ព័ត៍មានទាន់​ហេតុការណ៏
Search

លោក ស៊ី ជីន​ពីង បង្ហាញ​ថា ចិន​ជា​អ្នកដឹកនាំ​សកលលោក​ ខណៈ​យុគសម័យ​របស់លោក ត្រាំ មិន​ប្រាកដប្រជា​

លោក​ប្រធានាធិបតី​ស៊ី​ជីន​ពីង​បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ពុធ​នៅ​ក្នុង​សុន្ទរកថា​មួយ​ថា ប្រទេស​ចិន​នឹង​សាងសង់​ទំនាក់ទំនង​ថ្មី​ជាមួយ​សហរដ្ឋអាមេរិក​។ នេះ​ជា​សុន្ទរកថា​មួយ​ដែល​បង្ហាញថា ប្រទេស​ចិន​គឺជា​មេដឹកនាំ​នៃ​ពិភព​សកលភាវូបនីយកម្ម​ដែល​មានតែ​កិច្ចសហប្រតិបត្តិការ​ជា​អន្តរជាតិ​ប៉ុណ្ណោះ​ដែល​នឹង​អាច​ដោះស្រាយ​បញ្ហា​ធំៗ​បាន​។

មុនពេល​ការចូល​កាន់​តំណែង​របស់​លោក​ដូណាល់​ត្រាំ​ដែល​បាន​សន្យាថា គិត​សហរដ្ឋអាមេរិក​ជាធំ​នោះ លោក​ស៊ី​បាន​ជំរុញ​បណ្តា​ប្រទេស​នានា​ត្រូវ​តស៊ូ​ប្រឆាំង​នឹង​លទ្ធិ​ឯកោ​និយម​។ លោក​ស៊ី​បាន​ប្រាប់​ទស្សនិកជន​នៅ​ឯ​អង្គការសហប្រជាជាតិ​ក្នុង​ទីក្រុង​ហ្សឺ​ណែវ​ថា “​ការ​គាំពារ​និយម​ពាណិជ្ជកម្ម​និង​ស្វ័យ​ឯកោ​គឺ​នឹង​មិន​ផ្តល់​អត្ថប្រយោជន៍​ដល់​នរណាម្នាក់​នោះទេ។

លោក​បាន​បន្តថា “​បណ្តា​ប្រទេស​ធំៗ​គួរតែ​ចាត់ទុក​បណ្តា​ប្រទេស​តូចៗ​ឲ្យ​ស្មើភាព​គ្នា​ជំនួស​ឲ្យ​ការ​ប្រឆាំង​នឹង​ឆន្ទៈ​របស់​ប្រទេស​ដទៃ​”​។ ស្រប​ពេល​ជាមួយគ្នា​នោះដែរ លោក​ស៊ី​បាន​អំពាវនាវ​ឲ្យ​ពិភពលោក​ត្រូវ​រួបរួម​លើ​អ្វី​គ្រប់យ៉ាង​រាប់​ចាប់ពី​ការ​ការពារ​បរិស្ថាន​ទៅដល់​អំពើ​ភេរវកម្ម​និង​ការ​បន្ថយ​អាវុធ​នុយក្លេអ៊ែរ​ដែល​ផ្ទុយ​ទៅនឹង​លោក​ត្រាំ​ដែល​បាន​និយាយ​ថា លោក​មានគំនិត​បើកចំហ​មួយ​លើ​ការ​ផ្លាស់ប្ដូរ​អាកាសធាតុ​និង​ថា​សហរដ្ឋអាមេរិក​នឹង​ឈ្នះ​ការប្រកួតប្រជែង​អាវុធ​នុយក្លេអ៊ែរ​។

លោក​ស៊ី​បាន​និយាយទៀត​ថា “​យើង​នឹង​សង់​រង្វង់​នៃ​មិត្តភក្តិ​នៅ​ទូទាំង​ពិភពលោក​ទាំងមូល​”​។​
​លោក​បន្តថា “​យើង​នឹង​ខិតខំ​កសាង​ទំនាក់ទំនង​ថ្មី​ជាមួយ​សហរដ្ឋអាមេរិក ដៃគូ​យុទ្ធសាស្ដ្រ​គ្រប់​ជ្រុងជ្រោយ​ជាមួយ​ប្រទេស​រុស្ស៊ី ដៃគូ​ដើម្បី​សន្តិភាព កំណើន កំណែទម្រង់​និង​ភាពជា​ដៃគូ​នៃ​ការ​ឯកភាពគ្នា​និង​កិច្ចសហប្រតិបត្តិការ​ជាមួយ​បណ្តា​ប្រទេស BRICS”​។ ខណៈ​ពេល​នោះ​ដែរ អគ្គ​លេខាធិការ​អង្គការសហប្រជាជាតិ​លោក Antonio Guterres បាន​ប្រាប់​លោក​ស៊ីថា ខ្លួន​ពិតជា​រីករាយ​ដែល​បាន​មើល​ឃើញ​ចិន​ក្លាយទៅជា​អ្នកដឹកនាំ​ក្នុង​ពហុភាគី​និយម​ក្នុង​ពិភពលោក​នា​ពេល​បច្ចុប្បន្ន​នេះ​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684