ព័ត៍មានទាន់​ហេតុការណ៏
Search

កិច្ចប្រជុំ​មន្ត្រី​សម្របសម្រួល​ ស្ដីពី​កិច្ច​សហ​ប្រតិបត្តិការ​ត្រួតពិនិត្យ​គ្រឿង​ញៀន​ បណ្ដា​ប្រទេស​មហា​អនុ​តំបន់​ទន្លេ​មេគង្គ​

ភ្នំពេញ ៖ កិច្ចប្រជុំ​មន្ត្រី​សម្របសម្រួល​ស្ដីពី​កិច្ចសហប្រតិបត្តិការ​ត្រួត​ពិនិត្យ​គ្រឿងញៀន​បណ្តា​ប្រទេស​មហា​អនុតំបន់​ទន្លេមេគង្គ​ កម្ពុជា​ ចិន​ ឡាវ ថៃ​ ភូមា​​ វៀតណាម បាន​បញ្ចប់​ដោយ​ជោគជ័យ​ និង​ទទួល​បាន​លទ្ធផល​ល្អ កាលពី​ថ្ងៃ​ទី​១៨ ខែ​មករា ឆ្នាំ​២០១៧​។​

លោក​ឧត្ដមសេនីយ៍​ឯក នាក់ យុ​ទ្ធា អគ្គលេខាធិការ​រង នៃ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​បាន​ថ្លែង​ឲ្យ​ដឹង​ថា កិច្ច​ប្រជុំ​បាន​ពិភាក្សា និង​ឯកភាព​គ្នា​សំខាន់​បី​ចំណុច ទី​១​-ឯកភាព​ពី​ស្ថានភាព​គ្រឿង​ញៀន​ក្នុង​តំបន់ត្រីកោណមាស និង​មហា​អនុតំបន់​ទន្លេ​មេគង្គ​ដែល​បានលើកឡើង​ដោយ​អង្គការ​សហប្រជាជាតិ​ទទួលបន្ទុក​គ្រឿងញៀន និង​ឧក្រិដ្ឋកម្ម (UNODC)​។ ទី​២-បាន​ឯកភាព​លើ​សេចក្ដីព្រាង​ផែនការ​សកម្មភាព​ប្រទេស​មហា​អនុតំបន់​ទន្លេ​មេគង្គ​សម្រាប់​ដាក់​ឆ្លង​រដ្ឋមន្ត្រី​ប្រទេស​នីមួយៗ និង​ទី​៣​-ឯកភាព​លើ​សេចក្ដីព្រាង​របៀប​វារៈ ​នៃ​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ និង​មន្ត្រី​ជាន់ខ្ពស់​ស្ដីពី​កិច្ច​សហ​ប្រតិបត្តិការ​ត្រួត​ពិនិត្យ​គ្រឿងញៀន​បណ្ដា​ប្រទេស​ នៃ​មហា​អនុតំបន់​ទន្លេមេគង្គ​ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​ និង​គ្រោង​ប្រារព្ធ​ធ្វើ​នៅ​ខែ​ឧសភា ឆ្នាំ​២០១៧​ខាងមុខ​ ហើយ​ចំ​នឹង​ខួប​ទី​២៥ នៃ​កិច្ច​សហ​ប្រតិបត្តិការ​ត្រួត​ពិនិត្យ​គ្រឿងញៀន​បណ្ដា​ប្រទេស​មហា​អនុតំបន់​ទន្លេ​មេគង្គ​។​

ជាមួយគ្នានេះ កិច្ចប្រជុំ​បានបញ្ចប់​ទៅ​ដោយ​ឈរ​លើ​គោលការណ៍​សាមគ្គីភាព កិច្ចសហការ ភាតរភាព ​និង​សប្បាយរីករាយ​ក្រៃលែង៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114