ព័ត៍មានទាន់​ហេតុការណ៏
Search

មូលនិធិ​សាកល​ គ្រោង​ផ្ដល់​ជំនួយ​ជិត​១០០​លាន​ដុល្លារ​ ដល់​កម្ពុជា​សម្រាប់​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​

ភ្នំពេញ ៖ មូលនិធិ​សាកល​ គ្រោង​នឹង​ផ្ដល់​ជំនួយ​ប្រមាណ​៩៨​លាន​ដុល្លារ​អាមេរិក​ដល់​ប្រទេស​កម្ពុជា​ សម្រាប់​ប្រយុទ្ធ​នឹង​ជំងឺគ្រុនចាញ់ អេដស៍ ​និង​ជំងឺរបេង​ក្នុង​រយៈពេល​ពីរ​ឆ្នាំ​ ចាប់ពី​២០១៨​ដល់​២០២០​ខាងមុខ។

គម្រោង​ផ្តល់​ជំនួយ​នេះ ​បាន​ធ្វើឡើង​ នៅ​ក្នុង​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​ថ្នាក់​ជាតិ​ ស្តីពី​គម្រោង​ជំនួយ​មូលនិធិ សាកល​ ដែល​បាន​ប្រារព្ធ​ធ្វើឡើង​នៅ​សណ្ឋាគារ​ហ៊ី​ម៉ា​វ៉ា​រី​ ក្រោម​អធិបតីភាព​លោក​ទេសរដ្ឋមន្ត្រី​អៀង​ម៉ូ​លី​ ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍ ​និង​ជា​ប្រធាន​គណៈកម្មាធិការ​សម្របសម្រួល​ជំនួយ​មូលនិធិ​សាកល​កម្ពុជា។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​បាន​ឲ្យ​ដឹង​ថា ​កិច្ចប្រជុំ​នេះ​រៀបចំឡើង​ក្នុង​គោលបំណង​ដើម្បី​ស្តាប់​​សេចក្ដី​សម្រេចរបស់​ក្រុមប្រឹក្សាភិបាល​ នៃ​មូលនិធិ​សាកល ​ទីក្រុង​ហ្សឺ​ណែវ​ ពី​គោលបំណង ទំហំ​ហិរញ្ញវត្ថុ​ និង​លក្ខខណ្ឌតម្រូវការនានា​របស់​មូលនិធិ​សាកល​។​

នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​នោះ​មូលនិធិ​សាកល​គ្រោង​នឹង​ផ្តល់ជំនួយ​ ដែលមាន​ទឹកប្រាក់​ចំនួន​៩៨​លាន​ដុល្លារ​អាមេរិក​ដល់​ប្រទេស​កម្ពុជា​ដើម្បី​បន្ត​ប្រយុទ្ធ​នឹង​ជំងឺគ្រុនចាញ់ អ​ដស៍​ និង​ជំងឺរបេង​រយៈពេល​ពីរ​ឆ្នាំ​២០១៨​ដល់​២០២០​ខាងមុខ។

គួរ​បញ្ជាក់​ថា ​នៅ​ក្នុង​រយៈពេល​១៣​ឆ្នាំ​មកដល់ពេលនេះ ​មូលនិធិ​សាកល​ បាន​ផ្តល់​ជំនួយ​ហិរញ្ញវត្ថុ​ដល់​ប្រទេស​កម្ពុជា​ប្រមាណ​៤១៥​លាន​អាមេរិក​ក្នុង​នោះ​ បែងចែក​សម្រាប់​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ចំនួន​២៥៣​លាន​ដុល្លារ​អាមេរិក​ស្មើនឹង​៥០​ភាគរយ​នៃ​ជំនួយ​សរុប​។ ទឹកប្រាក់​១៤៧​លាន​ដុល្លារ​អាមេរិក​សម្រាប់​ប្រយុទ្ធ​នឹង​ជំងឺគ្រុនចាញ់​ទឹកប្រាក់​ចំនួន​៥០​លាន​ដុល្លា​សម្រាប់​ប្រ​យ​ទ្ធ​នឹង​ជំងឺរបេង​និង​ទឹកប្រាក់​៣២​លាន​ដុល្លារ​អាមេរិក​សម្រាប់​ជួយ​គាំទ្រ​ការអភិវឌ្ឍន៍​ដល់​គម្រោង​កម្មវិធី​ពង្រឹង​ប្រព័ន្ធ​សុខាភិបាល​នៅ​កម្ពុជា​។

សេចក្ដី​ប្រកាស​ព័ត៌មាន​ខាងលើ​បាន​បន្ត​ទៀត​ថា​ បច្ចុប្បន្ន​គម្រោង​កម្មវិធី​ប្រយុទ្ធ​និង​ឆ្លើយតប​នឹង​ជំងឺ​អេដស៍​របស់​មូលនិធិ​សាកល​បាន​គាំទ្រ​ចំណាយ​ហិរញ្ញវត្ថុ​លើ​ការថែទាំ​ព្យាបាល​អ្នកជំងឺ​អេដស៍​ប្រមាណ​៥៨០០០​នាក់​ ជាមួយ​នឹង​ឱសថ​ប្រឆាំង​នឹង​មេរោគ​អេដស៍​ ហើយ​រាជរដ្ឋាភិបាល​បាន​ចូលរួម​ចំណែក​ទិញ​ឱសថ​ប្រឆាំង​នឹង​មេរោគ​អេដស៍​ប្រមាណ​១​លាន​ដុល្លារ​អាមេរិក​ក្នុង​១​ឆ្នាំ​។ ជាក់ស្ដែង​រាជរដ្ឋាភិបាល​បាន​ចូលរួម​ទិញ​ថ្នាំ​ប្រឆាំង​មេរោគ អេដស៍ នៅ​២០១៥-២០១៦-២០១៧​ចំនួន ៣.៧ លាន​ដុល្លារ​អាមេរិក​និង​ថវិកា​ចំណាយ​សម្រាប់​មន្ត្រី​ជាប់កិច្ចសន្យា​ក្នុង​គម្រោង​កម្មវិធី​មូលនិធិ​សាកល ១.៦ ដុល្លារ​អាមេរិក​ផង​ដែរ៕




ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684