ព័ត៍មានទាន់​ហេតុការណ៏
Search

រដ្ឋមន្ត្រី​ក្រសួង​ធនធាន​ទឹក​ជួបពិភាក្សា​ការងារ​ជាមួយ អគ្គនាយក​ នៃ​នាយកដ្ឋាន​អភិវឌ្ឍ​ជនបទ​របស់​អង្គការ JICA ប្រចាំ​ទីក្រុង​តូក្យូ​

ភ្នំពេញ ៖ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម​កាលពី​រសៀល​ថ្ងៃទី ១៩ ខែមករា ឆ្នាំ ២០១៧ នៅ​ទីស្តីការក្រសួង បានអនុញ្ញាត​ឲ្យលោក MITSUGI Hiroto អគ្គនាយក​នៃ​នាយកដ្ឋាន​អភិវឌ្ឍ​ជនបទ​របស់​អង្គការ JICA ប្រចាំ​ទីក្រុង​តូ​ក្យូ ចូលជួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ។

លោក​រដ្ឋមន្ត្រី បាន​ជម្រាប​ជូន​ភ្ញៀវ ក្នុងនាម​ថ្នាក់ដឹកនាំ​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម ពិសេស​បងប្អូន​ប្រជាកសិករ​កម្ពុជា ឯកឧត្ដម​សូម​ថ្លែង​នូវ​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​មិត្ត​ជប៉ុន ពិសេស​អង្គការ JICA ដែល​តែងតែ​យកចិត្តទុកដាក់ ឧបត្ថម្ភ គាំទ្រ ដល់​ការ​អភិវឌ្ឍ​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា ។ ដោយឡែក​ចំពោះ​វិស័យ​ទឹក JICA ក៏បាន​យកចិត្តទុកដាក់​ឧបត្ថម្ភ គាំទ្រ ទាំង​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ និង​ធនធានទឹក ។ គម្រោង​ជាច្រើន​ត្រូវបាន​អង្គការ JICA អនុវត្ត​រួចរាល់​ជា​ស្ថាពរ និង​គម្រោង​មួយ​ចំនួនទៀត បាន និង​កំពុង​បន្ត​អនុវត្ត។

ដោយឡែក គម្រោង​កែលំអ និង​ស្តារ​ឡើងវិញ​ប្រព័ន្ធ​ស្រោចស្រព និង​ប្រព័ន្ធ​ដោះ​ទឹកជំនន់​ភាគ​នីរ​តី​រាជធានី​ភ្នំពេញ ដែលមាន ៥ អនុ​គម្រោង ដូចជា អនុ​គម្រោង​ប្រឡាយ​មេ​រលាំង​ជ្រៃ ស្ថិតក្នុង​ខេត្ត​កំពង់ស្ពឺ​, អនុ​គម្រោង​កណ្តាល​ស្ទឹង​-​បាទី ស្ថិត​ក្នុង​ខេត្ត​កណ្តាល និង​ខេត្តតាកែវ​, អនុ​គម្រោង​ស្ទឹង​ស្លាគូ ស្ថិត​ក្នុង​ខេត្ត​តាកែវ​, អនុ​គម្រោង​ប្រឡាយ​មេលេខ ៣៥ ស្ថិតក្នុង​ខេត្តកំពង់ស្ពឺ និង​អនុ​គម្រោង​ស្រះ​ប្រាំបី ស្ថិត​ក្នុង​ខេត្ត​កណ្តាល បាន និង​កំពុង​ដំណើរការ​សិក្សា​លំអិត ហើយ​ឈានទៅ​អនុវត្ត​ការសាងសង់​ក្នុង​ពេល​ឆាប់ៗ​ខាងមុខនេះ។

លោក MITSUGI Hiroto ក្នុងនាម​អង្គការ JICA ក៏​សូម​ថ្លែងអំណរគុណ​ចំពោះ​កិច្ចសហការ​ដ៏​កក់ក្តៅ របស់​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​គ្រប់​លំដាប់​ថ្នាក់​នៃ​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម ជាពិសេស​ពី​សំណាក់​ឯកឧត្ដម​រដ្ឋមន្ត្រី​ផ្ទាល់ ដែល​ជា​កត្តា​ជំរុញ​ឱ្យ​ការងារ​របស់ JICA ប្រព្រឹត្ត​ទៅ​បាន​ដោយ​រលូន និង​ជោគជ័យ ។ លោក MITSUGI Hiroto បន្ត​ថា អង្គការ JICA នៅតែ​បន្ត​កិច្ច​សហប្រតិបត្តិការ និង​ឧបត្ថម្ភ​គាំទ្រ​បន្ត​ទៀត ដល់​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម ពិសេស​លើ​ការ​អភិវឌ្ឍ និង​គ្រប់គ្រង​ធនធាន​ទឹក​នៅ​កម្ពុជា៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684