ព័ត៍មានទាន់​ហេតុការណ៏
Search

ពិធី​ប្រកាស​បញ្ចូល​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ ខណ្ឌ​រដ្ឋបាល​ជលផល ចូល​ក្នុង​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ​ខេត្ត​កំពង់ឆ្នាំង

កំពង់ឆ្នាំង ​៖ « ការ​បញ្ចូល​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ និង​ខណ្ឌ​រដ្ឋបាល​ជល​ផល ក្នុង​មន្ទីរ​កសិកម្ម​ខេត្ត គឺជា​កំណែទម្រង់​របស់​ប្រមុខ​រាជរដ្ឋាភិបាល ដើម្បី​ប្រសិទ្ធភាព​ការងារ និង​លើក​កម្ពស់លទ្ធភាព គុណភាព​ការងារ​ឲ្យ​កាន់តែ​ទទួល​បាន​លទ្ធផល​ខ្ពស់ »។ លោក​ម៉ម អំណត់ រដ្ឋលេខាធិការ​ក្រសួង​រុក្ខា​ប្រមាញ់ និង​នេសាទ​ បាន​ថ្លែង​បែបនេះ ទៅកាន់​មន្ត្រីរាជការ ក្នុង​ពេល​ធ្វើ​ពិធី​ប្រកាស​បញ្ចូល​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ និង​ខណ្ឌ​រដ្ឋបាល​ជល​ផល និង​ប្រគល់​ត្រា​ថ្មី ជូន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ខេត្ត​កំពង់ឆ្នាំង នៅ​ព្រឹក​ថ្ងៃ​ទី​១៩ ខែមករា ឆ្នាំ​២០១៧ នៅ​ក្នុង​មន្ទីរ​កសិកម្ម​ខេត្តកំពង់ឆ្នាំង។

លោក​ម៉ម អំណត់ បាន​ណែនាំ​ដល់​ថ្នាក់ដឹកនាំ​មន្ទីរ និង​មន្ត្រី​ទាំងអស់​ក្នុង​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្ត​កំពង់ឆ្នាំង​ថា សូម​មន្ត្រី​គ្រប់​ជំនាញ ពង្រឹង​ការ​សហការ​ជាមួយ​គណៈ​បញ្ជាការ​ឯកភាព​ខេត្ត ស្រុក និង​អាជ្ញាធរ​គ្រប់​ជាន់ថ្នាក់ ត្រូវ​មាន​សាមគ្គី​ផ្ទៃក្នុង​ល្អ​រឹងមាំ ប្រកាន់ខ្ជាប់​ច្បាប់​សហ​លក្ខខណ្ឌ​មន្ត្រីរាជការ គោរព​វិន័យ គ្រប់គ្រង​ការ​ចុះ​វត្តមាន​ធ្វើការ​ងារ​ប្រចាំថ្ងៃ​ឲ្យ​បាន​ម៉ឺងម៉ាត់​។ ត្រូវ​ប្រកាន់​ជំហរ​សមូហភាព​ដឹកនាំ​បុគ្គល​ទទួលខុសត្រូវ ទទួលយក​ការរិះគន់​ស្ថាបនា រួមគ្នា​អនុវត្ត​ឲ្យ​បាន​ជោគជ័យ​គោលនយោបាយ​ដឹកនាំ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​។ បន្ត​សហការ​បង្ក្រាប និង​ទប់ស្កាត់​បទល្មើស​នេសាទ បទល្មើស​ព្រៃឈើ ជាមួយ​អាជ្ញាធរ សមត្ថកិច្ច​ចំរុះ ឲ្យ​ដូចជា​ភ្លៀងរលឹម ដើម្បី​ធានា​ឲ្យ​បាន​និរន្ត​ភាព​ត្រី និង​ព្រៃឈើ ទុក​ឲ្យ​កូនចៅ​យើង​ជំនាន់​ក្រោយៗ​ទៀត។

