ព័ត៍មានទាន់​ហេតុការណ៏
Search

អ្នក​របួសធ្ងន់​៤៦​នាក់​នៅតែ​ស្ថិត​ក្នុង​កន្លែង​កើតហេតុ​នៃ​ការទម្លាក់​គ្រាប់បែក​របស់​នី​ហ្សេ​រី​យ៉ា​

គណៈកម្មាធិការ​កាកបាទ​ក្រហម​អន្តរជាតិ​បាន​និយាយ​ថា អ្នក​របួសធ្ងន់​យ៉ាងហោចណាស់​៤៦​នាក់​គឺ​នៅតែ​ស្ថិត​ក្នុង​ជំរំ​ជនភៀសខ្លួន​មួយ​ដែល​យោ​ធានី​ហ្សេ​រី​យ៉ា​និយាយ​ថា ខ្លួន​បាន​ទម្លាក់​គ្រាប់បែក​ដោយ​ច្រឡំ​កាលពី​ថ្ងៃ​ពុធ​ដែល​នេះ​អាច​បង្កើន​លទ្ធភាព​ថា ចំនួន​អ្នក​ស្លាប់​អាច​កើន​ឡើង​កាន់​តែខ្លាំង​។​

​ប្រធាន​ផ្នែក​ជនភៀសខ្លួន​របស់​អង្គការសហប្រជាជាតិ​បាន​ហៅ​ការ​សម្លាប់​នេះ​ថា​ជា “​មហន្តរាយ​យ៉ាង​ពិត​ប្រាកដ​”​។ អង្គការ​គ្រូពេទ្យ​គ្មាន​ព្រំដែន​បាន​និយាយ​ថា ជំរំ​នេះ​ត្រូវ​បាន​វាយប្រហារ​ចំនួន​ពីរ​គ្រាប់​ហើយ​យន្តហោះ​យោធា​បាន​ហោះ​ឆ្វែល​សម្រាប់​ការ​ទម្លាក់​គ្រាប់បែក​ជា​លើក​ទី​ពីរ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​នាទី​។

សេចក្តី​ថ្លែងការណ៍​របស់​កាកបាទក្រហម​បាន​អំពាវនាវ​ឲ្យ​ជម្លៀស​ជនរងគ្រោះ​ជាបន្ទាន់​ដោយ និយាយ​ថា “​អ្នកជំងឺ​កំពុង​ស្ថិត​នៅ​ក្នុង​ទីតាំង​បើកចំហ​ដែល​មាន​បរិ​យា​កាស​មិន​ទៀង​នៅ​ក្នុង​សហ​គមន៍​ដាច់ស្រយាល​មួយ​ដែល​នៅតែ​រង​ការ​គំរាមកំហែង​ដោយ​ក្រុម​បះបោរ​បូ​កូ​ហា​រ៉ា​ម។

មន្ត្រី​រដ្ឋាភិបាល​ម្នាក់​បាន​ប្រាប់ The Associated Press ថា ជនភៀសខ្លួន​និង​បុគ្គលិក​ជំនួយ​ជាង​១០០​នាក់​ត្រូវ​បាន​សម្លាប់​នៅក្នុង​ការទម្លាក់​គ្រាប់បែក​កាលពី​ថ្ងៃ​អង្គារ​នៅ​ជំរំ​ភាគ​ឦសាន​ជិត​ព្រំដែន​ជាប់​ប្រទេស​កា​មេ​រូ​ន​។ សេចក្តីថ្លែងការណ៍​រប​ស់​កាកបាទក្រហម​បាន​ឲ្យ​ដឹង​ថា មនុស្ស​ប្រហែល​៧០​នាក់​ត្រូវ​បាន​សម្លាប់​បូក​ទាំង​អ្នកស្ម័គ្រចិត្ត​ផ្តល់​ជំនួយ​យ៉ាងហោចណាស់​ប្រាំមួយ​នាក់​ផង​ដែរ​។

ទោះបីជា​យ៉ាងណាក៏ដោយ យោធា​របស់​ប្រទេស​នី​ហ្សេ​រី​យ៉ា​បាន​និយាយ​ថា ខ្លួន​បាន​ព្យាយាម កំណត់​គោលដៅ​លើ​ក្រុម​អ្នក​ប្រយុទ្ធ​បូ​កូ​ហា​រ៉ា​ម​។ វា​ត្រូវបាន​គេ​ជឿថា នេះ​ជា​លើកដំបូង​ហើយ​របស់​យោ​ធានី​ហ្សេ​រី​យ៉ា​ដែល​បាន​ទទួល​ស្គាល់​កំហុស​បែ​ប​នេះ​នៅក្នុង​តំបន់​មួយ​ដែលជា​កន្លែង​អ្នកភូមិ​បាន​រាយការណ៍​អំពី​ការ​ស្លាប់​និង​របួស​ជន​ស៊ីវិល​ក្នុង​ការ​ទម្លាក់​គ្រាប់បែក​សឹងតែ​រាល់ថ្ងៃ​។

ប្រធាន​ផ្នែក​ជនភៀសខ្លួន​របស់​អង្គការសហប្រជាជាតិ​លោក Filippo Grandis បាន​ហៅ​ការទម្លាក់​គ្រាប់បែក​នោះ​ថា​ជា “​ព្រឹត្តិការណ៍​មហន្តរាយ​យ៉ាង​ពិត​ប្រាកដ​” និង​បាន​និយាយថា ការស៊ើបអង្កេត​ពេញលេញ​គឺ​ត្រូវការ​ជា​ចាំបាច់​ដើម្បី​ធ្វើ​ឲ្យ​ប្រាកដថា វា​នឹង​មិនអាច​កើតឡើង​ម្តង​ទៀត​បាន​នោះទេ​។ UN បាន​ឲ្យ​ដឹងថា​ជំរំ​នេះ​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ក្នុង​ខែមីនា​និង​ផ្ទុក​មនុស្ស​ចំនួន ៤៣,០០០​នាក់​ដែល​បាន​រត់​ភៀសខ្លួន​ចេញពី​ការបះបោរ​របស់​ក្រុម​បូ​កូ​ហា​រ៉ា​ម​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684