ព័ត៍មានទាន់​ហេតុការណ៏
Search

លោក​ ថោង ខុន ដឹកនាំ​គណៈប្រតិភូ​ក្រសួងទេសចរណ៍ ​ចូលរួម​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ទេសចរណ៍​អាស៊ាន ​លើក​ទី​២០

​ភ្នំពេញ ៖ លោក​បណ្ឌិត ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បាន​ដឹកនាំ​គណៈប្រតិភូ​ក្រសួង​ទេសចរ​ណ៍​ចូលរួម​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ទេសចរណ៍​អាស៊ាន​លើក​ទី​២០ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ ចាប់ពី​ថ្ងៃ​ទី​១៧ ដល់ ថ្ងៃទី​២០ ខែ​មករា ឆ្នាំ​២០១៧ នា​ឱកាស​វេទិកា​ទេសចរណ៍​អាស៊ាន ឆ្នាំ​២០១៧ នៅ​ប្រទេស​សិង្ហបុរី​។​

បើតាម​Facebook របស់​ក្រសួងទេសចរណ៍​បាន​ឲ្យ​ដឹងថា កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ទេសចរណ៍​អាស៊ាន​លើក​ទី​២០ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​នៅ​ថ្ងៃទី​១៧ ខែមករា ឆ្នាំ​២០១៧​នេះ រដ្ឋមន្ត្រី​ទេសចរណ៍​ នៃ​ប្រទេស​សមាជិក​ទាំងអស់​រប​ស់​អាស៊ាន នឹងធ្វើ​ការប្រជុំ​ពិនិត្យ និង​សម្រេច​លើ​ចំណុច​សំខាន់ៗ មួយចំនួន​ដូចជា ៖

-​ពិនិត្យ​បច្ចុប្បន្នភាព​ នៃ​ការ​រីកចម្រើន​ នៃ​វិស័យ​ទេសចរណ៍​ក្នុង​តំបន់​-​ពិនិត្យ​វឌ្ឍនភាព ​នៃ​ការ​អនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​ទេសចរណ៍​អាស៊ាន ២០១៦-២០២០ (ATSP 2016-2020)​។​

-​ពិនិត្យ​កម្មវិធី និង​សកម្មភាព​នៃ​ការផ្សព្វផ្សាយ​ទេសចរណ៍​អាស៊ាន​គម្រប់​ខួប​៥០​ឆ្នាំ នៃ​ការបង្កើត​អាស៊ាន ក្រោម​ពាក្យស្លោក Visit ASEAN@50: Golden Celebration Campaign (​ដែល​នឹង​ត្រូវ​ប្រកាស​ផ្សព្វផ្សាយ​ជា​ផ្លូវការ​នៅក្នុង​ពិធី​បើក​វេទិកា​ទេសចរណ៍​អាស៊ាន​នា​ថ្ងៃ​១៨ ខែ​មករា នៅ​សិង្ហ​បុរី​)។

-​ពិនិត្យ​ការអនុវត្ត​ស្តង់ដារ​គុណភាព​អាស៊ាន​រួមមាន ស្តង់ដារ​សណ្ឋាគារ​បៃតង​អាស៊ាន (ASEAN Green Hotel Standard) ស្តង់ដារ​បង្គន់​សាធារណៈ​អាស៊ាន (ASEAN Public Toilet Standard) ស្តង់ដារ​ស្ប៉ា និង​សុខុមាលភាព​អាស៊ាន (ASEAN Spa and Wellness Standard) ស្តង់ដារ​ទេសចរណ៍​សហគ​មន៍​អាស៊ាន​(ASEAN Communities Based Standard) ស្តង់ដារ​ផ្ទះ​ស្នាក់​អាស៊ាន (ASEAN Home Stay Standard) និង​ស្តង់ដារ​ទីក្រុង​ទេសចរណ៍​ស្អាត​អាស៊ាន (ASEAN Clean City Standard)។

-​ពិនិត្យ​វឌ្ឍនភាព​ នៃ​ការអនុវត្ត​កិច្ចព្រមព្រៀង​ទទួល​ស្គាល់គ្នា​ទៅវិញទៅមក​លើ​អ្នក​ជំនាញ​ទេសចរ​ណ៍​អាស៊ាន (ASEAN MRA-TP)-​ពិនិត្យ និង​សម្រេច​ដាក់​ឲ្យ​ប្រើប្រាស់​ស្តង់ដា MICE អាស៊ាន ព្រមទាំង​គោលការណ៍​វាយតម្លៃ និង​សវនកម្ម​។