នៅ​ក្នុង​ពិធី​នេះ​ដែរ លោក ងិន ហ៊ុន ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្តកំពង់ឆ្នាំង​បាន​ឡើង​រាយ​ការណ៍​ឲ្យ​ដឹង​ថា ការងារ​ជលផល ក្នុង​ឆ្នាំ​២០១៥ , ២០១៦ ប្រមូល​ផល​ត្រី​បាន ៥៤.៥៥០តោន ដោយ​នេសាទ​ក្នុង​ដែន​នេសាទ​បាន ៤៣.៥០០​តោន និង​នេសាទ​តាម​វាលស្រែ​បាន ១១.០៥០​តោន កើន​លើស​ឆ្នាំមុន ១.៦០០​តោន។

បង្ក្រាប​បទល្មើស​នេសាទ​បាន ២៨៤​ករណី បំផ្លាញ​វត្ថុ​តាង​បាន​២៥៧​ករណី បញ្ជូន​ទៅ​តុលាការ​១៥​ករណី ដាក់​ពន្ធនាគារ​១៨​នាក់។ ការងារ​ព្រៃឈើ បង្ក្រាប​បទល្មើស​បាន​៥០​ករណី ក្នុងនោះ​បទល្មើស​រុករាន​ហ៊ុមព័ទ្ធ​ព្រៃឈ​ដី បាន​៩​ករណី សុំ​ដីកា​តុលាការ​ដកហូត​ដី​ព្រៃ​ឈើ​២​កន្លែង ស្មើ​នឹង ៥៥,០៦​ហិកតា។

លោក​ចេង ញ៉ា​ន់ អភិបាលរង​ខេត្ត​កំពង់ឆ្នាំង នៅ​ក្នុង​ពិធី​នេះ​ដែរ​បាន​លើក​ឡើង​ថា ក្នុង​ពេលនេះ​គឺជា​យុទ្ធនាការ​បង្ក្រាប​បទល្មើស​នេសាទ ដូច្នេះ​មន្ត្រី​ជលផល ត្រូវតែ​សហការ​អោយបាន​ល្អជា​មួយ​កម្លាំង​ចំរុះ ចុះ​បង្ក្រាប និង​ទប់ស្កាត់​បទល្មើស​នេសាទ​កុំ​ឲ្យ​កើតមានឡើង ដោយ​យកចិត្តទុកដាក់​អប់រំ​ផ្សព្វផ្សាយ ដល់​សហគមន៍ ប្រជា​នេសាទ អោយ​យល់​ច្បាប់​អំពី​ច្បាប់​នេសាទ ការប្រើប្រាស់​ឧបករណ៍​នេសាទ​ឲ្យ​បាន​ស្របច្បាប់។ ត្រូវ​ព្យាយាម​ពន្យល់​អោយ​ប្រជាពលរដ្ឋ​យល់​បាន​ថា បើ​មិន​បង្ក្រាប​បទ​ល្មើស​នេសាទ​នោះ ធនធាន​ជលផល​និង​វិនាស​សាបសូន្យ ក្នុង​នោះ​ដែរ​គណបក្ស​ប្រឆាំង​និង​បាន​លេស​ថា ក្នុង​អាណត្តិ​ដឹកនាំ​គណបក្ស​ប្រជាជន​ធនធាន​ជលផល​និង​រលាយ​សាបសូន្យ។

លោក​ចេង ញ៉ា​ន់ ក៏​សំណូមពរ​ផង​ដែរ​ដល់​មន្ត្រី​ទាំងអស់​ត្រូវ​សហការ​គ្នា​ធ្វើ​ការងារ​គ្រប់​ជំនាញ​ឲ្យ​មាន​ប្រសិទ្ធភាព​ល្អ ទៅតាម​ផែនការ​ដែល​ក្រសួង ក៏ដូចជា​ប្រមុខ​រាជរដ្ឋាភិបាល​បាន​ប្រគល់​តួនាទី​ និង ​ភារកិច្ច​ឲ្យ​ហើយ​ត្រូវ​ចេះ​សាមគ្គី​គ្នា​ជួយ​ដាស់តឿន​គ្នា​ពេល​ឃើញ​មាន​កំហុស មិន​ត្រូវ​ប្រកាន់​បក្ខពួក មើលបំណាំ​គ្នា​នោះ​ឡើយ៕

    



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114