ព័ត៍មានទាន់​ហេតុការណ៏
Search

សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ស្នើ​ឲ្យ​ស្វីស​ជំរុញ​ទំហំ​ពាណិជ្ជកម្ម​ជាមួយ​កម្ពុជា​ឲ្យ​កាន់តែ​ធំ​

ភ្នំពេញ ៖ នៅ​រសៀល​ម៉ោង​៤និង៣០​នាទី ថ្ងៃទី ១៩ ខែមករា ឆ្នាំ ២០១៧ ក្នុង​ការ​ស្នាក់នៅ​ទីក្រុង​ដា​វូ​ស ប្រទេស ស្វី​ស សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​អញ្ជើញ​ជួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ​ទ្វេភាគី​ជាមួយ​លោកស្រី Doris Leuthard ប្រធានាធិបតី​នៃ​សហព័ន្ធ​ស្វីស។

លោកស្រី​ប្រធានាធិបតី​ស្វីស​រីករាយ​ស្វាគមន៍ សម្ដេច​តេ​ជោ និង កោតសរសើរ​ដល់​ការ​រីកចម្រើន​របស់​ក​ម្ពុ​ជា ។ លោកស្រី​ទទួលស្គាល់​អំពី​ការ​ប្រឹងប្រែង​របស់​សម្ដេច​តេជោ​ ដែល​បាន​ចេញ​ជាល​ទ្ឋ​ផល​ផ្លែផ្កា​ល្អ​មកទល់​សព្វ​ថ្ងៃនេះ។

សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​អរគុណ​រដ្ឋាភិបាល​ស្វីស​ដែល​បាន​ជួយ និង ផ្តល់​ជំនួយ​ដល់​កម្ពុជា​កន្លង​មក​រួម​ទាំង​ជំនួយ​ផ្នែក​ដោះមីន សុខាភិបាល និង ជំនួយ​ផ្នែក​តុលាការ​កាត់ក្ដី​ខ្មែរក្រហម ។ សម្ដេចតេជោ​បាន​ស្នើ​ឲ្យ​ស្វីស​ពង្រីក​ទំហំ​ពាណិជ្ជកម្ម​នៃ​ប្រទេស​ទាំងពីរ​ ដែល​សព្វថ្ងៃ​មាន​ប្រមាណ​ជាង ៣០​លាន​ដុល្លារ​អាមេរិក​ឲ្យ​មាន​ទំហំ​ធំ​ឡើង។ ក្រុមការងារ​នៃ​ប្រទេស​ទាំងពីរ​នឹង​បន្ត​ពិភាក្សា​គ្នា​ជាពិសេស​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ក្រៅ​ប្រទេស (FTA) នៃ​ប្រទេស​ទាំងពីរ និង​ខិតខំ​ជំរុញ​ឲ្យ​វិស័យ​ឯកជន​ចូលរួម​ឲ្យ​បាន​ច្រើន​ឡើង ​ដូចជា​ការ​នាំ​ផលិតផល​ស្វីស​ដែល​មាន​គុណភាព​ចូល​កម្ពុជា និង នាំ​ផលិតផល​កម្ពុជា​ដូចជា​អង្ករ​ចេញ​មក​ប្រទេស​ស្វីស។

សម្ដេច​តេជោ​បាន​បន្ត​ថា​ ទីផ្សារ​កម្ពុជា​មិនមែន​តែ ១៥ លាន​នាក់​ទេ​ គឺ​សម្រាប់​ទីផ្សារ​អាស៊ាន​ដែល​មាន​ចំនួន​ប្រជាពលរដ្ឋ​ប្រមាណ ៦០០ លាន​នាក់។ សព្វ​ថ្ងៃនេះ​កម្ពុជា​មាន​ទីផ្សារ​ដូចជា​នៅ​អឺរ៉ុប អាមេរិក ចិន កូរ៉េខាងត្បូង ។​ល​។ ដែល​សរុប​ជា​ទឹកប្រាក់​ប្រមាណ​១២​ពាន់​លាន​ដុល្លារ។

