ព័ត៍មានទាន់​ហេតុការណ៏
Search

ក្រុម​ឧទ្ទាម​ដ៏​សំខាន់​មួយ​នឹង​មិន​ចូលរួម​ក្នុង​ការ​ពិភាក្សា​សន្តិភាព​ស៊ីរី​

ក្រុម​ឧទ្ទាម​ដ៏​សំខាន់ Ahrar al-Sham បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា ខ្លួន​នឹង​មិន​ចូលរួម​ក្នុង​ការ​ពិភាក្សា​សន្តិភាព​នៅក្នុង​រដ្ឋធានី​របស់​ប្រទេស​កា​ហ្សាក់​ស្ថាន​នៅ​សប្ដាហ៍​ក្រោយ​ដែល​មាន​គោលបំណង​បញ្ចប់​សង្គ្រាម​ជិត​ប្រាំមួយ​ឆ្នាំ​របស់​ប្រទេស​ស៊ី​រី​ទេ។

ការប្រកាស​នេះ​បានធ្វើ​ឡើង​ស្រប​ពេល​ដែល​ប្រទេស​រុស្ស៊ី​និង​ទួរគី​បាន​បើក​ការវាយប្រហារ​តាម​អាកាស​រួមគ្នា​ជា​លើកដំបូង​របស់​ពួកគេ​ប្រឆាំង​នឹង​ក្រុម​ជី​ហាដ​និយម​រដ្ឋ​ឥស្លាម​នៅក្នុង​ប្រទេស​ដែល​ហែកហួរ​ដោយ​សង្គ្រាម​មួយ​នេះ។

ក្រុម Ahrar al-Sham ដែល​មាន​យុទ្ធជន​រាប់ពាន់​នាក់​នៅ​កណ្តាល ​និង​ភាគ​ខាងជើង​ប្រទេស​ស៊ី​រី​បាន​និយាយ​ថា ខ្លួន​នឹង​មិន​ចូលរួម​កិច្ចពិភាក្សា​នៅ​ទីក្រុង​អា​ស្តា​ណា​ទេ​ដោយសារតែ​កង្វះ​នៃ​ការអនុវត្ត​បទ​ឈប់​បាញ់​គ្នា​ដែល​ចូល​ជា​ធរមាន​ចាប់តាំងពី​ថ្ងៃទី​៣០​ ខែធ្នូ​មក​និង​ដោយសារ​ការវាយប្រហារ​អាកាស​របស់​រុស្ស៊ី​ដែល​កំពុង​បន្ត​នៅ​ប្រទេស​ស៊ី​រី។

បក្ខពួក​ក្រុម​ឥស្លាម​គឺ​ស្ថិត​ក្នុងចំណោម​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​បទ​ឈប់​បាញ់​គ្នា​នេះ​ដែល​មិន​រួមបញ្ចូល​ក្រុម IS និង Fateh al-Sham ដែល​បាន​ប្តូរ​ឈ្មោះ​របស់​ខ្លួន​ពី​រណសិរ្ស Al-Nusra បន្ទាប់ពី​ការ​បំបែក​ទំនាក់ទំនង​ជាមួយ​ក្រុម​អាល់​កៃ​ដា។

បទ​ឈប់​បាញ់​ដែល​សម្របសម្រួល​ដោយ​ប្រទេស​រុស្ស៊ី​ និង​ទួរគី​បាន​ធ្វើ​ឡើង​បើទោះ​បី​ជា​ការ​វាយ​ប្រយុទ្ធ​គ្នា​នៅ​ទូទាំង​ប្រទេស​ស៊ី​រី​បាន​បន្ត​នៅ​តាម​តំបន់​មួយចំនួន​ក៏ដោយ​។ ក្រុម Ahrar al-Sham បាន​លើក​ឡើង​ពី​ការវាយលុក​របស់រប​ប​ប្រឆាំងនឹង​ប្រជាជន​នៅក្នុង​តំបន់ Wadi Barada ដែលមាន​ចម្ងាយ​១៥​គីឡូម៉ែត្រ​ពី​ភាគ​ពាយព្យ​នៃ​ក្រុង​ដា​ម៉ាស​នៅក្នុង​ចំណោម​ហេតុផល​របស់ខ្លួន​សម្រាប់​ការដែល​មិន​ចូលរួម​នៅ​ក្នុង​កិច្ចពិភាក្សា​នេះ។

កងកម្លាំង​ប្រធានាធិបតី​បា​សារ​អាល់​អាសាដ​បាន​ជំរុញ​ការ​វាយលុក​ដើម្បី​ចាប់យក​តំបន់​នេះ​ពី​ក្រុម​ឧទ្ទាម​មកវិញ​បន្ទាប់ពី​ប្រព័ន្ធ​ទឹក​ដ៏​ធំ​ត្រូវ​បាន​កាត់ផ្តាច់​កាលពី​ខែ​មុន​ដែល​បណ្តាល​ឲ្យ​មនុស្ស​៥.៥​លាន​នាក់​ក្នុង​ទីក្រុង​ដា​ម៉ាស​និង​នៅ​ជាយក្រុង​របស់ខ្លួន​គ្មាន​ទឹក​ប្រើប្រាស់​។ ទោះបីជា​យ៉ាងណាក្តី ក្រុម Ahrar al-Sham បាន​អះអាងថា ខ្លួន​នឹង​គាំទ្រ​ដល់​ការសម្រេចចិត្ត​នានា​ដែល​ធ្វើឡើង​ដោយ​ក្រុម​ឧទ្ទាម​ផ្សេងទៀត​ដែល​បាន​បង្ហាញខ្លួន​ក្នុង​កិច្ចចរចា​ទីក្រុង​អា​ស្តា​ណា​ប្រសិនបើ​ពួកគេ​មាន​ផលប្រយោជន៍​សម្រាប់​ប្រទេសជាតិ​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684