច់ ​នៃ​ប្រទេស​ម៉ិ​ក​ស៊ិ​ក​ គឺ​ត្រូវតែ​ប្រឈមមុខ​ជាមួយនឹង​យន្តហោះ​ដ្រូ​ន​របស់​ឆ្មាំ​ព្រំដែន ពស់មានពិស និង​ក្រុម​បងធំ​ជួញ​ដូរ​មនុស្ស​។​

​ប៉ុន្តែ​បញ្ហា​ប្រឈម​ទាំងនេះ​ហាក់ដូចជា​គ្មានអ្វី​ត្រូវ​ប្រៀបធៀប​ជាមួយនឹង​ក្តី​ព្រួយបារម្ភ​ធំ​បំផុត​របស់​ពួកគេ​ទេ​។ នោះ​គឺជា​រឿង​ដែល​នឹង​កើតឡើង​ក្នុងពេល​ឆាប់ៗ​ដែល​ប្រធានាធិបតី​ជាប់ឆ្នោត​សហរដ្ឋ​អាមេរិក​លោក Donald Trump នឹង​សាងសង់​ជញ្ជាំង​មួយ​ដើម្បី​ទប់ស្កាត់​ពួកគេ​។​

ដូច្នេះ​មុន​ពេល​ដែល​លោក Trump ចូលកាន់​តំណែង​នៅ​ថ្ងៃ​សុក្រ​នេះ ពួកគេ​ត្រូវ​ប្រញាប់ប្រញាល់​ឲ្យ​បាន​លឿន​ជាទីបំផុត​ដោយ​ត្រូវ​ជិះ​រថភ្លើង​ដឹកទំនិញ​ឆ្ពោះទៅកាន់​ព្រំដែន ​ដើម្បី​ស្វែងរក​ផ្លូវ​ឆ្លងកាត់​។​

នៅក្នុង​ទីក្រុង Caborca ដែល​ស្ថិតនៅ​ជិត​ព្រំដែន​ជនជាតិ​ហុយ​ឌូ​រ៉ា​ស​មួយក្រុម​បាន​កម្ដៅ​ខ្លួន​ដោយ​ភ្លើង​នៅ​ពេល​ព្រឹក​ដ៏​ត្រជាក់​។​

ស្របពេល​ជាមួយគ្នា​នោះ​បើ​យោងតាម​តួលេខ​របស់​រដ្ឋាភិបាល​បាន​បង្ហាញថា ​អាជ្ញាធរ​ម៉ិ​ក​ស៊ិ​កបាន​ចាប់ខ្លួន​មនុស្ស​រាប់ពាន់នាក់​ជា​រៀងរាល់ខែ​ ខណៈ​មនុស្ស​រាប់ពាន់​ទៀត​គ្មាន​ឯកសារ​។

ដោយឡែក អភិបាល​នៅ​បណ្ដា​រដ្ឋ​ភាគ​ខាងជើង​នៅ​សប្ដាហ៍​នេះ​ បាន​អំពាវនាវ​សុំ​ធនធាន​បន្ថែម​ទៀត​ ដើម្បី​ដោះស្រាយ​ជាមួយនឹង​ការកើនឡើង​នេះ​។​

លោក Trump បាន​បង្ក​ឲ្យ​មាន​កំហឹង​ក្នុងអំឡុងពេល​យុទ្ធនាការ​ឃោសនាបោះឆ្នោត​របស់​គាត់​នៅ​ពេល​ដែល​គាត់​បានចាត់ទុក​ជនអន្តោប្រវេសន៍​មកពី​ប្រទេស​ម៉ិ​ក​ស៊ិ​កថា​ ជា​ឧក្រិដ្ឋជន ​និង​អ្នក​ចាប់​រំលោភ​។ ការប្រមាថ​នេះ​បានធ្វើ​ឲ្យ​ជនអន្តោប្រវេសន៍​ឈឺចិត្ត​យ៉ាងខ្លាំង​។

គួរបញ្ជាក់​ជាថ្មី​ថា លោក Trump ធ្លាប់បាន​ជួប​ជាមួយនឹង​ប្រធានាធិបតី​ នៃ​ប្រទេស​ម៉ិ​ក​ស៊ិ​ក ​គឺ​លោក Enrique Pena Nieto ហើយ​បាន​រំលឹក​ឡើងវិញ​អំពី​ការ​អះអាង​ នៃ​យុទ្ធនាការ​របស់គាត់​ដែល​ថា សហ​រដ្ឋ​អាមេរិក​ អាច​នឹង​សាងសង់​ជញ្ជាំង​ព្រំដែន​មួយ​ ដើម្បី​ទប់ស្កាត់​ការធ្វើ​អន្តោប្រវេសន៍​ខុសច្បាប់​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114