ព័ត៍មានទាន់​ហេតុការណ៏
Search

លោក​អូ​បា​ម៉ា​ប្រាប់​ឲ្យ​លោក​ត្រាំ​ទុក​បញ្ហា​ទណ្ឌកម្ម​រុស្ស៊ី​ និង​កិច្ចពិភាក្សា​នុយក្លេអ៊ែរ​នៅ​ដោយឡែក​ពីគ្នា​

កាលពី​ថ្ងៃ​ពុធ លោក​ប្រធានាធិបតី​បារ៉ាក់​អូ​បា​ម៉ា​បាន​ជំរុញ​ឲ្យ​ប្រធានាធិបតី​ជាប់ឆ្នោត​លោក​ដូ​ណា​ល់​ត្រាំ​ត្រូវ​ដាក់​ដោយឡែក​ពី​គ្នា​នៃ​បញ្ហា​ទណ្ឌកម្មសេដ្ឋកិច្ច​លើ​ប្រទេស​រុស្ស៊ី​ និង​ការ​បន្ត​ពិភាក្សា​លើ​ការ​បន្ធូរបន្ថយ​ឃ្លាំង​អាវុធ​នុយក្លេអ៊ែរ​។

លោក​ត្រាំ​ដែល​ត្រូវ​ចូលកាន់​តំណែង​នៅ​ថ្ងៃ​សុក្រ​នេះ​បន្ទាប់ពី​ឈ្នះ​ការបោះឆ្នោត​ថ្ងៃ​៨​ខែវិច្ឆិកា​បាន​ឲ្យ​ដឹង​នៅ​ក្នុង​បទ​សម្ភាស​មួយ​ជាមួយ​កាសែត Times of London ដែល​បាន​ចេញ​ផ្សាយ​កាលពី​ថ្ងៃ​ចន្ទ​ថា លោក​នឹង​ស្នើ​ឲ្យ​បញ្ចប់​ទណ្ឌកម្ម​លើ​ក្រុង​មូ​ស្គូ​ជា​ការ​ដោះដូរ​សម្រាប់​កិច្ចព្រមព្រៀង​កាត់បន្ថយ​អាវុធ​នុយក្លេអ៊ែរ។

រដ្ឋបាល​របស់​លោក​អូ​បា​ម៉ា​បាន​ដាក់​ទណ្ឌកម្ម​ក្នុង​ឆ្នាំ​២០១៤​បន្ទាប់ពី​ប្រទេស​រុស្ស៊ី​បាន​កាត់​យក​ឧបទ្វីប Crimea ពី​ប្រទេស​អ៊ុយ​ក្រែន។ លោក​អូ​បា​ម៉ា​បាន​និយាយ​ប្រាប់​អ្នកកាសែត​ក្នុង​សន្និសីទ​កាសែត​ចុងក្រោយ​របស់​លោក​នៅ​សេត​វិមាន​ថា “​ប្រទេស​រុស្ស៊ី​នៅតែ​បន្តកាន់កាប់​ទឹកដី​អ៊ុយ​ក្រែ​ន​និង​ជ្រៀតជ្រែក​ក្នុង​កិច្ចការ​អ៊ុយ​ក្រែន” ។ លោក​បាន​ថ្លែងថា “​ខ្ញុំ​គិតថា​វា​ប្រហែលជា​រឿង​ល្អ​បំផុត​ដែល​នឹង​បម្រើ​មិន​ត្រឹមតែ​ផលប្រយោជន៍​របស់​អាមេរិក​ប៉ុណ្ណោះ​ទេ​ប៉ុន្តែ​ថែមទាំង​ផលប្រយោជន៍​នៃ​ការ​រក្សា​បទដ្ឋាន​អន្តរជាតិ​ផង​ដែរ​ប្រសិនបើ​យើង​ធ្វើ​ឲ្យ​ប្រាកដថា​ យើង​មិនបាន​ច្រឡំ​អំពី​ការ​ដាក់ទណ្ឌកម្ម​នេះ​ទេ។

ប្រធានាធិបតី​ខាង​គណបក្ស​ប្រជាធិបតេយ្យ​រូប​នេះ​បាន​បន្ថែមថា “​វា​ជាការ​សំខាន់​សម្រាប់​សហ​រដ្ឋ​អាមេរិក​ក្នុងការ​ក្រោកឈរឡើង​ប្រឆាំងនឹង​ប្រទេស​ធំៗ​ទាំងឡាយណា​ដែល​ឈ្លានពាន​និង​សម្លុត​បណ្តា​ប្រទេស​តូចៗ​”​។ ដោយឡែក​លោក​ត្រាំ​ខាង​គណបក្ស​សាធារណរដ្ឋ​បាន​និយាយថា លោក​ចង់​ពង្រឹង​ទំនាក់ទំនង​ជាមួយ​ប្រទេស​រុស្ស៊ី​បើទោះបីជា​មានការ​ចោទប្រកាន់​ដោយ​ទីភ្នាក់ងារ​សម្ងាត់​របស់​សហរដ្ឋអាមេរិក​ថា​លោក​ប្រធានាធិបតី​វ្លា​ឌី​មៀរ​ពូ​ទីន​បាន​បញ្ជា​ឲ្យ​មានការ​វាយប្រហារ​តាម​ប្រព័ន្ធ​កំ​ព្យូ​ទ័​រ​ប្រឆាំង​គណបក្ស​ប្រជាធិបតេយ្យ​របស់លោក​ស្រី​ហ៊ីល​ឡា​រី​គ្លី​ន​តុ​ន​ក៏ដោយ​។​
​គួរ​បញ្ជាក់ថា លោក​អូ​បា​ម៉ា​បានធ្វើការ​លើ​កិច្ចព្រមព្រៀង​គ្រប់គ្រង​អាវុធ​នុយក្លេអ៊ែរ​ជាមួយ​ទីក្រុង​មូ​ស្គូ​នៅពេល​ចូលកាន់​តំណែង​ជា​ប្រធានាធិបតី​របស់លោក​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684