ព័ត៍មានទាន់​ហេតុការណ៏
Search

តុលាការ​កូរ៉េខាងត្បូង​ច្រានចោល​ដីកាចាប់ខ្លួន​អ្នក​ស្នង​មរតក​ក្រុមហ៊ុន Samsung

តុលាការ​ក្រុង​សេ​អ៊ូ​ល​នៅ​ថ្ងៃ​ព្រហស្បតិ៍​បាន​បដិសេធ​ចេញ​ដីកាចាប់ខ្លួន​អ្នក​ស្នង​មរតក​ក្រុមហ៊ុន Samsung លោក Lee Jae-Yong ដែល​គេច​ង់​ចាប់ខ្លួន​លើ​ការចោទប្រកាន់​អំពី​តួនាទី​របស់លោក​ក្នុង​រឿងអាស្រូវ​ពុករលួយ​ដែល​បានធ្វើ​ឲ្យ​ប្រធានាធិបតី Park Geun Hye ត្រូវ​ធ្លាក់​ពី​តំណែង​។​
​ការតម្រូវ​របស់​ព្រះរាជអាជ្ញា​សម្រាប់​ការចាប់ខ្លួន​លោក​ពីបទ​ស៊ីសំណូក ក្លែងបន្លំ​និង​ភូតភរ​តុលាការ​នៅ​សប្តាហ៍​នេះ​បានធ្វើ​ឲ្យ​មាន​ភាព​ភ្ញាក់ផ្អើល​នៅក្នុង​ក្រុមហ៊ុន Samsung ដែលជា​ក្រុមហ៊ុន​ផលិត​ស្មា​ត​ហ្វូ​ន​ធំ​បំផុត​របស់​ពិភពលោក​ជាមួយនឹង​ប្រាក់ចំណូល​ស្មើនឹង​មួយ​ភាគ​ប្រាំ​នៃ​ផលិតផល​ក្នុងស្រុក​សរុប​របស់​ប្រទេស​កូរ៉េខាងត្បូង​។​

ការបដិសេធ​នេះ​បានក្លាយ​ទៅជា​បញ្ហា​ប្រឈម​មួយ​ចំពោះ​ផែនការ​របស់​ក្រុម​អ្នកស៊ើប​អង្កេត ក្នុងការ​សាកសួរ​លោក​ស្រី Park លើ​ការចោទប្រកាន់​ពី​ការទទួលយក​សំណូក​នៅ​ដើមខែ​កុម្ភៈ​ខាងមុខនេះ​។ លោកស្រី Park ត្រូវបាន​ចោទប្រកាន់​ដោយ​សភា​កាលពី​ខែ​មុន​។

ទីភ្នាក់ងារ​យ៉ុ​ន​ហាប​បាន​លើកឡើងថា ការបដិសេធ​នេះ​ក៏បាន​ធ្វើ​ឲ្យ​អន្តរាយ​ដល់​ផែនការ​របស់​ពួកគេ​ក្នុងការ​ពង្រីក​ការស៊ើបអង្កេត​ចូលទៅក្នុង​ក្រុមហ៊ុន​ផ្សេងទៀត​ផងដែរ​ដែលថា​បាន “​បរិច្ចាក​” ទឹកប្រាក់​រាប់លាន​ដុល្លារ​អាមេរិក​ដល់​គ្រឹះស្ថាន​របស់​ជំនិត​លោកស្រី Park គឺ​នាង Choi Soon-Sil ដើម្បី​បម្រើ​ប្រយោជន៍​ផ្ទាល់ខ្លួន​។ លោក Lee ដែលមាន​វ័យ​៤៨​ឆ្នាំ​គឺ​ត្រូវបាន​គេ​ឃើញ​ចាក​ចេញពី​មន្ទីរឃុំឃាំង​មួយ​ដែលជា​កន្លែង​លោក​បាន​រង់ចាំ​ការសម្រេចចិត្ត​រយៈពេល​១៨​ម៉ោង​មុន​បន្ទាប់ពី​សវនាការ​កា​ល​ពីថ្ងៃ​ពុធ​។

ជាមួយនឹង​ស្នាមញញឹម​ព្រមទាំង​ពាក់​អាវធំ​និង​ក្រវ៉ា​ត់ក គាត់​ត្រូវបាន​នាំចេញ​ដោយ​ឆ្មាំសន្តិសុខ​កាត់​តាម​មុខ​ក្រុម​អ្នកសារព័ត៌មាន​ហើយ​បាន​ជិះ​រថយន្ត​ទៅដោយ​គ្មាន​ការឆ្លើយ​សំណួរ​អ្នកកាសែត​សូម្បី​តែមួយ​ម៉ាត់​។ ក្រុម​អ្នកស៊ើប​អង្កេត​បាន​ឲ្យ​ដឹងថា លោក Lee បាន​សន្យា​ឬ​ផ្ដល់​សំណូក​ជា​ទឹកប្រាក់​ប្រមាណ​៤៣​ពាន់​លាន​វ៉ុ​ន (៣៦,៣​លាន​ដុល្លារ​អាមេរិក​) នៃ​ដល់​នាង Choi ជា​ថ្នូរ​នឹង​ការគាំទ្រ​របស់​មូលនិធិ​សោធន​និវត្តន៍​រដ្ឋ​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684