ព័ត៍មានទាន់​ហេតុការណ៏
Search

ជនសង្ស័យ​ ចែកចាយ​ និង​ប្រើប្រាស់​ថ្នាំញៀន​២​នាក់ ​ត្រូវ​បាន​សមត្ថកិច្ច​បង្ក្រាប

កំពង់ឆ្នាំង ​៖ ក្រុម​ជនសង្ស័យ​ជួញដូរ​ ចែកចាយ​ រក្សាទុក​ និង​ប្រើប្រាស់​គ្រឿងញៀន​២​នាក់​ ត្រូវបាន​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ខេត្ត​ធ្វើការ​បង្ក្រាបបាន​ពីរ​ករណី​ផ្សេងគ្នា​ ខណៈ​​ក្រុម​នេះ​កំពុងធ្វើ​សកម្ម​ភាព​។

ហេតុការណ៍​ខាងលើនេះ ​បានកើត​ឡើង​នៅវេលា​ម៉ោង​១១​និង​០០​នាទី​ថ្ងៃទី​១៨​ ខែមករា ឆ្នាំ​២០១៧ ​នៅ​ចំណុច​ភូមិ​ទី​៨​ សង្កា​ត់​ខ្សា​ម​ ក្រុង​និង​ខេត្តកំពង់ឆ្នាំង និង​មួយ​ករណី​ផ្សេងទៀត​នៅ​ចំណុច​ភូមិ​ទ្រា​ខាង​ត្បូង​ ឃុំ​ស្រែ​ថ្មី​ ស្រុក​រលាប្អៀរ ​ខេត្ត​កំពង់ឆ្នាំង។

សមត្ថកិច្ច​កងរាជអាវុធហត្ថ​ខេត្ត​ ដែល​ស្ថិត​ក្នុងករណី​បង្ក្រាប​ខាងលើនេះ​បានឲ្យដឹងថា ​មុន​ឈាន​ដល់​ការ​បង្ក្រាប​មុខសញ្ញា​ទាំង​២​នាក់​នេះ​ សមត្ថកិច្ច​បាន​ទទួល​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ថា ​មានការ​ចែកចាយ ​និង​ប្រើប្រាស់​គ្រឿងញៀន​នៅ​ចំណុច​ខាងលើ​ ភ្លាមៗនោះ ​សមត្ថកិច្ច​បាន​អនុវត្តន៍​តាម​បច្ចេកទេស​ជំនាញ​ធ្វើការ​ឃាត់ខ្លួន​បាន​ភ្លាមៗ​ផងដែរ។

សមត្ថកិច្ច​កងរាជអាវុធហត្ថ​ខេត្ត​ ក្រោយពី​ការ​ឃាត់ខ្លួន​បាន​ក្រុម​ជនសង្ស័យ​ចែកចាយ ​និង​ប្រើប្រាស់​គ្រឿងញៀន​ខាងលើនេះ​ សមត្ថកិច្ច​អាវុធហត្ថ​ខេត្ត​បាន​រាយការណ៍​ជូន​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​កំពង់ឆ្នាំង​លោក​ឧត្ដមសេនីយ៍​ត្រី​ មាស ​សុវណ្ណ និង​មានការ​សម្របសម្រួល​ពី​លោក​ព្រះរាជ​អាជ្ញា​សាលាដំបូង​ខេត្ត​កំពង់ឆ្នាំង។

មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​កំពង់ឆ្នាំង​ លោក​ឧត្ដមសេនីយ៍​ត្រី​ មាស​ សុវណ្ណ បានឲ្យ​ដឹងថា ​ជនសង្ស័យ​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​ខាងលើ​នោះ​មាន​ ១​-ឈ្មោះ​ រិ​ន ​កុសល់​ ភេទ​ប្រុស​ អាយុ​២៤​ឆ្នាំ​ រស់នៅក្នុង​ភូមិ​ទ្រា​ខាងត្បូង​ ឃុំ​ស្រែ​ថ្មី​ ស្រុក​រលាប្អៀរ និង​ម្នាក់ទៀត​ឈ្មោះ ​អ៊ុច​ ភា​វុន​ អាយុ​២៤​ឆ្នាំ ​រស់នៅក្នុង​ភូមិ​ទី​៨​ សង្កាត់​ខ្សា​ម​ ក្រុង​កំពង់ឆ្នាំង។

មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​កំពង់ឆ្នាំង លោក​ឧត្ដមសេនីយ៍​ត្រី​ មាស ​សុវណ្ណ​ បាន​ឲ្យ​ដឹងទៀត​ថា ​នៅក្នុង​ករណី​បង្ក្រាប​ខាងលើនេះ ​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ខេ​ត្ត​ដកហូត​បាន​ថ្នាំ​ម្សៅ​ក្រាម​ស​ថ្លា​១១​កញ្ចប់​ ម៉ូតូ​សេ​១២៥​ពណ៌​ខៀវ​១​គ្រឿង​ គ្មាន​ស្លាក​លេខ ទូរស័ព្ទ​ដៃ​២​គ្រឿង ​រួម​នឹង​សម្ភារៈ​បម្រើ​ដល់​ការជក់​មួយចំនួន។

ក្រោយ​ការឃាត់ខ្លួន​ជនសង្ស័យ​ទាំង​២​នាក់​ខាងលើ ​រួម​នឹង​វត្ថុតាង ​ត្រូវបាន​សមត្ថកិច្ច​កង​រាជ​អាវុធហត្ថ​ខេត្ត​នាំយកមក​ធ្វើការ​សាកសួរ​នៅ​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ និង​បាន​កសាង​ឯកសារ​ គ្រោង​នឹង​បញ្ជូន​បន្ត​ទៅ​សាលាដំបូង​ខេត្ត​ចាត់ការ​តាម​នីតិ​វិធី​នៅថ្ងៃនេះ​ផងដែរ។

នៅ​ចំពោះមុខ​សមត្ថកិច្ច​ ជនសង្ស័យ​ខាងលើ​បាន​សារភាព​ថា ​ថ្នាំង​ញៀន​ទាំងអស់​នេះ​ជា​របស់ខ្លួន​ទិញ​យកមក​សម្រាប់​ធ្វើការ​ជួញដូរ​ និង​ចែកចាយ​ ប្រើប្រាស់។

បើ​យោងតាម​របាយការណ៍​របស់​កងរាជអាវុធហត្ថ​ខេត្ត​បានឲ្យដឹងថា ​គិត​ត្រឹម​ថ្ងៃទី​១មករា រហូត​មក​ដល់​ថ្ងៃទី​១៨ ខែ​មករា ឆ្នាំ​២០១៧​ សមត្ថកិច្ច​កងរាជអាវុធហត្ថ​ខេត្ត​កំពង់ឆ្នាំង​បានធ្វើការ​បង្ក្រាបបាន​ក្រុម​ជ​ជនសង្ស័យ​ជួញដូរ​ ចែកចាយ ​រក្សាទុក​ និង​ប្រើប្រាស់​គ្រឿងញៀន​ជាក់ស្តែង​បាន​៣​ករណី​ និង​ឃាត់ខ្លួន​មនុស្ស​ចំនួន​៨​នាក់​បញ្ជូនទៅ​សាលាដំបូង​ខេត្ត​ផងដែរ។

គួរ​បញ្ជាក់​ផងដែរ​ថា​ ករណី​គ្រឿងញៀន​ត្រូវគេ​មើលឃើញថា​ នៅតែ​បន្ត​វាយលុក​លើ​ស្រទាប់​យុវវ័យ​បើ​ទោះ​ជា​សមត្ថកិច្ច​ខិតខំ​ប្រឹងប្រែង​ធ្វើការ​ផ្សព្វផ្សាយ​អប់រំ​ណែនាំ​យ៉ាងណា​ក៏ដោយ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114