សម្ដេច​តេ​ជោ ហ៊ុន សែន ទទួលស្គាល់​និង​អរគុណ​ដល់​លោក​វេជ្ជបណ្ឌិត Richner ដែល​បាន​ចូលរួម​យ៉ាងសកម្ម​ក្នុង​ការ​លើក​កម្ពស់​វិស័យ​សុខាភិបាល​នៅ​កម្ពុជា​ជាពិសេស​ក្រោម​ការ​គាំទ្រ​ពី​លោកស្រី​ប្រ​ធា នា​ធិបតី ។ នេះ​ជា​ទឹកចិត្ត​នៃ​បេះដូង​របស់​ប្រជាពលរដ្ឋ​ស្វី​ស​ចំពោះ​ប្រជាពលរដ្ឋ​កម្ពុជា ។ រាជរដ្ឋាភិបាល​កម្ពុជា​បាន​កាត់​ថវិកា​ចំនួន ២ ដុល្លារ​ក្នុង​មួយ​សំបុត្រ​ចូល​ទស្សនា​អង្គរវត្ត​ជួយឧបត្ថម្ភ​បន្ថែម​ដល់​មន្ទីរពេទ្យ​គ​ន្ឋ​បុប្ផា ។ ទន្ទឹម​នឹងនោះ​សម្ដេច​តេ​ជោ​ក៏បាន​អបអរសាទរ​ប្រទេស​ស្វី​ស​ជា​ដៃគូ​សន្ទនា​តាម​វិស័យ​របស់ អាស៊ាន (ASEAN Sectoral Dialogue Partner)​។ សម្ដេច​តេ​ជោ​ក៏បាន​សំណូមពរ​ឲ្យ​ស្វីស​បន្ត​ជួយ​បណ្ដុះបណ្ដាល​ធនធានមនុស្ស នៅ​កម្ពុជា​ជា​បន្ត​ទៀត​។

លោកស្រី​ប្រធានាធិបតី​ស្វីស​បាន​អរគុណ​សម្ដេច​តេ​ជោ​ដែល​បាន​ទទួល​ស្គាល់​គាំទ្រ និង ជួយ​ជា​ថវិកា​ដល់​លោក Richner ដែល​កំពុង​ជួយ​នៅ​ក្នុង​មន្ទីរពេទ្យ​គន្ធបុប្ផា​សព្វថ្ងៃ។ ចំពោះ​មន្ទីរពេទ្យ​គ​ន្ឋ​បុប្ផា​គឺ​រដ្ឋាភិបាល​ស្វីស​បាន​ជួយ​ប្រមាណ ៤ លាន​ដុល្លារ​ជា​រៀងរាល់​ឆ្នាំ និង ២​លាន​ដុល្លារ​ជួយ​មន្ទីរពេទ្យ​គាំពារ​ស្ត្រី​មាតាបិតា ។ លោកស្រី​នឹង​ជំរុញ​ទេសចរណ៍​ស្វីស​ឲ្យ​ទៅ​ទស្សនា​កម្ពុជា​ឲ្យ​បាន​ច្រើន​ឡើង​ថែមទៀត។ ប្រទេស​ស្វីស​នឹង​បន្ត​ជួយ​ក្នុង​ការ​ពង្រឹង​សន្តិសុខ​ស្បៀង​ដល់​កសិករ ដោយ​ជំរុញ​ឲ្យកសិករ​ខ្មែរ​ដាំ​ដំណាំ​ផ្សេងៗ​បន្ថែម​ក្រៅពី​ស្រូវ ។ ទន្ទឹម​នឹង​នោះ​ដែរ​គឺ គឺ​រដ្ឋាភិបាល​
ស្វីស​នឹង​បន្ត​ជួយ​ពង្រឹង​សមត្ថភាព​តួនាទី​របស់​សភា​កម្ពុជា​តាម​ការ​ស្នើសុំ។

នៅ​ក្នុង​កិច្ចពិភាក្សា​ទ្វេភាគី​ថ្ងៃនេះ​ក្នុងនាម​ព្រះមហាក្សត្រ​កម្ពុជា សម្ដេច​តេ​ជោ ហ៊ុន សែន បាន​អញ្ជើញ​លោកស្រី​ប្រធានាធិបតី​ស្វីស​មក​ទស្សនកិច្ច​កម្ពុជា​នៅ​ពេល​វេលា​ដ៏​សមរម្យ​មួយ និង ស្នើ​ឲ្យ​លោកស្រី​ជួយ​ជំរុញ​អ្នកវិនិយោគទុន​ស្វីស​មក​ចូលរួម​នៅ​ក្នុង​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​ស្តីពី​អាស៊ាន ដែល​នឹង​ធ្វើ​នៅ​កម្ពុជា​នៅ ខែ ឧសភា ឆ្នាំ ២០១៧ ខាងមុខនេះ​ផងដែរ ។ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី និង​លោកស្រី​ប្រធានាធិបតី​ស្វី​សគឺ​បាន​ពង្រឹង​នូវ​ចំណងមិត្តភាព​និង​សហប្រតិបត្តិ​ការ​ល្អប្រសើរ​ទ្វេ​ឡើង ដែល​នាំមក​នូវ​ផល ប្រយោជន៍​សម្រាប់​ប្រជាជាតិ​នៃ​ប្រទេស​ទាំងពីរ​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684