-និង​ពិនិត្យ​សម្រេច​លើ​គោលការណ៍​ណែនាំ​ ស្តីពី​ការផ្តល់​រង្វាន់​លើ​ការប្រកួត​ស្នាដៃ​លើ​ការ​អភិវឌ្ឍ​ទេសចរណ៍​ផ្អែកលើ​គោលការណ៍​និរន្តរភាព (ASEAN Sustainable Tourism Award)។​

ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ទៀតថា ស្រប​ជាមួយ​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ទេសចរណ៍​អាស៊ាន​លើក​ទី​២០​ខាងលើនេះ ក៏​នឹងមាន​រៀបចំ​កិច្ចប្រជុំ​ពាក់ព័ន្ធ​មួយចំនួន​ដូចជា ​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ទេសចរណ៍​អាស៊ាន​បូក​បី​ អាស៊ាន​+​ចិន​-​ជប៉ុន​-​កូរ៉េ​,​ឥណ្ឌា​,​រុស្សី ​ព្រមទាំង​កិច្ចប្រជុំ​ជាមួយ​ដៃគូ​អន្តរជាតិ​ធំៗ​ដូចជា​ អង្គការ​ទេសចរណ៍​ពិភពលោក (UNWTO) ក្រុមប្រឹក្សា​ទេសចរណ៍ និង​ធ្វើដំណើរ​ពិភពលោក (WTTC) សមាគម​ធ្វើដំណើរ​អាស៊ី​ប៉ាស៊ីហ្វិក (PATA) សមាគម​ទីភ្នាក់ងារ​ធ្វើដំណើរ​អាស៊ាន (ASEAN TA) ជាដើម​។​

ឆ្លៀត​ក្នុងឱកាស​នេះ ឯកឧត្ដម​បណ្ឌិត ថោង ខុន នឹង​ជួប​ប្រជុំ​ទ្វេភាគី​ជាមួយ​រដ្ឋមន្ត្រី​ទេសចរណ៍​អាស៊ាន (​ប្រទេស​ឡាវ និង​ប្រទេស​ថៃ​) ក៏ដូចជា​ដៃគូ​អភិវឌ្ឍន៍​នានា ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​របស់​កម្ពុជា​។​

សូម​បញ្ជាក់​ថា ​ឆ្នាំ​២០១៧​នេះ នៅក្នុង​វេទិកា​ទេសចរណ៍ អាស៊ាន ATF នេះ ​កម្ពុជា ក៏បាន​សហការ​ជា​មួយ​ផ្នែក​ឯកជន​ចូលរួម​ក្នុង​ពិព័រណ៍​ទេសចរណ៍​អន្តរជាតិ TRAVEX ដែល​មក​ពី​៦៥​ប្រទេស ដែល​មាន​ស្តង់​ពិព័រណ៍​ជាង៥០០ មានអ្នកទិញ Buyers ចំនួនជាង៥០០ និងអ្នកលក់ Sellers ជាង៤០០ ក្រុម​ហ៊ុន​ផងដែរ​។​

ព្រម​ជាមួយនេះ សម្រាប់​កម្ពុជា គឺមាន​សហគមន៍​ទេសចរណ៍​ចំនួន​០៣ (​សហគមន៍​ជី​ផាត កោះ​ទ្រង់ និង​ចំបក់​) និង​ផ្ទះ​ស្នាក់​ចំនួន​០៥ (​ផ្ទះ​ស្នាក់ Khmer Homestay មកពី​ខេត្ត​កំពង់ធំ ផ្ទះ​ស្នាក់ ស៊ិ​ម ហឹម មកពី​ខេត្ត​កំពត ផ្ទះ​ស្នាក់ កុង សៃ មកពី​ខេត្ត​កំពង់ស្ពឺ ផ្ទះ​ស្នាក់ សេង ចាន់ណា មកពី​ខេត្ត​សៀមរាប និង​ផ្ទះ​ស្នាក់ Ear Sothy Homestay មកពី​ខេត្ត​កោះកុង​) ដែល​នឹង​ត្រូវ​ទទួល​រង្វាន់​នា​ឱកាស​វេទិកា​ទេសចរណ៍​អាស៊ាន​នេះ​ផងដែរ​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114