ព័ត៍មានទាន់​ហេតុការណ៏
Search

សុំ​លុយ​ម្ដាយ​២.០០០​ដុល្លារ​មិនបាន​ គំរាម​សម្លាប់​កូន​ខ្លួនឯង ​រួច​ដុត​ផ្ទះ​ឆេះ​ម៉ត់​

ព្រៃវែង ៖ កូនចិញ្ចឹមរមិលគុណ​ម្នាក់​ សុំ​លុយ​ម្ដាយ២.០០០​ដុល្លារ​មិនបាន​ ​​គំរាម​សម្លាប់​កូន​ខ្លួនឯង​ ហើយ​ដុត​ផ្ទះ​ឆេះ​ម៉ត់​គ្មាន​សល់​។

​ផ្ទះ​ដែល​ត្រូវ​កូនចិញ្ចឹម​ដុត​ឆេះ​ម៉ត់​ខាង​លើ​មាន​ទំហំ៧×៨ម៉ែត្រ ត្រូវបាន​ភ្លើង​ឆាបឆេះ​ម៉ត់ ​បន្សល់ទុក​តែ​ផេះ ​និង​ជណ្ដើរ​។ ការដុតនេះកើតឡើង ​បន្ទាប់ពី​កូនចិញ្ចឹមនោះ ​សុំ​លុយ​ពី​ម្ដាយចំនួន២.០០០ដុល្លារ​មិនបាន​ ក៏​គំរាម​សម្លាប់​កូន​ខ្លួនឯង ​ហើយក៏បាន​ដុត​ផ្ទះ​ឆេះ​គ្មាន​សល់ ​រួច​​រត់​គេចខ្លួនបាត់​។​

ហេតុការណ៍ខាងលើ​នេះបាន​បង្ក​ភាព​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង២២​និង៣០​នាទី​យប់ ថ្ងៃ​ទី១៩ ខែ​មករា ឆ្នាំ​២០១៧ នៅ​ចំណុច​ភូមិ​ពិ​លា​ ឃុំ​កំពង់​សឹង ស្រុក​ព្រះស្ដេច ខេត្ត​ព្រៃវែង ដែល​ជនរងគ្រោះ​ជា​ម្ចាស់ផ្ទះ​ឈ្មោះ ផាន់ ហ៊​ន ភេទ​ស្រី​ អាយុ​៧៣​ឆ្នាំ រស់នៅ​ភូមិ​កើតហេតុ ឯ​ផ្ទះ​របស់​គាត់១​ខ្នង សង់​ពី​ឈើ​ប្រក់​ក្បឿង ជញ្ជាំង​ដែក​ទំហំ​ទំហំ៧×៨ម៉ែត្រ រង​ការខូចខាត​ទាំងស្រុង បើ​សរុប​ជា​ថវិកា​ចំនួន​៣៥​លាន​រៀល។

ដោយឡែក​ ជនសង្ស័យ​ដែលជា​កូនចិញ្ចឹម​ ឈ្មោះ កែវ សូ​នី ភេទ​ប្រុស​ អាយុ២៧​ឆ្នាំ រស់នៅ​ភូមិ/​ឃុំ​ជា​មួយ បាន​រត់​គេចខ្លួនបាត់​ក្រោយពេល​កើត​ហេតុ។​

លោក​ឧត្ដមសេនីយ៍ទោ ស្រេង ជា ស្នងការ​ខេត្ត​ព្រៃវែង​បាន​ឲ្យ​ដឹង​ថា មូល​ហេតុ​ដែល​បណ្ដាល​ឲ្យ​កូន​ចិញ្ចឹម​ដុត​ផ្ទះ​បែបនេះ ​គឺ​មកពី​សុំ​លុយ​ម្តាយចិញ្ចឹម​២.០០០​ដុល្លារ​​ គាត់​មិន​ឲ្យ ហើយ​នៅវេលា​ម៉ោង១៩និង​០០​នាទី ថ្ងៃទី១៩ ខែមករា​នេះ​ បាន​គំរាម​ដុត​ផ្ទះ និង​គំរាម​សម្លាប់​កូន​របស់​ខ្លួនឯង​ទៀត​ផង។ ក្រោយមក​ក៏​ដុត​មែន​ បច្ចុប្បន្ន​ជនសង្ស័យ​គេចខ្លួនបាត់ សមត្ថកិច្ច​កំពុង​កសាង​នីតិវិធី​តាម​ចាប់​យក​មក​ផ្ដន្ទាទោស​តាមច្បាប់​៕​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114